(ភ្នំពេញ)៖ លោកសោម សាខន អគ្គនាយកក្រុមហ៊ុន សុវណ្ណ ដារ៉ា ហ្វាយនែន បានចែករំលែក នូវជំហានទាំង៤សំខាន់ៗ ទៅកាន់អាជីវករមួយចំនួន ដែលចង់ដឹងគន្លឹះសំខាន់ ដើម្បីទទួលបានផលជោគជ័យ ។

លោកអគ្គនាយករូបនេះ បានថ្លែងប្រាប់អង្គភាពFresh news នៅថ្ងៃទី០៣​តុលានេះថា ដើម្បីឈានទៅដល់ភាពជោគជ័យ ក្នុងអាជីវកម្មបាន ត្រូវស្គាល់ជំហានអាជីវកម្មធំៗចំនួន៤ គឺ៖

ជំហានទី១៖ ស្គាល់ស្ថានភាព ត្រូវស្គាល់ស្ថានភាពរបស់ខ្លួន ក្នុងពេលបច្ចុប្បន្ន ថាតើស្ថិតនៅលើចំណុចណា ?ទើបតែចាប់ផ្តើម,កំពង់ដំណើរការ ឬស្ថិតក្នុងស្ថានភាពបែបណា? លើជំហានទី១នេះទៀតថា បើមិនស្គាល់ស្ថានភាពរបស់ខ្លួនឯងទេ មិនអាចធ្វើឲ្យអាជីវកម្មរបស់ខ្លួន ទទួលបានលទ្ធផលជោគជ័យឡើយ ។

ជំហានទី២៖ ស្គាល់គោលដៅ បើទោះជាបានស្គាល់ស្ថានភាពអាជីវកម្មរបស់ខ្លួនហើយក្តី ក៍ត្រូវមានមហិច្ឆតា កំណត់ចំណុច ដែលជាទីតាំង ដែលខ្លួនត្រូវទៅ ព្យាយាមឲ្យអស់ពីលទ្ធភាពរបស់ ខ្លួន ដើម្បីយកខាងតែបាន។ លោកអគ្គនាយក បានបង្ហើបត្រង់ចំណុចនេះដែរថាបើ គ្រាន់តែចង់បាន ឬកំណត់គោលដៅ តែមិនព្រមធ្វើ ក៏គ្មានលទ្ធផលដែរ ។

ជំហានទី៣៖ ស្គាល់ផ្លូវត្រូវទៅ, លោកលើកឡើងថា គ្រាន់តែមានមហិច្ឆតា ឬកំណត់គោលដៅ វាមិនគ្រប់គ្រាន់ទេ ត្រូវតែស្គាល់ឲ្យច្បាស់ និងជឿជាក់ ១០០% ថាជាដងផ្លូវ ប្រកបដោយសុត្ថិភាព ដែលអាចធ្វើដំណើរទៅ ដល់គោលដៅបាន ។បើមិនទាន់ច្បាស់ទេ សូមកុំអាលប្រថុយប្រថានអី សូមធ្វើប្រកបដោយភាពជឿជាក់ទើបទទួលបានជោគជ័យ ។

ជំហានទី៤៖ស្គាល់មធ្យោបាយពិតមែន ស្គាល់ផ្លូវដែលត្រូវធ្វើដំណើរមែន ប៉ុន្តែបើមិនដឹងថា តើការធ្វើដំណើរ របស់ខ្លួនតាមមធ្យោបាយ ឬយុទ្ធសាស្ត្រណា ទើបប្រសើរ ហើយឆាប់ទៅដល់គោល ដៅរបស់ខ្លួននោះ ក៏មិនបានជោគជ័យដែរ។

លោកអគ្គនាយករូបនេះ បានរំលឹកផងដែរថា បើស្គាល់ជំហានសំខាន់ទាំង៤នេះហើយ ប្រើប្រាស់វាដោយភាពវៃឆ្លាត ទើបឆាប់បានជោគជ័យ លើអាជីវកម្មរបស់ខ្លួន៕