(សៀមរាប)៖ ក្នុងកិច្ចប្រជុំស្ដីពីការត្រៀមលក្ខណៈរៀបចំព្រឹត្តិការណ៍តាំងពិព័រណ៍ទេសចរណ៍កម្ពុជាអន្តរជាតិ (CTM) លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានប្រកាសអញ្ជើញក្រុមហ៊ុនក្នុងស្រុក ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធទេសចរណ៍កម្ពុជា និងសមាគមទេសចរណ៍ផ្សេងៗចូលរួមគាំទ្រ និងជួយជំរុញសមាជិករបស់ខ្លួនឲ្យសហការផ្សព្វផ្សាយ និងដាក់តាំងពិព័រណ៍ផលិតផល-សេវារបស់ខ្លួន នៅក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍ទេសចរណ៍កម្ពុជាអន្តរជាតិ ឲ្យបានច្រើនកុះករ។
កិច្ចប្រជុំស្ដីពីការត្រៀមលក្ខណៈរៀបចំព្រឹត្តិការណ៍តាំងពិព័រណ៍ទេសចរណ៍កម្ពុជាអន្តរជាតិ ធ្វើឡើងនៅសណ្ឋាគារសុខាអង្គររីសត នារសៀលថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៧ ដោយមានការចូលរួមពីលោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប លោក ឱម ផារិន អគ្គនាយកក្រុមហ៊ុន Slick Booth Holding Co.,Ltd ព្រមទាំងស្ថាប័ន-អាជ្ញាធរពាក់ព័ន្ធជុំវិញខេត្ត និងផ្នែកឯកជនជាច្រើនទៀត។
ព្រឹត្តិការណ៍តាំងពិព័រណ៍ទេសចរណ៍កម្ពុជាអន្តរជាតិ (CTM) ឆ្នាំ២០១៧ លើកទី១នេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧-១៨-១៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ខាងមុខ នៅទឹកដីសៀមរាបអង្គរ ដែលរួមមានកម្មវិធីដ៏សំខាន់ៗជាច្រើន ដូចជា ការណាត់ជួបពិភាក្សាក្នុងធុរកិច្ចតាមប្រព័ន្ធ Online ការប្រកួតកីឡាវាយកូនហ្គោលមិត្តភាព សិក្ខាសាលាអំពីប្រធានបទផ្សេងៗពាក់ព័ន្ធ និងវិស័យទេសចរណ៍ ដំណើរកម្សាន្ត និងការដាក់តាំងបង្ហាញអំពីផលិតផល និងសេវាកម្មទេសចរណ៍នានា។
លោករដ្ឋមន្ត្រី ថោង ខុន បានឲ្យដឹងថា ព្រឹត្តិការណ៍ CTM ជាវេទិកាធុរកិច្ចទេសចរណ៍ដ៏ល្អក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលនឹងមានអ្នកចូលរួមពីស្ថាប័នជាតិ-អន្តរជាតិ អ្នកទិញអន្តរជាតិប្រមាណ២០០ក្រុមហ៊ុន ដែលសុទ្ធសឹងជាក្រុមហ៊ុនមានសក្ដានុពលមកពីជុំវិញពិភពលោក និងអ្នកលក់ជាង២០០ក្រុមហ៊ុន ព្រមទាំងអ្នកសារព័ត៌មានជាង៣០នាក់។
លោកបានបញ្ជាក់ថា ព្រឹត្តិការណ៍ដ៏សំខាន់នេះ ជាឱកាសល្អបំផុតសម្រាប់ក្រុមហ៊ុនក្នុងស្រុក ក្នុងការផ្សព្វផ្សាយពីផលិតផលទេសចរណ៍របស់ខ្លួន ទៅកាន់អ្នកទិញដ៏មានសក្តានុពលនៅជុំវិញពិភពលោក។
