(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៧ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក ហេង កេសរោ បានសម្រេចចេញដីការឃុំខ្លួនបុរសម្នាក់ ជាបុគ្គលិកក្រុមហ៊ុនមួយ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ពាក់ពីបទរំលោភទំនុកចិត្ត។
មន្រ្តីតុលាការបានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឲ្យដឹងថា បុគ្គលិកក្រុមហ៊ុនរូបនោះឈ្មោះ ភេ សុភ័ក្រ អាយុ៤១ឆ្នាំ មានទីលំនៅផ្ទះលេខC១ ផ្លូវលេខ២១១ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
ទាក់ទិន នឹងការឃុំខ្លួនបុគ្គលិកក្រុមហ៊ុនមួយនេះ ត្រូវបានសមត្ថកិច្ចដឹងថា នៅវេលាម៉ោង១០៖៣០នាទី ព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០១៧ កម្លាំងកម្លាំងការិល័យជំនាញបទល្មើសព្រហ្មទណ្ឌ នៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួន ចុះថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ របស់លោក ហេង កេសរោ ចៅក្រមស៊ើបសួរបានចាប់ខ្លួនឈ្មោះ ភេ សុភ័ក្រ នៅចំណុចហាងកាហ្វេមួយក្នុងស្ថានីយ៍ប្រេងឥន្ទនៈតេលា ស្ថិតនៅតាមបណ្តាយផ្លូវជាតិ៦អា សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
ក្រោយពីចាប់ខ្លួននារសៀលថ្ងៃដដែល កម្លាំងកងរាជអាវុធហត្ថ បានបញ្ជូនជនជាប់សង្ស័យរូបនោះ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ និងបានប្រគល់ជូនទៅចៅក្រមស៊ើបសួរ ដើម្បីបន្តនីតិវិធី។ បន្ទាប់ពីសាកសួរ ចៅក្រមស៊ើបសួរបានសម្រេចចេញដីកា ឲ្យសមត្តកិច្ចនាំជនសង្ស័យទៅឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្នក្រោមបទ «រំលោភទំនុកចិត្ត»៕