(ភ្នំពេញ)៖ ស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងទេសចរណ៍តែងតែលើកទឹកចិត្តដល់ម្ចាស់អាជីវកម្មទេសចរណ៍ សណ្ឋាគារ ភោជនីយដ្ឋាន រមណីយដ្ឋានទេសចរណ៍នានាចូលរួមប្រើប្រាស់ផលិតផល និងសម្ភារបរិក្ខារដែលផលិតនៅក្នុងស្រុក និងចូលរួមបណ្ដុះបណ្ដាលវិជ្ជាជីវៈបុគ្គលិកដែលជាពលរដ្ឋខ្មែរ ពិសេសត្រូវចូលរួមអនុវត្តន៍តាមស្ដង់ដារបច្ចេកទេសជាសំខាន់។

ជាក់ស្ដែងក្នុងឱកាសអញ្ជើញសម្ពោធភោជនីយដ្ឋាន LITTLE SHEEP CAMBODIA របស់ក្រុមហ៊ុន HGB FOOD INDUSTRY នាថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៧ លោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ ក្នុងនាមតំណាងលោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកទឹកចិត្ត និងស្នើឲ្យគណៈគ្រប់គ្រងភោជនីយដ្ឋានដ៏ធំនេះ ដែលមានលោកឧកញ៉ា ង៉ូវ លាងហួត ជាអគ្គនាយកក្រុមហ៊ុន HGB FOOD INDUSTRY អនុវត្តឲ្យបាននូវគោលដៅខាងលើឲ្យបានខ្ជាប់ខ្ជួន។

លោករដ្ឋលេខាធិការ ប៉ាក់ សុខុម បានលើកឡើងថា ការវិនិយោគដោយផ្ទាល់ក្នុងវិស័យទេសចរណ៍ បានបង្កើតឱកាសការងារដល់ប្រជាពលរដ្ឋខ្មែរ ក៏ដូចជាជួយលើកតម្កើង និងគាំទ្រប្រើប្រាស់ផលិតផលក្នុងស្រុក តាមរយៈការបង្ហាញផ្ទះបាយប្រពៃណី និងគ្រឿងបរិក្ខារកសិកម្ម ដែលប្រជាពលរដ្ឋខ្មែរនៅតាមជនបទប្រើប្រាស់សម្រាប់ធ្វើការបង្កបង្កើនផល។

លោកបន្តថា ផ្ដើមចេញពីនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កម្ពុជាមានសុខសន្តិភាពពេញលេញ និងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះវិស័យទេសចរណ៍កម្ពុជាដែលជាទេសចរណ៍វប្បធម៌ និងធម្មជាតិ ត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជាមាសបៃតង ដោយបាននឹងកំពុងបោះជំហានរីកចម្រើនជាលំដាប់ ដោយរក្សាបាននូវកំណើនជារៀងរាល់ឆ្នាំ រួមចំណែកប្រមាណ ១២% នៃផលិតផលក្នុងស្រុកសរុប និងផ្តល់ការងារដោយផ្ទាល់ប្រមាណជាង៦២ម៉ឺននាក់ និងដោយប្រយោលជាច្រើនម៉ឺននាក់បន្ថែមទៀត។

លោកបានផ្ដល់នូវអនុសាសន៍ណែនាំ៤ចំណុច ដល់ក្រុមហ៊ុន អេចជីប៊ី ហ៊្វូត អ៊ិនដាសស្ទ្រី ជាពិសេសភោជនីយដ្ឋាន LITTLE SHEEP HOT POT រួមមាន៖
ទី១៖ ក្រុមហ៊ុន អេចជីប៊ី ហ៊្វូត អ៊ិនដាសស្ទ្រី ត្រូវស្នើសុំចំណាត់ថ្នាក់ភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍។
ទី២៖ ត្រូវត្រៀមចូលរួមប្រឡងប្រណាំង «ពានរង្វាន់សម្ដេចតេជោនាយករដ្ឋមន្ត្រី សម្រាប់ធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍» ដែលមានប្រភេទរង្វាន់។
ទី៣៖ គាំទ្រការប្រើប្រាស់ផលិតផលក្នុងស្រុក តាមរយៈការប្រើប្រាស់សម្ភារៈ បន្លែ ត្រី សាច់ គ្រឿងទេស ដែលផលិតក្នងស្រុក។
ទី៤៖ ចូលរួមបណ្ដុះបណ្ដាលវិជ្ជាជីវៈដល់បុគ្គលិកដែលជាជនជាតិខ្មែរ តាមយន្តការ In House Training និងចូលរួមជំរុញឱ្យបុគ្គលិកក្នុងក្រុមហ៊ុន អេចជីប៊ី ហ៊្វូត អ៊ិនដាសស្ទ្រី ចុះឈ្មោះទទួលការវាយតម្លៃជាអ្នកជំនាញទេសចរណ៍។

បើតាមលោក ប៉ាក់ សុខុម ក្នុងឆ្នាំ២០១៦ កម្ពុជាទទួលបានទេសចរអន្តរជាតិជាង ៥លាននាក់ ក្នុងកំណើន ៥% ក្នុងនោះទេសចរអន្ដរជាតិមានចំនួនប្រមាណ ២.៦លាននាក់ ក្នុងកំណើន ១២.៥% ក្នុងរយៈពេល៦ខែ ឆ្នាំ២០១៧នេះ។ តាមការព្យាករណ៍ កម្ពុជានឹងទទួលបានទេសចរអន្តរជាតិប្រមាណ ៥.៤លាននាក់ នៅឆ្នាំ២០១៧ និងប្រមាណ៧លាននាក់ នៅឆ្នាំ២០២០។

សូមជម្រាបថា ក្រុមហ៊ុន អេចជីប៊ី ហ៊្វូត អ៊ិនដាសស្ទ្រី ដែលទទួលបានសិទ្ធិពីក្រុមហ៊ុន YUM CHINA GROUP មានចំនួន ១សាខា (ក្នុងរាជធានីភ្នំពេញ) ដោយបានស្រូបយកបុគ្គលិកបម្រើការងារសរុបប្រមាណជា ៤៥នាក់៕