(ឧត្តរមានជ័យ)៖ លោក គន់ គីម សមាជិកគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយខេត្តឧត្តរមានជ័យ បានថ្លែងជំរុញឲ្យក្រុមការងារ និងសមាជិក សមាជិកាទាំងអស់ ត្រូវបង្កើនការគិតគូរពីសុខទុក្ខ និងជីវភាពរបស់ប្រជាពលរដ្ឋ។ លោក គន់ គីម បានស្នើដល់សមាជិក សមាជិកា និងក្រុមការងារត្រូវចាត់ទុកសុខទុក្ខរបស់ប្រជាពលរដ្ឋ គឺជាសុខទុក្ខរបស់ខ្លួនឯង ទើបការបម្រើមានប្រសិទ្ធភាពខ្ពស់។

ការថ្លែងជំរុញរបស់លោក គន់ គីម បានធ្វើឡើងនាព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៧នេះ ក្នុងពេលអញ្ជើញប្រជុំ បូកសរុបលទ្ធផលការងាររបស់គណបក្សក្នុងខេត្តឧត្តរមានជ័យ។

លោក គន់ គីម បានថ្លែងថា «យើងត្រូវដឹងថា ទុក្ខលំបាករបស់ប្រជាពលរដ្ឋគ្មាននរណាដោះស្រាយក្រៅពីពួកយើងនោះទេ។ ដូច្នេះពួកយើងត្រូវប្រឹងប្រែងជួយពួកគាត់ឲ្យអស់ពីលទ្ធភាព យើងត្រូវបន្តយកចិត្តទុកដាក់ និងបន្តចុះជួបផ្ទាល់ស្វែងយល់ពីសុខទុក្ខរបស់គាត់ និងរកវិធីជួយដោះស្រាយការលំបាករបស់ពួកគាត់ឲ្យមានប្រសិទ្ធភាពខ្ពស់បំផុត»

បើទោះបីជាយ៉ាងណាលោក គន់ គីម ដល់ក្រុមការងារ និងសមាជិក សមាជិកាបក្សទាំងអស់ ដែលបានខិតខំបំពេញការងារនាពេលកន្លងមក ដើម្បីសម្រេចជាប្រយោជន៍ជូនដល់ប្រជាពលរដ្ឋ។

ក្នុងកិច្ចប្រជុំនោះមន្រ្តីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជារូបនេះ ក៏មិនភ្លេចណែនាំឲ្យសមាជិករបស់ខ្លួនចុះអប់រំ និងណែនាំឲ្យប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោត ដើម្បីត្រៀមបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនាឆ្នាំ២០១៨ផងដែរ៕