(ភ្នំពេញ)៖ ក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថា ស្ថានទូតកម្ពុជានៅម៉ាឡេស៊ី បានអន្តរាគមន៍ជួយពលករ-ពលការិនីខ្មែរចំនួន ១៦នាក់ឲ្យបានត្រឡប់មកប្រទេសកម្ពុជាវិញ បន្ទាប់ពីពួកគេមិនអាចស៊ូទ្រាំជាមួយការងារបាន។

លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស បានឲ្យដឹងនៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៧នេះថា ពលករ ពលការិនីទាំង១៦នាក់នេះ បានទៅធ្វើការនៅម៉ាឡេស៊ីចន្លោះពីឆ្នាំ២០១៤-២០១៧។ ពួកគេមកពីខេត្តក្រចេះ កំពង់ធំ កំពត ត្បូងឃ្មុំ កំពង់ចាម និងសៀមរាបជាដើម។

លោក ជុំ សុន្ទរី បានឲ្យដឹងដែរថា បន្ទាប់ការជួយអន្តរាគមន៍ពីស្ថានទូតកម្ពុជានៅម៉ាឡេស៊ី ដោយមានការទាមទារប្រាក់ខែ និងប្រាក់បំណាច់ជាដើមនោះ​ ពលករ ពលការិនីទាំង ១៦នាក់បានត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយ កាលពីថ្ងៃទី៣០ ខែកញ្ញា កន្លងទៅនេះ៕