(ភ្នំពេញ)៖ ក្រុមអ្នកខ្លាហានកណ្តាលរាត្រី២ក្រុម មានគ្នាចំនួន៩នាក់ បានបើកឆាកប្រយុទ្ធគ្នា ដូចក្នុងរឿងចិនហុងកុង បណ្តាលឲ្យរងរបួសធ្ងន់-ស្រាល ទាំងសងខាង ជាលទ្ធផល ត្រូវបានជាប់ខ្នោះរបស់សមត្ថកិច្ចទាំងអស់។

ហេតុការណ៍វាយប្រហាគ្នាខាងលើនេះ បានកើតឡើងកាលពីម៉ោង០៤៖៣៥នាទីទាបភ្លឺថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៧ នៅចំណុចផ្ទះលក់បាយមួយកន្លែង ស្ថិតតាមបណ្តោយផ្លូវលេខ១០១១កែង និងផ្លូវលេខ១៩៨៦ ខាងលិចមន្ទីរពេទ្យសែនសុខ ក្នុងភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

អ្នកខ្លាហានទាំង៩នាក់ ដែលសមត្ថកិច្ចចាប់ខ្លួនបានទាំងពីក្រុម ដោយក្នុងនោះមួយក្រុមមានគ្នា៣នាក់ និងមួយក្រុមទៀតមានគ្នា៦នាក់។

មន្រ្តីនគរបាលខណ្ឌសែនសុខ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៧នេះថា ក្រុមទី១មានគ្នា៦នាក់ រួមមាន ទី១៖ ឈ្មោះ វី ជិន ភេទប្រុស អាយុ១៩ឆ្នាំ ទី២៖ ឈ្មោះ ជីម ឆក ភេទប្រុស អាយុ២៤ឆ្នាំ ទី៣៖ ឈ្មោះ ឆន ឡី ភេទប្រុស អាយុ២៣ឆ្នាំ ទី៤៖ ឈ្មោះ កុង វណ្ណះ ភេទប្រុស អាយុ២៦ឆ្នាំ ទី៥៖ ឈ្មោះ ផាន ចន្ធី ភេទប្រុស អាយុ១៨ឆ្នាំ ទី៦៖ ឈ្មោះ លាស់ បូរី ភេទប្រុស អាយុ២៨ឆ្នាំ អ្នកទាំង៦នេះ ធ្វើការនៅក្នុងស៊ូបក្លឹប តាមផ្លូវ១៩៨៦ ក្នុងចំណោម៦នាក់នេះ មាន៣នាក់រងរបួសធ្ងន់។ ក្រុមទី២ មានគ្នា៣នាក់ រួមមាន ទី១៖ ឈ្មោះ មាន ប៊ុនរ័ត្ន ភេទប្រុស អាយុ២៧ឆ្នាំ ទី២៖ ឈ្មោះ នួន ឡូរ៉ា ២៥ឆ្នាំ ទី៣៖ ឈ្មោះ រ៉ា វត្ថា ភេទប្រុស អាយុ២២ឆ្នាំ អ្នកទាំង៣នេះ ធ្វើការនៅក្នុងខារ៉ាអូខេ សំរិទ្ធពេជ្រ។

នគរបាលប៉ុស្តិ៍គោកឃ្លាង បានឲ្យដឹងថា មុននិងឃាត់ខ្លួនក្រុមក្មេងស្ទាវៗទាំង៩នាក់ខាងលើ គឺបន្ទាប់ពីមានប្រជាពលរដ្ឋបានរាយការណ៍មកថា ក្រុមនេះបានវាយគ្នាទៅវិញទៅមក បង្កការភ្ញាក់ផ្អើល និងបង្កភាពអាណាធិបតេយ្យ ទើបលោកបានបញ្ជាកម្លាំងចុះដល់កន្លែងកើតហេតុ ឃាត់ខ្លួនពួកគេតែម្តង។ លោកនាយប៉ុស្តិ៍ បានបញ្ជាក់ថា មូលហេតុដែលនាំឲ្យកើតជាជម្លោះវាយគ្នាទៅវិញ ទៅមកបណ្តាលឲ្យមានអ្នករបួសនេះ អាចជារឿងគំគួនគ្នាពីមុនមក។

តាមប្រភពពីភាគីមានគ្នា៦នាក់ បានឲ្យដឹងថា មុនពេលកើតហេតុ​ក្រុមខ្លួន បានចេញពីក្លឹបដើរទៅហូបបាយ នៅចំណុចខាងលើ ពេលកំពង់អង្គុយហូបបាយ ស្រាប់តែមានភាគីម្ខាងទៀត ដែលមាន៣នាក់ ចូលមកហូបបាយដែល ពេលហូបរួចក្រុមនោះក៏ស្ទុះមកវាយលើក្រុមខ្លួន បណ្តាលឲ្យមានអ្នករបួសធ្ងន់ស្រាលតែម្តង។

ដោយឡែកភាគីទី២ ដែលមានគ្នា៣នាក់វិញ បានឆ្លើយប្រាប់សមត្ថកិច្ចថា ក្រុមខ្លួនមិនបានទៅវាយភាគី៦នាក់នោះមុនទេ គឺខាង៦នាក់នោះ មកវាយក្រុមខ្លួនមុន៕