(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជាបានឲ្យដឹងថា កម្ពុជានឹងបង្កើតព្រលានយន្ដហោះថ្មីបន្ថែមទៀត នៅក្នុងទីក្រុងភ្នំពេញ និងក្រុងសៀមរាប ដើម្បីអាចឲ្យយន្ដហោះធុនធំអាចចុះចតបាន និងដើម្បីឲ្យសមស្របជាមួយនឹងតម្រូវការកើនឡើង នៃវិស័យដឹកជញ្ជូនតាមផ្លូវអាកាសរបស់កម្ពុជា។
ការថ្លែងបែបនេះ របស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងនាឱកាសដែលសម្ដេចអញ្ជើញ ចូលរួមជាអធិបតីភាព ក្នុងកម្មវិធីសម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការនូវ សណ្ឋាគារ និងរមណីយដ្ឋានរបស់ក្រុមហ៊ុនសុខា នៅក្នុងខេត្តសៀមរាប នាព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៧។
សម្ដេចតេជា ហ៊ុន សែន បានថ្លែងឲ្យដឹងថា «ឥឡូវនេះ នៅសេសសល់តែសមត្ថភាពនៃព្រលានយន្ដហោះ ដែលយើងកំពុងនឹងគិត និងបន្ដដំណើរឆ្ពោះទៅរកការពង្រីក នូវព្រលានយន្ដហោះថ្មីៗបន្ថែមទៀត ដើម្បីឲ្យយន្ដហោះធុនធំអាចចុះចតបាន នៅក្នុងខេត្តសៀមរាបចាំបាច់ ត្រូវមាននៅព្រលានយន្ដហោះថ្មី ហើយនៅក្នុងទីក្រុងភ្នំពេញក៏ត្រូវគិតគូរ ព្រលានយន្ដហោះថ្មីដែរ ព្រោះព្រលានយន្ដហោះចាស់លែង សមស្របជាមួយនឹងតម្រូវការនៃការកើនឡើង នៃវិស័យដឹកជញ្ជូនតាមផ្លូវអាកាស របស់ព្រះរាជាណាចក្រកម្ពុជាទៀតហើយ។ នៅឯខេត្តព្រះសីហនុ ក៏ត្រូវពង្រីកផ្លូវរត់នៃយន្ដហោះ ដែលត្រូវបន្ដការពង្រីកនៅទីនោះ»។
សម្ដេចនាយករដ្ឋមន្ត្រីបញ្ជាក់ទៀតថា «ឥឡូវនេះ គេអាចហោះជាប្រព័ន្ធ គេអាចចុះមកសៀមរាបដោយត្រង់ អាចចុះទៅភ្នំពេញដោយត្រង់ និងអាចចុះទៅក្រុងព្រះសីហនុដោយត្រង់ ប៉ុន្ដែស្ថិតនៅត្រង់ថា សមត្ថភាពទទួលនៃប្រភេទយន្ដហោះ ដែលចាំបាច់ត្រូវដោះស្រាយបញ្ហានេះ បើសមត្ថភាពផ្លូវរត់ខ្លីទម្ងន់ទ្រ ដែលមិនអាចទ្រាំទ្របាន វាក៏កាត់បន្ថយនៃយន្ដហោះប្រភេទធំដែលអាចចុះចតបាន ចំណុចទាំងនេះ គឺសុទ្ធតែស្ថិតនៅក្នុងគោលដៅដែលមានរួចមកហើយ»។
កាលពីកំឡុងខែសីហា ឆ្នាំ២០១៧ អ្នកនាំពាក្យលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល លោក ស៊ិន ចាន់សិរីវុត្ថា បានថ្លែងបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News ថា ដំណើរការសាងសង់ ព្រលានយន្ដហោះខេត្តសៀមរាបថ្មី ដែលវិនិយោគទឹកប្រាក់ប្រមាណ៩០០លានដុល្លារ កំពុងស្ថិតដំណាក់កាលដោះមីន និងឈូសឆាយពង្រាបដី ដោយគ្រោងនឹងចាប់ផ្ដើមសាងសង់ជាផ្លូវការ នៅឆ្នាំក្រោយ។
អ្នកនាំពាក្យដដែលរូបនេះ បានបញ្ជាក់ទៀតថា គម្រោងសាងសង់ព្រលានយន្ដហោះថ្មីលើផ្ទៃដីជាង៧០០ហិកតា នៅស្រុកសូត្រនិគម ខេត្តសៀមរាបនេះ គឺមកដល់ដំណាក់កាល នូវការចរចាបញ្ចប់រវាងរាជរដ្ឋាភិបាល និងក្រុមហ៊ុនអាកាសយាន្ដដ្ឋានអន្ដរជាតិកម្ពុជា (SCA) របស់បារាំងតែប៉ុណ្ណោះ ចំពោះនីតិវិធីផ្សេងៗទៀត បានត្រៀមរួចរាល់អស់ហើយ។
សម្រាប់ព្រលានយន្ដហោះថ្មី១ទៀត ដែលមានទីតាំងនៅខេត្តកោះកុង វិនិយោគដោយក្រុមហ៊ុនចិន ឈ្មោះថា Union Development Group នូវទឹកប្រាក់ ប្រមាណ៣៥០លានដុល្លារអាមេរិក ក៏កំពុងតែធ្វើសកម្មភាព ឈូសឆាយដី លើផ្ទៃដីប្រមាណ៧៥០ហិកតាផងដែរ នៅក្នុងស្រុកបទុមសារគរ ខេត្តកោះកុង។
លោក ស៉ិន ចាន់សិរីវុត្ថា បានធ្លាប់បានបញ្ជាក់ថា ដោយសារតែនៅឆ្នាំ២០២៥ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មិនអាចពង្រីកសមត្ថភាពរបស់ខ្លួនទៀតបាន ជាមួយកត្តាចង្អៀតនៃការស្ទះចរាចរណ៍ រាំងស្ទះដល់វិស័យអាកាសចរណ៍ផងដែរនោះ ទើបរាជរដ្ឋាភិបាលកម្ពុជា មានទស្សនវិស័យថា នឹងសាងសង់ នូវព្រលានយន្តហោះអន្តរជាតិថ្មីមួយទៀត ដែលមានចម្ងាយពីភ្នំពេញ៥០គីឡូម៉ែត្រ។
សូមជម្រាបថា បច្ចុប្បន្នប្រទេសកម្ពុជា មានព្រលានយន្ដហោះអន្ដរជាតិចំនួន៣ ទី១៖ ព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ, ទី២៖ ព្រលានយន្ដហោះអន្ដរជាតិខេត្តសៀមរាប និងទី៣៖ ព្រលានយន្ដហោះអន្ដរជាតិ ខេត្តព្រះសីហនុ ដែលគ្រប់គ្រងដោយក្រុមហ៊ុនសប្បទានព្រលានយន្ដហោះ SCA របស់បារាំង ដែលមានកុងត្រារហូតដល់ឆ្នាំ២០៤០៕