(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ញឹម វណ្ណដា ទទួលបន្ទុកជាអនុប្រធានប្រចាំគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០១៧នេះ បានដឹកនាំមន្រ្តីជំនាញបច្ចេកទេស ចុះពិនិត្យស្ថានភាពគ្រោះទឹកជំនន់ទឹកភ្លៀងតាមដងទន្លេមេគង្គ នៅក្នុងខេត្តកណ្តាល ខេត្តព្រៃវែង ខេត្តកំពង់ចាម និងបន្តដល់ខេត្តក្រចេះ ដើម្បីធ្វើការវាយតម្លៃត្រៀមផែនការ និងវិធានការដោះស្រាយបើសិនទឹកឡើងខ្លាំង។
លោកទេសរដ្ឋមន្រ្តី ញឹម វណ្ណដា បានថ្លែងថា ទឹកទន្លេមេគង្គមានការជន់ឡើងលើកទី១ ចាប់ពីពាក់កណ្តាល ខែកក្កដា មកដោយសារឥទ្ធិពលបន្ទាប់ ពីព្យុះទី៨ ដែលបង្កឲ្យមានភ្លៀងធ្លាក់ជាច្រើនថ្ងៃ នៅក្នុងតំបន់ព្រមទំាងផ្ទៃរងទឹកភ្លៀងនៃអាងទន្លេមេគង្គលើក្នុងនេះ នៅកម្ពុជា តំបន់ខ្ពង់រាបភាគខាងជើង និងភាគឦសានកម្ពុជា ក៏ទទួលបានបរិមាណទឹកភ្លៀងច្រើន។
លោកទេសរដ្ឋមន្រ្តី ញឹម វណ្ណដា បានបន្តថា រយៈពេល៩ខែឆ្នាំ២០១៧នេះ និងមានព្យុះតែពីរប៉ុណ្ណោះ ដែលបង្កឲ្យមានភ្លៀងធ្លាក់នៅ អាងទន្លេមេគង្គលើ ប៉ុន្តែឥទ្ធិពលបន្ទាប់ពីព្យុះទំាងនេះ បង្កជាប្រព័ន្ធសម្ពាធផ្សេងៗ និងបង្កើតជាខ្យល់បក់បោកខ្លំាងបណ្តា ឲ្យមានការខូចខាត លំនៅដ្ឋានប្រជាពលរដ្ឋព្រមទាំងបង្ក ឲ្យមានគ្រោះថ្នាក់ជាញឹកញាប់ នៅលើផ្ទៃសមុទ្រ និងលើដីគោកនៃបណ្តាខេត្តតាមតំបន់ឆ្នេរ។ ការទទួលរងគ្រោះក្នុងឆ្នំានេះមានការថយចុះប្រមាណ៥០% ធៀបនឹងឆ្នំាកន្លងទៅរាជរដ្ឋាភិបាលបានដាក់ចេញ នូវវិធានការជាច្រើនដើម្បីរក្សា សុវត្ថិភាពជូនប្រជាពលរដ្ឋ ពេលមានហេតុការណ៍កើតឡើង និងពង្រឹងអង្គភាពជំនាញ ដោយការបំពាក់បន្ថែមនូវឧបករណ៍មធ្យោបាយ និងសម្ភារពន្លត់អគ្គិភ័យផងដែរ។
លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា ភ្លៀងធ្លាក់ច្រើនក្នុងរដូវវស្សាកន្លងទៅនេះ ត្រូវបានអាជ្ញាធរមូលដ្ឋាន និងមន្ទីរជំនាញបានធ្វើការបង្វែមុខទឹក ទៅស្តុកទុកតាមអាង និងប្រព័ន្ធស្រោចស្រពតូច-ធំ បានពេញព្រៀបជាបន្តបន្ទាប់ ហើយរហូតមកដល់ខែកញ្ញានេះ បរិមាណទឹកនៅតាមបណ្តា ទីតំាងមួយចំនួនមានលើស ពីតម្រូវការដែលត្រូវបើកបញ្ចេញចោលខ្លះ ដើម្បីការពារការលិចលង់ និងខូចខាតទំបន់ដែលអាចនឹងកើតឡើងដោយសារ ឥទ្ធិពលនៃវិសម្ពាធថ្មីបង្កឲ្យមានទឹកភ្លៀងធ្លាក់ច្រើននៅតាមភូមិសាស្រ្តក្នុងប្រទេស។
គូសបញ្ជាក់ថា ឥទ្ធិពល នៃគ្រោះមហន្តរាយធម្មជាតិបានបង្កឲ្យមានការរញ្ជួយដីខ្យល់ព្យុះ ទឹកជំនន់ និងការបាក់ដីនៅតាមតំបន់ជាច្រើនហើយក្នុងនេះ ភ្លៀងខ្យល់មូសុង ដ៏ខ្លំាងបានកើតមានជាបន្តបន្ទាប់ ក្នុងទ្វីបអាស៊ីបង្កការរងគ្រោះឆ្លងពីប្រទេសមួយទៅប្រទេសមួយទៀត និងបានបំផ្លិចបំផ្លាញ យ៉ាងធ្ងន់ធ្ងរ ដោយមនុស្សរាប់រយលាននាក់ត្រូវបានជំលៀស និងខ្វះខាតស្បៀងអាហារ។ កម្ពុជាបានទទួលរងឥទ្ធិពល នៃគ្រោះមហន្តរាយ ដែលបានកើតមាននៅក្នុងតំបន់ទំាងផ្នែកសង្គម និងសេដ្ឋកិច្ចទោះបីមិនធ្ងន់ធ្ងរបើប្រៀបធៀបទៅនឹងឆ្នំាងកន្លងមកប៉ុន្តែក៏ត្រូវប្រឈមទៅនឹងការ ប្រែប្រួលអាកាសធាតុដែលបង្កឲ្យមានការខូចខាត និងបាត់បង់ដោយសារខ្យល់កន្រ្តាក់ ជំនន់ទឹកភ្លៀង ជំនន់ទន្លេមេគង្គ រួមនឹងការធ្លាក់ថ្លៃនៃដំណាំ កសិផលដែលជាការព្រួយបារម្ភរបស់រាជរដ្ឋាភិបាល ក្នុងការខិតខំស្តារ និងកែលម្អជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
ក្នុងរដូវទឹកជំនន់ក្រសួងសុខាភិបាល បានណែនាំដល់មន្ទីរពេទ្យ និងមណ្ឌលសុខភាពទូទំាងប្រទេសឲ្យមានការត្រៀមបម្រុងនូវឱសថគ្រប់ប្រភេទ ព្រមទំាងសម្ភារៈបច្ចេកទេសសម្រប់ត្រៀមឆ្លើយតប និងព្យាបាលប្រជាពលរដ្ឋដែលទទួលរងគ្រោះដោយការលិចលង់នៅតាមគេហដ្ឋាន ក៏ដូចជានៅតាមទីទួលសុវត្ថិភាព៕