(ស្វាយរៀង)៖ ថ្លែងប្រាប់បណ្តាញសារព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី៣ ខែតុលានេះ លោកឧត្តមសេនីយ៍ឯក កេ ដា អគ្គលេខាធិការរងអាជ្ញាធរគីមី នៃក្រសួងការពារជាតិ និងជាអ្នកនាំពាក្យក្នុងប្រតិបត្តិការដោះគ្រាប់បែកគីមី ដែលកំពុងឈរជើង នៅទីតាំងគ្រាប់បែក បានបញ្ជាក់ឲ្យដឹងថា ដូចអ្វីដែលបានគ្រោងទុក នៅព្រឹកនេះ មន្ត្រីជំនាញរបស់អាជ្ញាធរគីមី និងស៉ីម៉ាក់ បានចាប់ផ្តើមប្រតិបត្តិការជម្លៀសប្រជាពលរដ្ឋ និងព្រះសង្ឃចេញពីភូមិឋានរបស់ពួកគាត់ ទៅរកទីសុវត្ថិភាព ដើម្បីបើកប្រតិបត្តិការដោះគ្រាប់បែកគីមីដ៏គ្រោះថ្នាក់បន្សល់ទុកដោយអាមេរិក។

លោកឧត្តមសេនីយ៍ឯក បានបញ្ជាក់ទៀតថា «ប្រតិបត្តិការដោះគ្រាប់បែកគីមី ដែលទម្លាក់ដោយសាហរដ្ឋអាមេរិក ជំហានទី១ ចាប់ផ្តើមហើយ ដោយមន្ត្រីជំនាញរបស់យើង ចាប់ត្រួតពិនិត្យឡើងវិញ និងរាវរកជាតិផ្ទុះជុំវិញទីតាំងប្រតិបត្តិការ រួចនឹងចាប់ផ្តើមដំណើរការជីករកគ្រាប់បែកគីមី។ ស្របពេលនឹងចាប់ផ្តើមដំណើរការនេះ ប្រជាពលរដ្ឋ ព្រះសង្ឃក៏ត្រូវបានជម្លៀងចេញ ទៅរកកន្លែងសុវត្ថិភាពរួចរាល់ផងដែរ ដែលមានចម្ងាយប្រមាណ១.៥គីឡូម៉ែត្រ ពីទីតាំងប្រតិបត្តិការ»

លោកឧត្តមសេនីយ៍ឯក បានបន្ថែមទៀតថា នៅទីតាំងសុវត្ថិភាពនោះ មន្ត្រីបានរៀបចំរោងជ្រក និងអាហារជូនប្រជាពលរដ្ឋ ដើម្បីឲ្យពួកគាត់បានទទួលទាន។ ចំពោះលំនៅឋានរបស់ប្រជាពលរដ្ឋវិញ អាជ្ញាធរអនុញ្ញាត ឲ្យមានសមាជិកគ្រួសារម្នាក់ប៉ុណ្ណោះនៅចាំផ្ទះ ដែលសមាជិកគ្រួសារនោះ នៅមានកម្លាំងខ្លាំងអាចរត់លឿន ពេលមានបញ្ហាអាសន្នកើតឡើង។

លោកឧត្តមសេនីយ៍ឯក កេ ដា បានឲ្យដឹងទៀតថា នៅថ្ងៃនេះ ប្រជាពលរដ្ឋនឹងត្រូវជម្លៀសចេញពីផ្ទះ ត្រឹមម៉ោង៣៖៣០នាទីរសៀល នៅពេលដែលយើងផ្អាកប្រតិបត្តិការដោះគ្រាប់បែកពួកគាត់អាចត្រឡប់ចូលផ្ទះដូចធម្មតាវិញ ហើយនៅថ្ងៃបន្ទាប់ពួកគាត់អាចនឹងត្រូវជម្លៀសចេញបន្តទៀត ប្រសិនបើកប្រតិបត្តិការ នៅតែបន្តនោះ។

សូមជម្រាប គ្រាប់បែកគីមីដ៏គ្រោះថ្នាក់ចំនួនពីរគ្រាប់ ដែលជាកេរ្តិ៍ដំណែលដ៏ជូរជត់របស់អាមេរិក បន្សល់ទុកឲ្យប្រជាជនខ្មែរ ត្រូវបានរកឃើញនៅក្នុងបរិវេណសាលារៀន និងវត្តអារ៉ាម ស្ថិតក្នុងភូមិគគីរ ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង កាលពីដើមឆ្នាំ២០១៧នេះ៕