(កូរ៉េខាងត្បូង)៖ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ លោក ឡុង ឌីម៉ង់ នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៧នេះ បានចេញសេចក្ដីបំភ្លឺមួយ ពាក់ព័ន្ធការចោទប្រកាន់ដែលលោកចាត់ទុកថា គ្មានមូលដ្ឋានច្បាស់លាស់ និងធ្ងន់ធ្ងរបំផុតនោះ ពាក់ព័ន្ធករណីប្រាក់ធានារ៉ាប់រង របស់សពពលករខ្មែរម្នាក់ ដោយចោទប្រកាន់ថា រូបលោកបានស៊ីដាច់ប្រាក់ទាំងនេះ។
យោងតាមសេចក្ដីបំភ្លឺរបស់លោក ឡុង ឌីម៉ង់ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃនេះ បានបញ្ជាក់ថា ការចោទប្រកាន់មកលើរូបលោក បានបង្ហោះនៅតាមគណនី Facebook ឈ្មោះ Korng Thavy ដែលត្រូវជាភរិយារបស់សពពលករម្នាក់ ស្លាប់កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៦ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ក្នុងពេលមកសាកសួរសុខទុក្ខក្រុមគ្រួសាររបស់ខ្លួន នៅប្រទេសកម្ពុជា។
នៅក្នុងសេចក្ដីបំភ្លឺនេះ លោក ឡុង ឌីម៉ង់ បានអះអាងថា «ដើម្បីទទួលបានប្រាក់ធានារ៉ាប់រង តំណាង ឬក្រុមគ្រួសារសពអាចដាក់ពាក្យស្នើសុំប្រាក់ធានារ៉ាប់រង តាមរយៈស្ថានឯកអគ្គរាជទូតកម្ពុជា, មជ្ឈមណ្ឌលគាំពារពលករបរទេស, មេធាវីកូរ៉េតំណាង ឬក្រុមគ្រួសារសព និងតំណាង ឬក្រុមគ្រួសារសពផ្ទាល់»។
ស្ថានទូតសូមបញ្ជាក់បន្ថែមថា គិតមកត្រឹមថ្ងៃនេះ ក្រុមហ៊ុន Samsung Fir And Maritime Co,Ltd មិនទាន់បានសម្រេចផ្ទេរប្រាក់ធានារ៉ាប់រងសពពលករខាងលើ ទៅកាន់គណនីក្រុមគ្រួសារសពនៅឡើយទេ ដោយសារខ្វះខាតឯកសារមួយចំនួន រួមមានទី១៖ លិខិតផ្ទេរសិទ្ធិ ពីឪពុកម្ដាយក្មេក មកកូនប្រសារស្រី, ទី២៖ អត្តសញ្ញាណបណ្ណឪពុកម្ដាយក្មេក និងកូនប្រសារស្រី, ទី៣៖ សៀវភៅគ្រួសារឪពុកម្ដាយក្មេក និងទី៤៖ លិខិតមរណៈភាពចេញដោយមន្ទីរពេទ្យ។
បើតាមលោក ឡុង ឌីម៉ង់ រូបលោកផ្ទាល់ និងក្រុមការងារស្ថានទូត ធ្លាប់បានទំនាក់ទំនង និងផ្ដល់ការសម្របសម្រួលជាច្រើនដង ទៅកាន់ភរិយាសពឲ្យរៀបចំឯកសារ ប៉ុន្ដែគាត់មិនអាចបំពេញបានតាមលក្ខខណ្ឌរបស់ក្រុមហ៊ុន ដោយសារតែបញ្ហាផ្ទៃក្នុងគ្រួសារខ្លួនឯង ដូច្នេះស្ថានទូតពុំមានសិទ្ធិបញ្ជាឲ្យក្រុមហ៊ុនទទួលយកសំណើរនោះដែរ។
សូមអានខ្លឹមសារលម្អិតនៅក្នុងសេចក្ដីប្រកាសព័ត៌មាន ដែលមានទាំងស្រុងនៅក្រោមនេះ៖