(សៀមរាប)៖ ភ្លៀងមួយមេធំ រួមនឹងខ្យល់បក់បោកយ៉ាងខ្លាំង បានធ្វើឲ្យដើមឈើជាច្រើនដើម នៅក្នុងបរិវេណនៃរមណីយដ្ឋានតំបន់អង្គរដួលរលំ។ គិតត្រឹមថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៧នេះ មន្ត្រីជំនាញ កំពុងរៀបចំកាត់សម្អាតចេញ ដើម្បីកុំឲ្យមានបញ្ហាស្ទះចរាចរ និងប៉ះពាល់ដល់រចនាសម្ព័ន្ធប្រាសាទថែមទៀត។

តាមរបាយការណ៍ របស់នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន នៃអាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា «ដើមឈើដែលបានរលំដួល ដោយភ្លៀងលាយខ្យល់នេះ មាននៅ៥ទីតាំងសំខាន់ៗ គឺនៅប្រាសាទតាព្រហ្មបាក់ដើមត្រាង១ដើម, ប្រាសាទព្រះខ័នបាក់ដើមស្រឡៅ១ដើម, ប្រាសាទភិមានអាកាសបាក់ដើមស្ពង់១ដើម, ខាងលិចប្រាសាទអង្គរវត្តរលំដើមចាមរី១ដើម, និងក្នុងបរិវេណប្រាសាទអង្គរវត្តរលំដើមសង្កែ៥ដើម និងដើមក្ងោក១ដើម»

ជាមួយគ្នានេះដែរ អាជ្ញាធរជាតិអប្សរា សូមអំពាវនាវដល់សាធារណជន និងភ្ញៀវទេសចរទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងដំណើរកម្សាន្តរបស់ខ្លួន ជាពិសេស ពេលមានភ្លៀងធ្លាក់ខ្លាំង សូមនៅឲ្យឆ្ងាយពីដើមឈើធំៗ ដើម្បីការពារគ្រោះថ្នាក់ជាយថាហេតុណាមួយ។

ម្យ៉ាងទៀត សូមប្រជាពលរដ្ឋជួយផ្តល់ដំណឹងដល់ក្រុមការងារ ក្នុងករណីប្រទះឃើញដើមឈើដែលមានគ្រោះថ្នាក់ អាចបាក់ធ្លាក់ប៉ះពាល់ដល់សុត្ថិភាពរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ដើម្បីឲ្យក្រុមការងារអាចទៅកាត់ក្រីទាន់ពេលវេលាបាន៕