(ព្រះសីហនុ)៖ ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា និងពិធីបំពាក់ឋានន្តរស័ក្តិ ជូនមន្រ្តីនគរបាលជាតិចំនួន១០៨នាក់ ដែលចំណុះឲ្យស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧នេះ ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានប្រាប់ទៅមន្ដ្រីក្រោមឱវាទទាំងអស់ត្រូវបំពេញការងារឲ្យបានល្អ និងគោរពវិន័យ គោរពតាមការណែនាំ និងផែនការរបស់ថ្នាក់លើតាមឋានានុក្រម ក្នុងពេលបំពេញការងារ ត្រូវមានវិន័យសីលធម៌ វិជ្ជាជីវៈ ឈរលើគោលការណ៍ច្បាប់ និងមិនត្រូវធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ។
យ៉ាងណាមិញ ពាក់ព័ន្ធជាមួយការងារប្រចាំខែកញ្ញាកន្លងទៅនេះ បទល្មើសព្រហ្មទណ្ឌ កើតឡើងចំនួន៥លើក (ប្រៀបធៀបនឹងខែមុនថយចុះ៣លើក) ក្នុងនោះបទល្មើសឧក្រិដ្ឋគ្មាន បទល្មើសមជ្ឈឹម កើតឡើង៥លើក។
លទ្ធផលនៃកិច្ចប្រតិបត្តិការ បង្ក្រាបបទល្មើសមជ្ឈឹម បានចំនួន៥ករណី ឃាត់ខ្លួនជនសង្ស័យ៧នាក់ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង។ គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន១៨លើក បណ្តាលឲ្យស្លាប់មនុស្សចំនួន១១នាក់ របួសធ្ងន់ចំនួន២១នាក់។
បន្ទាប់ពីស្ដាប់របាយការណ៍ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបំពាក់ឋានន្តរស័ក្តិជូនមន្រ្តីនគរបាលជាតិផងដែរ តាមប្រកាសរបស់ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ចំនួន១០៨នាក់ ថ្នាក់វរសេនីយ៍ទោចំនួន៤នាក់, ថ្នាក់វរសេនីយ៍ត្រី១១នាក់, ថ្នាក់អនុសេនីយ៍ឯកចំនួន៣៨នាក់, ថ្នាក់អនុសេនីយ៍ទោចំនួន៤៨នាក់, ថ្នាក់អនុសេនីយ៍ត្រីចំនួន៤នាក់, ព្រិន្ទបាលឯកចំនួន៣នាក់ និងតែងតាំងមុខតំណែងចំនួន១៦នាក់។
បន្ថែមពីនេះ លោកឧត្តមសេនីយ៍ស្នងការ ក៏បានអំណរគុណដល់បងប្អូនសហការីទាំងអស់ ដែលបានរួមគ្នាបំពេញភារកិច្ចកន្លងមកបានល្អប្រសើរ៕