(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ នាព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៧នេះ បានបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលជាតិផ្នែកការីទេសចរណ៍ (Tour Operation) នៃសេវាកម្មធ្វើដំណើរដល់សិក្ខាកាមចំនួន ៣៥នាក់ មកពីបណ្តាក្រុមហ៊ុនការីទេសចរណ៍ និងទីភ្នាក់ងារទេសចរណ៍ និងគ្រូបណ្តុះបណ្តាលតាមស្ថាប័នបណ្តុះបណ្តាលនានា ក្នុងរាជធានីភ្នំពេញ ក្រោមអធិបតីភាពរបស់លោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍តំណាងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។
វគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅរយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃ០២-០៨ ខែតុលា ឆ្នាំ២០១៧ នៅទីតាំងសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ។
វគ្គបណ្តុះបណ្តាលគ្រូបង្គោលមានគោលបំណងបំប៉នចំណេះដឹង និងជំនាញគរុកោសល្យបង្រៀនដល់សិក្ខាកាម ឲ្យមានសមត្ថភាពបណ្ដុះបណ្ដាពេញលេញតាមស្តង់ដារសមត្ថភាពអាស៊ាន ដើម្បីពង្រឹងសមត្ថភាពបុគ្គលិកតាមក្រុមហ៊ុនទេសចរណ៍ សិស្ស-និសិត្យតាមគ្រឹស្ថានបណ្ដុះបណ្ដាលជំនាញទេសចរណ៍ដោយប្រើប្រាស់ស្តង់ដារសមត្ថភាពអាស៊ាន។
ក្រសួងទេសចរណ៍ បានដាក់ចុះមុំយុទ្ធសាស្ត្រចំនួន៤ ដើម្បីសម្រេចក្ខុវិស័យក្នុងការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ជាទេសចរណ៍វប្បធម៌ និងធម្មជាតិ ឈរលើទស្សនទានស្អាត និងបៃតង ដោយគោរពតាមគោលការណ៍និរន្តភាព និងបរិយាបន្ន។ ក្នុងនោះការអភិវឌ្ឍធនធានមនុស្សជាមុំយុទ្ធសាស្ត្រមួយអាទិភាព ហើយក្រសួងទេសចរណ៍បាននិងកំពុងអនុវត្តយុទ្ធនាការ «បុគ្គលិកម្នាក់ ជំនាញមួយ» សំដៅផ្ដល់ដល់យុវជននូវជំនាញជាក់លាក់ ឱកាសការងារទាំងក្នុងប្រទេស និងក្នុងតំបន់អាស៊ាន ក្នុងក្របខណ្ឌនៃការអនុវត្តកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមក លើអ្នកជំនាញទេសចរណ៍អាស៊ាន។
សូមរំឭកថា រហូតមកដល់បច្ចុប្បន្ន ក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ បានធ្វើការបណ្តុះបណ្តាលគ្រូបង្គោល និងអ្នកវាយតម្លៃបង្គោលអាស៊ានចំនួន៣០នាក់ គ្រូបង្គោល និងអ្នកវាយតម្លៃបង្គោលជាតិចំនួន ៥៦៤នាក់ ដែលបានបណ្តុះបណ្តាលបន្តដល់អ្នកជំនាញកម្ពុជាប្រមាណ ២,០០០នាក់ តាមកម្មវិធីសិក្សាអាស៊ាន ហើយបានចុះបញ្ជីរក្នុងប្រព័ន្ធចុះបញ្ជីរអ្នកជំនាញទេសចរណ៍អាស៊ាន (ATPRS) រួចរាល់ហើយ។
ការបណ្ដុះបណ្ដាលគ្រូបង្គោលជាតិលើសេវាកម្មធ្វើដំណើរនៅពេលនេះ នឹងចូលរួមបន្ថែមទៀតលើការបណ្ដុះបណ្ដាលយុវជនកំពុងសិក្សា ក៏ដូចជាយុវជនកំពុងបម្រើការងារ ឲ្យមានសមត្ថភាពតាមស្តង់ដារអាស៊ាន និងមានការទទួលស្គាល់ដោយសមាជិកអាស៊ានដទៃទៀត។
ព័ត៌មានលម្អិតសម្រាប់យុវជនលើការសិក្សាជំនាញទេសចរណ៍ និងឱកាសការងារ សូមទាក់ទងមន្រ្តីជំនាញតាមរយៈលេខទូរសព្ទ ០៧៧ ៤៤៤ ០០៧ / ០៩២ ៩៣៣ ៦៥៦៕