(ភ្នំពេញ)៖ ក្រុមប្រតិបត្តិការចម្រុះនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៧នេះ សហការជាមួយស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ សមត្ថកិច្ចដែនដី និងអាជ្ញាធរមូលដ្ឋាន បានចុះត្រួតពិនិត្យ និងឆែកឆេរគោលដៅ សិប្បកម្មឈើចំនួន០២កន្លែង ស្ថិតនៅភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានប្រាប់អង្គភាព Fresh News ឲ្យដឹងថា ប្រតិបត្តិការនេះ ស្ថិតក្រោមការសម្របសម្រួល ពីលោក សៀង សុខ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលជាលទ្ធផល រកឃើញជនជាតិវៀតណាម០៨នាក់ ស្រីម្នាក់ បានលួចស្នាក់នៅដោយខុសច្បាប់ គ្មានលិខិតឆ្លងដែន គ្មានប័ណ្ណការងារ និងប្រើប្រាស់ឯកសារមិនត្រឹមត្រូវ។
បើតាមប្រធាននាយកដ្ឋានរូបនេះ ក្រោយឃាត់ខ្លួនជនជាតិវៀតណាមទាំង០៨នាក់នេះ បានបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រួតពិនិត្យឯកសារតាមនីតិវិធី៕