(ភ្នំពេញ)៖ ដោយមើលឃើញអំពីកំណើន ប្រជាពលរដ្ឋថ្នាក់កណ្តាល ការកើនឡើងចំណូលប្រជាជនជាមួយ និងកំណើនសេដ្ឋកិច្ចដ៏រឹងមាំ ក្នុងរយៈពេលបីទសវត្សចុងក្រោយនេះ ក៏ដូចជាការកើនឡើងនៃចំនួនភ្ញៀវទេសចរបរទេស ជាពិសេសភ្ញៀវទេសចរចិន ក្រុមហ៊ុន HGB Group ដែលជាក្រុមហ៊ុនក្នុងស្រុក បានសហការជាមួយ Yum China ដែលជាក្រុមហ៊ុនភោជនីយដ្ឋាន ឈានមុខគេរបស់ប្រទេសចិន នាំយកនូវភោជនីយដ្ឋានលំដាប់ពិភពលោក មានឈ្មោះថា «Little Sheep» មកកាន់ប្រទេសកម្ពុជាក្នុងថ្ងៃនេះ ដោយបានធ្វើពិធីបើកសម្ពោធ នាល្ងាចថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៧នេះ។
ភោជនីយដ្ឋាន Little Sheep Hot Pot បានទទួលជោគជ័យយ៉ាងធំធេង ក្នុងរយៈពេល ១៨ ឆ្នាំមកហើយ។ ជាមួយនឹងបណ្តាញទូទាំងពិភពលោក នៅ១២០ក្នុងតំបន់ និងទីក្រុងនានា ដែលមានហាងជិត៣០០នៅតាមទីក្រុងធំៗ ដូចជា សៀងហៃ ហុងកុង តូក្យូ ញូវយ៉ក និងតូរ៉ុនតូជាដើម។ ភោជនីយដ្ឋានយីហោ The Little Sheep ត្រូវបានគេស្គាល់ថា «មានមុខម្ហូបពិសេស» និង«សាច់ដ៏ល្អឥតខ្ចោះ» ដែលគ្មានពីរបានបង្ហាញខ្លួនពាសពេញ ពិភពលោក។ ឥឡូវនេះ មុខម្ហូបពិសេសៗទាំងនេះ បានមកដល់ព្រះរាជាណាចក្រកម្ពុជាយើងហើយ ដើម្បី
បម្រើជូនដល់បងប្អូនជាលក្ខណៈគ្រួសារ និងភ្ញៀវទេសចរចិន ក៏ដូចជាភ្ញៀវទេសចរបរទេសដទៃទៀត ភ្លក្សនូវរសជាតិពិសេសៗទាំងនេះ នៅរាជធានីភ្នំពេញ។
លោក Herfried Hasenoehrl នាយកប្រតិបត្តិនៃក្រុមហ៊ុន HGB Group បានថ្លែងឲ្យដឹងថា ជាមួយនឹងវត្តមានរបស់ Little Sheep Hot Pot នឹងផ្តល់ជូននូវរសជាតិពិសេស និងថ្មីមួយទៀត សម្រាប់ប្រជាជនកម្ពុជា និងភ្ញៀវទេសចរចិន ដែលកំពុងកើនឡើង។ ទន្ទឹមនឹងនេះ Little Sheep នឹងជួយទាក់ទាញភ្ញៀវទេសចរចិន ទាំងនោះឲ្យស្នាក់កម្ពុជា កាន់តែយូរជាងមុន។
លោកបានថ្លែងបន្តថា «ទីផ្សារគោលដៅរបស់យើង គឺភ្ញៀវជាលក្ខណៈគ្រួសារ និងភ្ញៀវចិននៅក្នុងប្រទេសកម្ពុជា។ វត្តមានភោជនីយដ្ឋាន The Little Sheep ក៏ជួយ និងលើកទឹកចិត្តឲ្យភ្ញៀវទេសចរចិនស្នាក់នៅ ប្រទេសកម្ពុជាយូរជាងមុនផងដែរ។ ក្រុមហ៊ុន HGB មានការចាប់អារម្មណ៍ ក្នុងការនាំយកភោជនីយដ្ឋាន «The Little Sheep» ចូលមកកាន់ប្រទេសកម្ពុជា មិនត្រឹមតែដោយសារតែវាជាស្លាកសញ្ញា លំដាប់ពិភពលោកប៉ុណ្ណោះទេ ក៏ប៉ុន្តែយើងចង់ឲ្យប្រជាជនកម្ពុជា មានជម្រើសកាន់តែច្រើននៅពេលពួកគាត់ ចង់ចេញមកបរិភោគម្ហូបអាហារ នៅខាងក្រៅ»។
យោងតាមទិន្នន័យ ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា នឹងសម្រេចបានប្រហែល ៧ ភាគរយនៅក្នុងឆ្នាំនេះ និង ឆ្នាំក្រោយ ខណៈដែលផលិតផលក្នុងស្រុក សរុបសម្រាប់មនុស្សម្នាក់ៗនឹងកើនឡើងដល់ ១.៤២២ ដុល្លារនៅដំណាច់ឆ្នាំនេះ ដោយកើនពី ១.៣០២ដុល្លារ កាលពីឆ្នាំមុន។
