(ស្វាយរៀង)៖ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា ហៅកាត់ថា ស៉ីម៉ាក់ បានថ្លែងបញ្ជាក់ប្រាប់បណ្តាញសារព័ត៌មាន Fresh News នៅល្ងាចថ្ងៃទី២ ខែតុលា ឆ្នាំ២០១៧នេះថា នៅម៉ោងប្រមាណ៩ព្រឹក ថ្ងៃទី៣ ខែតុលាស្អែកនេះ ក្រុមមន្ត្រីជំនាញស៉ីម៉ាក់ និងអាជ្ញាធរមីន នឹងចាប់ផ្តើមចូលជីកដោះគ្រាប់បែកគីមី របស់សហរដ្ឋអាមេរិក នៅក្នុងបរិវេណវត្ត និងសាលាបឋមសិក្សាគគីរ ក្នុងឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង។
ការសម្រេចនេះធ្វើឡើងបន្ទាប់ពី ក្រុមការងារជំនាញបានចុះសិក្សាវាយតម្លៃ និងបញ្ជូនឧបករណ៍ចូលទីតាំងប្រតិបត្តិការរួចរាល់ ព្រមទាំងចំណាញពេលរៀបចំសម្អាត ទីតាងប្រតិបត្តិការដោះគ្រាប់បែកគីមី របស់អាមេរិករួចរាល់។
លោកឧត្តមសេនីយ៍ឯក កេ ដា អគ្គលេខាធិការរងអាជ្ញាធរគីមី នៃក្រសួងការពារជាតិ និងជាអ្នកនាំពាក្យក្នុងប្រតិបត្តិការដោះគ្រាប់បែកគីមី បានបញ្ជាក់ឲ្យ Fresh News ថា នៅពេលប្រតិបត្តិការដោះយកគ្រាប់បែកគីមីនោះ ប្រជាពលរដ្ឋជាច្រើននាក់នឹងត្រូវជម្លៀសចេញទៅរកទីទួលមានសុវត្ថិភាពផងដែរ ចំងាយ១៥០០ម៉ែត្រ។
បើតាមលោកឧត្តមសេនីយ៍ កេ ដា «នៅថ្ងៃនេះចាប់តាំងពីព្រឹករហូតដល់ពេលរសៀល មន្រ្ដីជំនាញរបស់ស៊ីម៉ាក់ និងមន្ដ្រីរបស់អាជ្ញាធរគីមី បានរៀបចំបោសសំអាតបរិវេណទីធ្លា នៃតំបន់ប្រតិបត្តិការ»។
លោកឧត្តមសេនីយ៍ឯក បានបញ្ជាក់ទៀតថា បន្ទាប់ពីរៀបចំសំអាតទីធ្លា កន្លែងប្រតិបត្តិការ រួចមន្រ្ដីជំនាញនឹងចាប់ផ្ដើមបើកប្រតិបត្តិការជីកកាយ នៅទីតាំងគ្រាប់បែកផ្ទាល់តែម្ដង ដែលនៅពេលនោះ នៅត្រូវជម្លៀសប្រជាជន ទៅរកកន្លែងសុវត្ថិភាពផងដែរ៕