(ព្រះសីហនុ)៖ កម្លាំងនគរបាលខេត្តព្រះសីហនុ បានឃាត់ខ្លួនបុរសម្នាក់ ក្រោយឆែកឃើញអាវុធខ្លីមួយដើម ដែលលាក់ទុកដោយខុសច្បាប់ នៅយប់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៧នេះ នៅតាមផ្លូវតោ២ ស្ថិតក្នុងក្រុមទី១៥ ភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។
ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានប្រាប់អង្គភាព Fresh News នៅព្រឹកនេះថា កម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ សហកាជាមួយកម្លាំងនគរបាល ប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ៤ បានធ្វើការឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ទេព កវិន្រ្ទា ហៅឆាយ អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅក្រុម១៦ ភូមិ២ សង្កាត់អូរឡាំពិក ខណ្ឌចំកាមន ពីបទកាន់កាប់រក្សាទុក និងប្រើប្រាស់អាវុធដោយខុសច្បាប់។
អាវុធខ្លីមួយដើម ដែលកម្លាំងនគរបាលជំនាញរបស់លោក ដកហូតបាននោះ ម៉ាក K59 ឈូសលេខ បង់១ និងគ្រាប់១គ្រាប់។
បើតាមលោកស្នងការ ជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងជំនាញកំពុងស្រាវជ្រាវ កំណត់សកម្មភាពបន្ថែមជាមួយបណ្ដាស្នងការរាជធានី-ខេត្ត ដើម្បីចាត់បន្ដតាមច្បាប់៕