កាលពីឆ្នាំមុនប្រទេសកម្ពុជា បានស្វាគមន៍ភ្ញៀវទេសចអន្តរជាតិ ប្រមាណជាជាង ៥ លាននាក់ដែលភ្ញៀវទេសចរចិនឈានមុខគេ ខណៈដែលរដ្ឋាភិបាលកម្ពុជា បានប្ដេជ្ញាថា នឹងទាក់ទាញភ្ញៀវទេសចរចិនឲ្យបាន២ លាននាក់ក្នុងមួយឆ្នាំៗ។
ថ្លែងនៅក្នុងវេទិកាទេសចរណ៍ សកលលោកលើកទី៤ នៅទីក្រុងម៉ាកាវ កាលពីឆ្នាំ២០១៥ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវឲ្យមានការសម្រួល ដល់ការប្រើប្រាស់ប្រាក់យន់ នៅក្នុងប្រទេសកម្ពុជា ដើម្បីទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនចិនមកកាន់ព្រះរាជាណាចក្រកម្ពុជា កាន់តែច្រើនថែមទៀត។ លោក Herfried Hasenoehrl ក៏បានបន្តឲ្យដឹងផងដែរថា ភោជនីយដ្ឋាន Little Sheep នេះនឹងផ្តល់ជម្រើសទូទាត់ច្រើន សម្រាប់អតិថិជន និងក៏ផ្តល់ជូនពិសេសដល់គ្រប់អតិថិជនខ្លួនផងដែរ។
លោកបន្ថែមថា «យើងទទួលយកការទូទាត់តាម Union Pay, Visa, និង Master។ ប៉ុន្តែយើងមិនទាន់មានការផ្តល់ជូនពិសេស តាមរយៈធនាគារនៅឡើយទេ នាពេលបច្ចុប្បន្ននេះ។
រាល់ភ្ញៀវ VIP ទាំងអស់នឹងទទួលបានអត្ថប្រយោជន៍ពិសេស ដូចជាអាទិភាពក្នុងការតម្រង់ជួរជាដើម។ Little Sheep Hot Pot ក៏ចង់ផ្តល់ជាយោបល់ដល់អតិថិជន ឲ្យសាកមកភ្លក្សនូវរសជាតិពិសេសៗជាច្រើនទៀត ដែលភោជនីយដ្ឋានផ្តល់ជូន។ មុខម្ហូបពិសេសៗដែល Little Sheep Hot Pot ផ្តល់ជូនអតិថិជនរួមមានសាច់ចៀម ពិសេសមកពីអង់គ្លេស អូស្រ្តាលី សាច់ចៀមអាំង និង តៅហ៊ូបំពងពិសេស»។
យោងតាមការសិក្សាថ្មីមួយ ស្តីអំពីផ្នែកអាហារ និងភេសជ្ជៈបានបង្ហាញថា ប្រហែល១.៥៣លានដុល្លារ ត្រូវបានចំណាយជារៀងរាល់ថ្ងៃ សម្រាប់អាហារពេលព្រឹក និងអាហារថ្ងៃត្រង់ នៅតាមទីក្រុងធំៗនៅប្រទេសកម្ពុជា ជាពិសេសនៅរាជធានីភ្នំពេញ។ បើយោងតាមរបាយការណ៍នេះ គិតត្រឹមដំណាច់ ឆ្នាំ២០១៥ ត្រឹមតែនៅរាជធានីភ្នំពេញ មានភោជនីយដ្ឋានចំនួន ២.១៨០ កន្លែងដោយកើនឡើង ពីចំនួន១.៧២៦ កន្លែងក្នុងឆ្នាំ្ ២០១៤។ ភោជនីយដា្ឋន Little Sheep តែងតែធ្វើការផ្សព្វផ្សាយនិង លើកកម្ពស់អំពីមុខម្ហូបពិសេសៗ ទាំងនេះដែលមានដើមកំណើតពីទឹកដី វាលស្មៅរបស់ប្រទេស ម៉ុងហ្គោលី។ Little Sheep បានបង្កើតឡើងជាង១៨ឆ្នាំមកហើយ នៅតាមដងវិថីអាល់លែន លេខ២២ ក្នុងទីក្រុងប៊ាវទូ នៃរដ្ឋម៉ុងហ្គោលី ក្នុងប្រទេសចិន។
ភោជនីយដា្ឋន Little Sheep បានទទួលស្គាល់ និងមានកេរ្តិ៍ឈ្មោះយ៉ាងឆាប់រហ័ស សម្រាប់មុខម្ហូបពិសេសៗ ដោយគ្មានទឹកជ្រលក់របស់ខ្លួន។ ការជម្រុះចោលនូវទម្លាប់ នៃការដាក់ទឹកជ្រលក់ទៅលើមុខម្ហូប Little Sheep បានបង្ហាញនូវនិន្នាការថ្មីមួយ ដោយកែប្រែទម្លាប់ចាស់ នៃការញុំាមកបង្កើតនូវរសជាតិចំនួនប្រាំ បញ្ចូលតែមួយ និងភាពដូចគ្នានៃគ្រឿង ទេស៧មុខ ឲ្យមកតែមួយ។ រាល់អាហារគ្រប់មុខត្រូវបានបម្រើ ជូននូវមុខម្ហូបថ្មីៗនិងស្រស់ៗ។ ទាំងនេះគឺជាការរួមបញ្ចូលគ្នា ដ៏ល្អឥតខ្ចោះនៃមូលដ្ឋាននៃការចម្អិន ជាមួយ និងការផ្សំគ្រឿងតាមបែបម៉ុងហ្គោលី បានផ្លាស់ប្តូរលំនាំនៃមុខម្ហូប លំដាប់ពិភពលោក៕