(ភ្នំពេញ)៖ លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៧នេះ ដឹកនាំរៀបចំវេទិកាមួយដើម្បីផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី២។
ពិធីដែលបានរៀបចំឡើងនៅភោជនីយដ្ឋាន AWJ នេះក៏មានការចូលរួមពី លោក អៀង អូននី អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ជា ជាតិ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងក្រុមការងារថ្នាក់ជាតិចុះជួយខណ្ឌដូនពេញ លោក លោកស្រី សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ ព្រមទាំងថ្នាក់ដឹកនាំ មន្ដ្រីពាក់ព័ន្ធ ប្រជាពលរដ្ឋ សរុបចំនួន៤៦៥នាក់។
ក្នុងនោះ វេទិកាបានទទួលសំណួរជាលាយលក្ខអក្សរ ចំនួន៥២សំណួរ និងសំណួរផ្ទាល់មាត់ចំនួន០៩នាក់ ហើយអង្គវេទិកាបានអនុញ្ញាតឲ្យលោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ ធ្វើការឆ្លើយតបបំភ្លឺនូវសំណួរ សំណូមពរ និងមតិយោបល់ផ្ទាល់មាត់ របស់បងប្អូនប្រជាពលរដ្ឋគ្រប់បញ្ហា ដែលបានលើកឡើងទាក់ទងមូលដ្ឋានខណ្ឌ និងបានលើកសំណើរផ្ទាល់ ដល់រដ្ឋបាលរាជធានីភ្នំពេញផងដែរ៕