(បារាំង)៖ លោក ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូយុវជនជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Michel Herbillon សមាជិកសភា អនុប្រធានគណៈកម្មការកិច្ចការអន្តរជាតិ និងជាប្រធានក្រុមមិត្តភាព កម្ពុជា-បារាំង របស់រដ្ឋសភាបារាំង នៅទីក្រុងប៉ារីស ប្រទេសបារាំង នាចុងសប្តាហ៍កន្លងទៅនេះ។

ក្នុងជំនួបនោះលោក ហ៊ុន ម៉ាណែត បានសម្តែងក្តីរីករាយ និងថ្លែងអំណរគុណដល់ភាគីបារាំង ដែលតែងមានសហការល្អ និងតែងមានទំនាក់ល្អជាមួយប្រទេសកម្ពុជាលើគ្រប់វិស័យ។

លោក ហ៊ុន ម៉ាណែត បានស្នើដល់លោក Michel Herbillon ឲ្យជួយសហការល្អជាមួយប្រជាពលរដ្ឋកម្ពុជា ដែលកំពុងរស់នៅប្រទេសបារាំង បើមានបញ្ហាសូមជួយឱ្យពួកគេទៅជួយមន្ត្រីស្ថានទូតកម្ពុជា ប្រចាំនៅប្រទេសបារាំង ដើម្បីអន្តរាគមន៍ឱ្យបានទាន់ពេលវេលា។

ក្នុងជំនួបនោះផងដែរលោក ហ៊ុន ម៉ាណែត បានអញ្ជើញលោក Michel Herbillon មកទស្សនកិច្ចនៅប្រទេសកម្ពុជាផងដែរ។ ជាការឆ្លើយតបលោក Michel Herbillon បានគាំទ្រ និងស្វាគមន៍វត្តមានលោក ហ៊ុន ម៉ាណែត និងគណៈប្រតិភូយុវជនកម្ពុជា ដែលបានបំពេញទស្សនកិច្ចនៅប្រទេសបារាំង និងសន្យាធ្វើកិច្ចសហប្រតិបត្តិល្អបន្ថែមទៀត ជាមួយប្រទេសកម្ពុជា។

សូមបញ្ជាក់ថា ក្នុងរយៈពេលជាច្រើនថ្ងៃមកនេះ លោក ហ៊ុន ម៉ាណែត បានដឹកនាំក្រុមការងារទៅទស្សនកិច្ច នៅតាមប្រទេសមួយចំនួន ក្នុងតំបន់អឺរ៉ុប ដើម្បីចុះសួរសុខទុក្ខដោយផ្ទាល់ និងជាពិសេសលើកឡើងពីស្ថានការណ៍ទូទៅ ព្រមទាំងការរីកចម្រើ​នរប​ស់ស្រុកទេស ទៅកាន់បងប្អូនប្រជាពលរដ្ឋនៅក្រៅប្រទេសទាំងនេះ៕