(កំពត)៖ កម្លាំងនគរបាលខេត្តកំពត សហការជាមួយកម្លាំងនគរបាលខេត្តកំពង់ចាម និងកម្លាំងនគរបាលខេត្តបាត់ដំបង បានបន្ដបង្ក្រាបក្រុមដាក់ថ្នាំសណ្ដំ៥នាក់ទៀត ដែលលាក់ខ្លួននៅខេត្តកំពត ក្រោយលើកមុនបង្ក្រាបបានម្នាក់ នៅខេត្តបាត់ដំបង ដែលក្រុមនេះតែងធ្វើសកម្មភាពដាក់ថ្នាំលួចយកម៉ូតូរបស់ពលរដ្ឋ។
ស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបនេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី០២ ខែតុលានេះ ដោយមានការសហការគ្នា ជាមួយកម្លាំងនគរបាលខេត្តបាត់ដំបង និងខេត្តកំពង់ចាម។
បើតាមលោកឧត្តមសេនីយ៍ស្នងការ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧កន្លងទៅ កម្លាំងនគរបាលខេត្តបាត់ដំបង បានចាប់ខ្លូនជនសង្ស័យម្នាក់ ឈ្មោះ ស៊ឹម ចាន់ថន ហៅឃួន ចន្ថន ហៅឥណ្ឌា អាយុ៣៥ឆ្នាំ មានទីលំនៅភូមិសត្វពង ឃុំសត្វពង ស្រុកឈូក ដែលជាមុខសញ្ញាលួចម៉ូតូ ដោយប្រើប្រាស់វិធីដាក់ថ្នាំសណ្ដំ ហើយក្រោយឃាត់ខ្លួន និងទទួលបានចម្លើយសារភាពផងនោះ កម្លាំងនគរបាលជំនាញបានបន្ដឃាត់ខ្លួនជនសង្ស័យ៣នាក់ទៀតនៅខេត្តកំពតតែម្ដង។
លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បញ្ជាក់ថាជនសង្ស័យដែលបង្ក្រាបនៅខេត្តកំពតនោះទី១៖ឈ្មោះ ម៉ម ហ៊ិន អាយុ៤២ឆ្នាំ នៅភូមិត្រពាំងស្លា ឃុំសំឡាញ ស្រុកអង្គរជ័យ មុខរបរគ្រូបង្រៀនអនុវិទ្យាល័យសំឡាញ។ ក្រោយឃាត់ខ្លួនដកហូតបាន ម៉ូតូវ៉េវ អាល់ហ្វា១គ្រឿង ពាក់ស្លាកលេខភ្នំពេញ 1P-7060 ហើយបានបន្ដឆែកផ្ទះជនសង្ស័យ និងដកហូតបានម៉ូតូហុងដា C125 ឆ្នាំ២០១៦ ពណ៌ខ្មៅ ស្លាកលេខបាត់ដំបង 1V-3063 និងស្លាកលេខចំនួន៦បន្ទះផ្សេងទៀត រួមមាន៖ភ្នំពេញ1CA-2195, ភ្នំពេញ1CQ-5105, កំពង់ស្ពឺ1G-5227, កំពង់ចាម1O-8799 និងកំពត1E-2266។
ជនសង្ស័យទី២៖ឈ្មោះ ហ៊ឺ គឹមហៃ អាយុ៥០ឆ្នាំ នៅភូមិស្តុក ឃុំសំឡាញ ស្រុកអង្គរជ័យ ហើយពេលឃាត់ខ្លួននោះ ដកហូត ម៉ូតូស្កូពី១គ្រឿង ពណ៌ផ្កាឈូកលាយស ពាក់ស្លាកលេខភ្នំពេញ1BB-4922, ទី៣៖ឈ្មោះ ឃិន ណី អាយុ៤៨ឆ្នាំ នៅភូមិកសិករ ឃុំសំឡាញ ស្រុកអង្គរជ័យ ហើយពេលឃាត់ដកហូត ម៉ូតូស្កូពី ពណ៌ខ្មៅ ១គ្រឿង ពាក់ស្លាកលេខកំពត1J-6829។ ដោយឡែកជនសង្ស័យដែលបង្ក្រាបនៅស្រុកឈូក ចំនួន២នាក់វិញ ទី១៖ ឈ្មោះ គឹម សេងដុស អាយុ២៧ឆ្នាំ នៅភូមិក្រសាំង ឃុំឈូក និងទី២៖ និន មាំង អាយុ២៧ឆ្នាំ នៅភូមិក្រសាំង ឃុំឈូក ដោយមិនបានដកហូតអ្វីនោះទេ។
ក្រោយឃាត់ខ្លួនជនសង្ស័យទាំងអស់នោះ ត្រូវព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត ឯកភាពឲ្យបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងវិញ ដែលជាម្ចាស់ករណី ដើម្បីចាត់ការបន្ដតាមនីតិវិធី៕