(ភ្នំពេញ)៖ លោក នុត ពុធដារ៉ា ជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអភិបាលខណ្ឌដង្កោ នៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៧នេះ បានដឹកនាំមន្ត្រីរាជការខណ្ឌ សង្កាត់ ភូមិ ទៅទទួលទេយ្យវត្ថុពីព្រះគ្រូចៅអធិវត្តចំនួន០៥ រួមមាន៖ វត្តឫស្សីសាញ់ វត្តអង្គមេត្រី វត្តទឹកថ្លា វត្តស្វាយមាស និងវត្តទួលសំរោង។
ទេយ្យវត្ថុដែលត្រូវបានប្រគល់ជូនរដ្ឋបាលខណ្ឌ ជាគ្រឿងឧបភោគបរិភាគ រួមមាន៖ អង្ករ, មី, ទឹកត្រី, ទឹកស៊ីអ៊ីវ, ត្រីខ, តែស្ករ, ទឹកក្រូច, ទឹកសុទ្ធ សម្ភារប្រើប្រាស់ជាច្រើនមុខ និងថវិកា៤លានរៀល។
ព្រះភិក្ខុ ព្រហ្មជោតោ ម៉ា ធារី ចៅអធិការវត្តឫស្សីសាញ់ តំណាងព្រះគ្រូចៅអធិការទាំង០៥វត្ត បានមានសង្ឃដីកា អំពីការរីកចម្រើនរបស់វិស័យព្រះពុទ្ធសាសនា ដោយសារមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដូច្នេះព្រះសង្ឃក៏ត្រូវចែករំលែកជូនដល់ប្រជាពលរដ្ឋក្រីក្រ តាមរយៈទេយ្យវត្ថុបន្តិចបន្តួច ដើម្បីចូលរួមជាមួយរដ្ឋបាលខណ្ឌដង្កោ ដើម្បីដោះស្រាយការលំបាក និងតម្រូវការនានារបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
លោក នុត ពុធដារ៉ា បានធ្វើការថ្លែងអំណរព្រះគុណ ជូនដល់ព្រះគ្រូចៅអធិការទាំង០៥វត្ត ដែលបានផ្តល់នូវទេយ្យវត្ថុទាំងអស់ ជូនដល់រដ្ឋបាលខណ្ឌ សម្រាប់ប្រើប្រាស់ក្នុងគោលដៅមនុស្សធម៌ ជួយដល់ជនរងគ្រោះ ទុរគតជន ស្ត្រីម៉េម៉ាយ កុមារកំព្រា និងអ្នកផ្ទុកមេរោគអេដស៍ ជំងឺអេដស៍ ក្នុងមូលដ្ឋាន ហើយអំណោយទាំងអស់នេះ នឹងត្រូវប្រគល់ជូនដល់ដៃ បងប្អូនប្រជាពលរដ្ឋដោយផ្ទាល់នៅពេលខាងមុខ។
លោកអភិបាល ក៏បានលើកឡើងអំពីការរីកចម្រើនទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបាននាំមកនូវសន្តិភាព ការអភិវឌ្ឍ និងរីកចម្រើនលើគ្រប់វិស័យ ហើយកាយវិកានេះ បង្ហាញអំពីការកាត់ផ្តាច់ពីគ្នាមិនបានរវាងពុទ្ធចក្រ និងអាណាចក្រ ដែលទ្រទ្រង់គ្នាទៅវិញទៅមក រវាងពុទ្ធបរិស័ទ និងព្រះសង្ឃ៕