(មណ្ឌលគិរី)៖ លោកឧត្ដមសេនីយ៍ត្រី ឃិន ម៉េងស្រេង មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តមណ្ឌលគិរី ត្រូវបានផ្លាស់ប្ដូរតួនាទី ទៅជាអនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ នៃក្រសួងការពារជាតិ ចំណែកលោកវរសេនីយ៍ឯក សាន គឹមអឿន មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្តមណ្ឌលគិរី ត្រូវបានតម្លើងតួនាទីជាមេបញ្ជាការថ្មីវិញ។
ពិធីផ្លាសប្តូរតួនាទីនេះស្ថិតនៅក្រោមវត្តមាន ឧត្តមសេនីយ៍ឯក អ៊ុ បុត្រ មេបញ្ជាការរង នៃបញ្ជាការដ្ឋានកងទ័ពជើងគោកការប្រកាស់ផ្លាស់ប្ដូរភារកិច្ច មេបញ្ជាការតំបន់ប្រតិបត្តិការ សឹករងខេត្តមណ្ឌលគិរី នៅពីថ្ងៃទី២ តុលា ឆ្នាំ២០១៧នេះ នៅសាលប្រជុំតំបន់ប្រតិបត្តិការសឹករងខេត្តមណ្ឌលគិរី និងបានបំពាក់ស័ក្តផ្លាស់ប្តូរភារកិច្ចនាយនាយទាហ៊ានចំនួន១២រូប ផងដែរ។
លោកវរសេនីយ៍ឯក សាន គឹមអឿន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តមណ្ឌលគិរី ទើបឡើងតំណែងថ្មីបានប្ដេជ្ញាថា នឹងស្មោះត្រង់ ធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីជាតិសាសនាព្រះមហាក្សត្រ គោរពរដ្ឋធម្មនុញ្ញគោរពប្រតិបត្តិចំពោះច្បាប់ ការពារសច្ចៈធម៌ និងយុត្តិធម៌ ប្រឆាំងដាច់ដាតអំពើពុករលួយ ខិតខំដោយការពទទួលខុសត្រូវក្នុងការអនុវត្តន៍កម្មវិធីនយោបាយ និងគោរពសេចក្តីណែនាំរបស់ ក្រសួងការពារជាតិ និងគណៈបញ្ជាការ ឯកភាពខេត្ត ដើម្បីរួមចំណែកក្នុងការធានាបរិយាកាសសន្តិសុខល្អក្នុងខេត្ត ក៏ដូចជាប្រទេសជាតិទាំងមូល។
ថ្លែងក្នុងពិធីនេះដែរ ឧត្ដមសេនីយ៍ឯក អ៊ុំ បុត្រ បានបញ្ជាឲ្យកម្លាំងយោធា ក្នុងខេត្តមណ្ឌលគិរី ត្រូវក្ដាប់សភាពការណ៍ តាមបន្ទាត់ព្រំដែនឲ្យបានល្អ និងត្រូវបង្កើនការប្រុងប្រយត្នការពារព្រំដែនគ្រប់ពេលវេលាមិនឲ្យជនបរទេសមានឱកាសកេងចំណេញលើបូរណភាព ទឹកដី របស់កម្ពុជាជាដាច់ខាត់ ត្រូវមាន ស្មារតីម៉ឺងមាត់ចំពោះការការពារព្រំដែនហើយកម្លាំងយោធាក៏ត្រូវសហការជាមួយកម្លាំងនគរបាល តាមបន្ទាត់ព្រំដែន ទប់ស្កាត់ជនអន្តោប្រវេសន៍ខុសច្បាប់ និងទប់ស្កាត់បទល្មើសផ្សេងៗផងដែរ។
ឧត្ដមសេនីយ៍ឯក អ៊ុំ បុត្រ បានថ្លែងទៀតថា កម្លាំងយោធាទាំងអស់ត្រូវបន្តខិតខំពង្រឹងសមត្ថភាពខ្លួនឲ្យបានល្អប្រសើរ និងមិនត្រូវប្រព្រឹត្តិល្មើសច្បាប់ ជាដាច់ខាតតួយ៉ាងដូចករណីស្រវឹងបាញ់បោះជាដើម គឺលោកមិនគាំទ្រនោះទេហើយកងកម្លាំងរូបណាដែលល្មើស និងច្បាប់គឺត្រូវប្រឈមចំពោះមុខ ច្បាប់ដោយខ្លួនឯង។
ឧត្ដមសេនីយ៍ឯក អ៊ុំ បុត្រ ក៏បានផ្ដាំផ្ញើដល់មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តមណ្ឌលគិរី ដែលទើបឡើងកាន់តំណែងត្រូវប្រើគុណធម៌ដឹកនាំ អង្គភាព រក្សាសន្តិភាព ទប់ស្កាត់ឲ្យបាននូវបដិវត្តន៍ពណ៌ សហការទប់ស្កាត់បទល្មើសផ្សេងៗ និងត្រូវដឹកនាំអង្គភាពយកគំរូតាមមេបញ្ជាការចាស់ ដែលមានស្នាដៃកសាងហេដ្ឋារចនាសម្ព័ន្ធរបស់អង្គភាពជាច្រើនកន្លងមកនេះ៕