(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជាថ្មីម្តងទៀត បានបញ្ជាឲ្យមន្រ្តីក្រោមឱវាទរបស់ខ្លួន ចុះពិនិត្យមើលប្រឡាយទឹកឡើងវិញ ពីទំហំឲ្យបានត្រឹមត្រូវ និងបានបង្គាប់ឲ្យមន្ត្រីជំនាញ ទាំងអស់នោះ ត្រូវចេះតែរក្សាការពារឲ្យបានខ្ជាប់ខ្ជួន។ លោកថ្លែងបែបនេះ នៅក្នុងពិធីតែងតាំង និងផ្ទេរភារកិច្ចមន្ដ្រីសាលារាជធានីភ្នំពេញមួយកញ្ចប់ នាពេលរសៀលថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៧នេះ។
លោក ឃួង ស្រេង បានសង្កត់ធ្ងន់ថា «ខ្ញុំបាននិយាយជាលើកទី៣ហើយ! ត្រូវបញ្ជូនអ្នកច្ចេកទេសទៅវាស់មើល បន្ទាប់មកត្រូវលើកប៉ាណូថាប្រឡាយនេះទំហំប៉ុណ្ណា? ទោះបីប្រឡាយនឹងនៅណា ក៏ដោយត្រូវបោះបង្គោលឡើងវិញ។ នេះជារឿងដែលយើងត្រូវធ្វើ បើយើងមិនធ្វើបន្តិចទៀត ទីក្រុងយើងនឹងកើនឡើងដល់៥លាននាក់ តើរំដោះទឹករួចទេ?»។
លោកបានបន្ថែមថា មន្ត្រីដែលពាក់ព័ន្ធគួរតែគិតនាំគ្នាអនុវត្តឲ្យវបានទាំងអស់គ្នា និងជួយគ្នាស្វែងរកវិធីសាស្ត្រក្នុងការដោះស្រាយ ដើម្បីធ្វើយ៉ាងណាឲ្យមានភាពប្រក្រតីរបស់ប្រឡាយទឹក នៅក្នុងរាជធានីភ្នំពេញ។
សូមរម្លឹកថា កាលពីថ្មីនេះ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានទទួលស្គាល់ថា ប្រឡាយលូមួយចំនួនពិតជាត្រូវបានប្រជាពលរដ្ឋរំលោភ យកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ហើយបញ្ហានេះ អាជ្ញាធររាជធានីភ្នំពេញ ក្នុងនាមជាអាណាព្យាបាលប្រជាពលរដ្ឋកំពុងតែធ្វើការដោះស្រាយយ៉ាងស្រស្រាក់ស្រស្រាំផងដែរ៕
សូមជម្រាបថា នៅក្នុងពិធីតែងតាំង និងផ្ទេរភារកិច្ចមន្ដ្រីសាលារាជធានីភ្នំពេញមួយកញ្ចប់ នាពេលរសៀលនេះ ក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ សាលារាជធានី នាយឧត្តមសេនីយ៍ស្នងការ អភិបាលខណ្ឌទាំង១២ និងមន្ដ្រីរាជការពាក់ព័ន្ធ មួយចំនួនទៀត។
ខាងក្រោមនេះជាអនុក្រឹត្យ និងសេចក្ដីប្រកាសតែងតាំង និងផ្ទេរភារកិច្ចមន្ដ្រីរាជការ ចំណុះឲ្យសាលារាជធានីភ្នំពេញ។
* សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧នេះ បានចេញអនុក្រឹត្យតែងតាំងអភិបាលថ្មី ខណ្ឌសែនសុខ ដោយផ្ទេរភារកិច្ចលោក ប៉ិល កុសល ទៅបម្រើការងារនៅក្រសួងមហាផ្ទៃ ជំនួសដោយ លោក ម៉ូវ ម៉ានិត ដែលបច្ចុប្បន្ន ជានាយករដ្ឋបាលសាលាខេត្តពោធិ៍សាត់។
* សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញសេចក្តីសម្រេចផ្ទេរភារកិច្ចអភិបាលរងខណ្ឌចំនួន៥រូប ឲ្យទៅបម្រើការងារនៅសាលារាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧។ យោងតាមសេចក្តីសម្រេចដដែលនេះ បានបញ្ជាក់ឲ្យដឹងថា ទី១ លោក ធិ ងិ ឋានន្តរស័ក្តិវរមន្ត្រីថ្នាក់លេខ៤ ពីអភិបាលរងខណ្ឌជ្រោយចង្វា ឲ្យទៅបម្រើការងារនៅសាលារាជធានីភ្នំពេញ ។ ទី២ លោកស្រី សក់ ចិន្តារី ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ៣ ពីអភិបាលរងខណ្ឌ៧មករា ឲ្យទៅបម្រើការងារនៅសាលារាជធានីភ្នំពេញ ទី៣ លោក កូប ស្លេះ ឋានន្តរស័ក្តិនាយក្រមការ ថ្នាក់លេខ១ ពីអភិបាលរងខណ្ឌទួលគោក ឲ្យទៅបម្រើការងារនៅសាលារាជធានីភ្នំពេញ ទី៤ លោក អ៊ុក សាកល ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ១ ពីអភិបាលរងខណ្ឌដូនពេញ ឲ្យទៅបម្រើការងារនៅសាលារាជធានីភ្នំពេញ និងទី៥ លោកស្រី សុត ចណ្ណារា ឋានន្តរស័ក្តិនាយក្រមការ ថ្នាក់លេខ៣ ពីអភិបាលរងខណ្ឌទួលគោក ឲ្យទៅបម្រើការងារនៅសាលារាជធានីភ្នំពេញ។
* សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧ បានចេញសេចក្តីសម្រេចផ្ទេរភារកិច្ច និងតែងតាំងមុខដំណែងជាអភិបាលរងខណ្ឌ នៃសាលារាជធានីភ្នំពេញចំនួន៨រូប។ នៅក្នុងសេចក្តីប្រកាសចុះថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧បាន សម្រេចភារកិច្ចលោកស្រី ទាវ ឆវីមនីរ៉ា ពីអភិបាលរងខណ្ឌចំការមន ឲ្យទៅជាអភិបាលរងខណ្ឌ៧មករា, ផ្ទេរភារកិច្ចលោកស្រី ព្រុំ រដ្ឋា ពីអភិបាលរងខណ្ឌសែនសុខ ឲ្យទៅជាអភិបាលរងខណ្ឌទួលគោក និងផ្ទេរភារកិច្ចលោកស្រី លី រ៉ូហ្សាមី ពីអភិបាលរងខណ្ឌឬស្សីកែវ ឲ្យទៅជាអភិបាលរងខណ្ឌសែនសុខ។
* សម្តេចក្រឡាហោម ស ខេង ក៏បានសម្រេចតែងតាំងអភិបាលរងខណ្ឌចំនួន៥រូបផងដែររួមមាន៖ ទី១-តែងតាំងលោក កៅ សារ៉ាវុធ ជាអភិបាលរងខណ្ឌជ្រោយចង្វារ ទី២-តែងតាំងលោក ចាន់ គន្ថេត ជាអភិបាលរងខណ្ឌដូនពេញ ទី៣-តែងតាំងលោក ចាន់ បណ្ឌិត ជាអភិបាលរងខណ្ឌទួលគោក ទី៤-តែងតាំងលោកស្រី សួស សូលីដា ជាអភិបាលរងខណ្ឌឬស្សីកែវ និងទី៥-តែងតាំងលោកស្រី កែវ សាម៉ុល ជាអភិបាលរងខណ្ឌចំការមន។
* សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧ បានចេញសេចក្តីប្រកាសតែងតាំងមុខដំណែង នាយករដ្ឋបាលថ្មីនៅសាលា ខណ្ឌជ្រោយចង្វារ សាលាខណ្ឌព្រែកព្នៅ និងសាលាខណ្ឌដូនពេញចំនួន៣រូប។ នៅក្នុងសេចក្តីប្រកាសតែងតាំងលោក សែម ដារិទ្ធ ជានាយករដ្ឋបាលសាលាខណ្ឌជ្រោយចង្វារ, តែងតាំងលោក ស៊ឹម សុផង់ ជានាយករដ្ឋបាលសាលាខណ្ឌព្រែកព្នៅ និងតែងតាំងលោក ចាប ឌីណា ជានាយករដ្ឋបាលសាលាខណ្ឌដូនពេញ៕