មិនតែប៉ុណ្ណោះ ព្រឹត្តិការណ៍ CTM ជាសកម្មភាពព្រឹត្តិការណ៍ជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍អាស៊ាន សម្រាប់ឆ្នាំទស្សនាអាស៊ាន ២០១៨ (Visit ASEAN@50) ហើយព្រឹត្តិការណ៍នេះ ក៏ជួយបង្កើនការផ្សព្វផ្សាយគោលដៅទេសចរណ៍ខេត្តសៀមរាប ពិសេសប្រាសាទអង្គរវត្ត ដែលឆ្នាំ២០១៧នេះ បានទទួលរង្វាន់ពីក្រុមប្រឹក្សានៃការធ្វើដំណើរ «TripAdisor»។
ក្នុងកិច្ចប្រជុំពិភាក្សាខាងលើនេះ លោករដ្ឋមន្ត្រីបានអំពាវនាវដល់អាជ្ញាធរខេត្តសៀមរាប ត្រូវជំរុញការធ្វើផ្លូវក្នុងក្រុងឲ្យបានច្រើន ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ រៀបចំសោភ័ណភាពតាមដងស្ទឹង និងក្នុងទីក្រុង ភ្លើងលម្អទីក្រុង រៀបចំមណ្ឌលព័ត៌មានទេសចរណ៍ បង្គន់អនាម័យសាធារណៈឲ្យបានគ្រប់គ្រាន់ និងពង្រឹងគុណភាពសេវាកម្មទេសចរណ៍គ្រប់ប្រភេទ។
លោករដ្ឋមន្ត្រី ថោង ខុន ក៏បានប្រកាសអញ្ជើញក្រុមហ៊ុនទេសចរណ៍ក្នុងស្រុកទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធទេសចរណ៍កម្ពុជា និងសមាគមទេសចរណ៍ផ្សេងទៀត ចូលរួមគាំទ្រឲ្យអស់លទ្ធភាព និងជួយជំរុញសមាជិករបស់ខ្លួនឲ្យសហការផ្សព្វផ្សាយ និងដាក់តាំងពិព័រណ៍ផលិតផល-សេវាកម្មរបស់ខ្លួន នៅក្នុងព្រឹត្តិការណ៍ដ៏សំខាន់នេះ ព្រោះជាឱកាសល្អបំផុតសម្រាប់ក្រុមហ៊ុនក្នុងស្រុក ក្នុងការផ្សព្វផ្សាយពីផលិតផលទេសចរណ៍របស់ខ្លួន ទៅកាន់អ្នកទិញដ៏មានសក្តានុពលទាំងនោះ។
លោកក៏បានអំពាវនាវដល់ស្ថាប័ន អាជ្ញាធរ និងផ្នែកឯកជន សហការរួមគ្នាលុបបំបាត់សកម្មភាពលក់កញ្ចប់ទស្សនកិច្ចកម្សាន្តថ្លៃសូន្យ (Zero Cost Tours)។
ក្នុងឱកាសនៃព្រឹត្តិការណ៍ CTM ខាងមុខនេះដែរ ក្រសួងទេសចរណ៍ សហការជាមួយក្រុមហ៊ុន Slick Booth Holding Co.,Ltd នឹងរៀបចំការសម្ដែងសិល្បៈដ៏ធំមួយនៅមុខប្រាសាទបាយ័ន ជូនអ្នកចូលរួមពីអ្នកទិញអន្តរជាតិ អ្នកលក់ អ្នកសារព័ត៌មានជាតិ-អន្តរជាតិបានទស្សនា និងស្វែងយល់ពីវិស័យសិល្បៈ វប្បធម៌ និងអរិយធម៌របស់កម្ពុជា នារាត្រីថ្ងៃទី១៧ ខែវិច្ឆិកា ខាងមុខផងដែរ។
សូមជម្រាបថា ខេត្តសៀមរាប ជាគោលដៅទាក់ទាញទេសចរដ៏ល្បីល្បាញមួយនៅក្នុងពិភពលោក រហូតទទួលបានពានរង្វាន់ជាគោលដៅទេសចរណ៍លំដាប់ទី១ ក្នុងពិភពលោកពី TripAdvisor និងក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្មអឺរ៉ុប ដូចនេះខេត្តសៀមរាប គឺជាជម្រើសដ៏ល្អមួយសម្រាប់ប្រារព្ធព្រឹត្តិការណ៍ CTM ដើម្បីបង្ហាញ និងបង្អួតពិភពលោកនូវមន្តស្នេហ៍នៃទឹកដីអង្គរដ៏អច្ឆរិយៈ ដែលជាសម្បត្តិបេតិកភណ្ឌវប្បធម៌របស់មនុស្សជាតិ និងពិភពលោក៕