(ភ្នំពេញ)៖ ចំពេលដែលសហរដ្ឋអាមេរិករងការបាញ់ប្រហារសម្លាប់មនុស្សរហូតដល់ជិត ៦០នាក់ និងរងរបួសជាង ៥០០នាក់នោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញមករំលឹកពីសារសំខាន់បន្ថែមទៀតនៃសុខសន្តិភាព ដែលកំពុងគ្របដណ្តប់លើផ្ទៃប្រទេសកម្ពុជា។ សម្តេចប្រមុខ នៃរាជរដ្ឋាភិបាលកម្ពុជា ថែមទាំងបញ្ជាក់ទៀតថា ការបាញ់សម្លាប់នៅសហរដ្ឋអាមេរិក ព្រមទាំងបញ្ហានានានៅមជ្ឈឹមបូព៌ាមិនមែនជាសេចក្តីត្រូវការរបស់មនុស្សជាតិ ព្រមទាំងពលរដ្ឋកម្ពុជាផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់លើ Facebook នាព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៧នេះយ៉ាងដូច្នេះ «កម្ពុជាសន្តិភាព គឺពោរពេញទៅដោយឱកាសគ្រប់យ៉ាងរាល់នូវបញ្ហា និងវិបត្តិទាំងឡាយដែលកំពុងកើតឡើងនៅមជ្ឈឹមបូពា៍ព្រមទាំងបញ្ហាជនភៀសខ្លួន និងការបាញ់សម្លាប់មនុស្សនៅសហរដ្ឋអាមេរិកកាលពីម្សិលមិញ គឺជាសោកនាដកម្មដែល​មនុស្សជាតិគ្រប់ទីកន្លែង រួមទាំងកម្ពុជាមិនត្រូវការឡើយ»

សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់ជនរួមជាតិ ដែលបានចូលរួមថែរក្សាការពារសន្តិភាព។

សូមបញ្ជាក់ថា ការបាញ់ប្រហារនៅឯទីក្រុងឡាស វេហ្គាស (Las Vegas) សហរដ្ឋអាមេរិក កាលពីយប់ថ្ងៃអាទិត្យ បានបណ្តាលឲ្យមនុស្សស្លាប់កើនដល់ ៥៨នាក់ និង ៥១៥នាក់ ផ្សេងទៀតរងរបួស៕