(ភ្នំពេញ)៖ នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០១៧នេះ បានថ្លែងអំពាវនាវដល់ប្រជាជនកម្ពុជារួមគ្នាធ្វើពហិការឈប់ទិញ និងទទួលទានបន្លែ ម្ហូបអាហារដែលមានផ្ទុកសារធាតុគីមី ដែលប៉ះពាល់ដល់សុខភាព។
សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា ឆ្លើយបតនឹងការអំពាវនាវរបស់ប្រជាពលរដ្ឋចំពោះរាជរដ្ឋាភិបាលក្នុងការលុបបំបាត់ការនាំចូល និងការលក់បន្លែម្ហូបអាហារ មានជាតិគីមីនោះ សម្តេចសូមអំពាវនាវត្រឡប់ទៅវិញថា សុំឲ្យប្រជាពលរដ្ឋទិញបន្លែ និងម្ហូបអាហារ ត្រូវពិនិត្យឲ្យបានដិតដល់ និងច្បាស់លាស់ត្រូវឈប់ទិញម្ហូបអាហារ ដែលមានជាតិគីមី នៅពេលដែលប្រជាពលរដ្ឋឈប់ទិញ នោះអ្នកដាំ និងអ្នកលក់នឹងឈប់លក់ និងឈប់ដាំដោយខ្លួនឯង ព្រោះគ្មានអ្នកទិញ លក់មិនដាច់។
ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការនូវសណ្ឋាគារ និងរមណីយដ្ឋានរបស់ក្រុមហ៊ុនសុខា នៅក្នុងខេត្តសៀមរាប សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវ យ៉ាងដូច្នេះថា «ខ្ញុំបានស្តាប់ឮហើយ នៃសំឡេងអំពាវនាវរបស់ប្រជាជនថា កុំឲ្យនាំចូលនូវបន្លែបង្កាដែលមានជាតិគីមី ឬក៏អ្នកដាំដែលប្រើប្រាស់ជាតិគីមីច្រើន ហើយយកមកលក់នៅលើទីផ្សារ។ ខ្ញុំផ្តាំផ្ញើត្រឡប់ទៅវិញថា សុំមេត្តាកុំទិញនូវអ្វីដែលមានជាតិគីមីទៅវាចប់បាត់ទៅហើយ។ ដោយសារតែយើងសម្រុកទៅទិញអាគីមីហ្នឹង ដូច្នេះគេចេះតែលក់តទៅទៀតហើយ។...ឥឡូវខ្ញុំសុំត្រឡប់ទៅវិញ សុំប្រជាពលរដ្ឋរួមគ្នា ពហិការកុំទិញទំនិញ និងម្ហូបអាហាររបស់អ្នកលក់ណាដែលដាក់សារធាតុគីមី មុននឹងទិញសូមពិនិត្យមើលឲ្យបានច្បាស់»។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យជំរុញការដាំដុះបន្លែបង្កាគ្មានជាតិគីមី ដើម្បីផ្គត់ផ្គង់នៅតាមសណ្ឋាគារ និងកន្លែងផ្តល់សេវាកម្មទេសចរ ដោយត្រូវគិតគូរជាសំខាន់ចំពោះសុវត្ថិភាពម្ហូបអាហារសម្រាប់ភ្ញៀវទេសចរ ដោយមិនត្រូវឲ្យភ្ញៀវទទួលអាហាររួចហើយ រាគរូសនោះទេ។
សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវធ្វើការងារជាមួយកសិករ ដើម្បីបង្កើតជាក្រវាត់បៃតង តាមរយៈការដាំដុះបន្លែបង្កា និងចិញ្ចឹមសត្វជាដើម។
សូមបញ្ជាក់ថា យោងតាមការសិក្សារបស់អង្គការស្បៀងអាហារ និងកសិកម្ម អង្គការសហប្រជាជាតិ បានរកឃើញថា ក្នុង១ឆ្នាំៗបន្លែប្រមាណជិត១លានតោន ត្រូវបាននាំយកមកផ្គត់ផ្គង់ ក្នុងទីផ្សារប្រទេសកម្ពុជា ដែលក្នុងនោះបរិមាណបន្លែដែលផ្គត់ផ្គង់ក្នុងស្រុកត្រឹមតែ៤៤%ប៉ុណ្ណោះ ខណៈការនាំចូលមានរហូតដល់៥៦% ពីប្រទេសវៀតណាម និងប្រទេសថៃ។ បរិមាណបន្លែដែលកំពុងផ្គត់ផ្គង់ ដោយប្រទេសជិតខាង មកកាន់រាជធានីភ្នំពេញ គឺមានរហូតដល់ប្រមាណ២០០ ទៅ៣០០តោន ក្នុងមួយថ្ងៃៗ៕