(ស្វាយរៀង)៖ ថ្លែងប្រាប់បណ្ដាញសារព័ត៌មាន Fresh News នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៧នេះ លោកឧត្តមសេនីយ៍ឯក កេ ដា អគ្គលេខាធិការរងអាជ្ញាធរគីមី នៃក្រសួងការពារជាតិ និងជាអ្នកនាំពាក្យក្នុងប្រតិបត្តិការដោះគ្រាប់បែកគីមី នៅក្នុងឃុំគគីរ ស្រុករមាស​ហែក ខេត្តស្វាយរៀង បានបញ្ជាក់ឲ្យដឹងថា ប្រតិបត្តិការដោះគ្រាប់បែកគីមី ដែលបន្សល់ទុកពីការទម្លាក់របស់សហរដ្ឋអាមេរិក បានចាប់ផ្ដើមហើយនៅថ្ងៃនេះ។

អ្នកនាំពាក្យប្រតិបត្តិការគ្រាប់បែកគីមីរបស់អាមេរិក ដែលកំពុងឈរជើងនៅទីតាំងគ្រាប់បែកបានបញ្ជាក់ទៀតថា នៅថ្ងៃនេះចាប់តាំងពីព្រឹករហូតដល់ពេលរសៀល មន្រ្ដីជំនាញរបស់ស៊ីម៉ាក់ និង​មន្ដ្រី​របស់អាជ្ញាធរគីមី បានរៀបចំបោសសំអាតបរិវេណទីធ្លា នៃតំបន់ប្រតិបត្តិការ រួមទាំងរៀបចំផ្លូវសម្រាប់ចូលផងដែរ។

លោកឧត្តមសេនីយ៍ឯកបានបញ្ជាក់ទៀតថា បន្ទាប់ពីរៀបចំសំអាតទីធ្លា កន្លែងប្រតិបត្តិការ រួចមន្រ្ដីជំនាញនឹងចាប់ផ្ដើមបើកប្រតិបត្តិការជីកកាយ នៅទីតាំងគ្រាប់បែកផ្ទាល់តែម្ដង ដែលនៅពេលនោះ នៅត្រូវជម្លៀសប្រជាជន ទៅរកកន្លែងសុវត្ថិភាពផងដែរ។

លោកឧត្តមសេនីយ៍ឯក បានបន្ថែមទៀតថា បើទោះបីអាកាសធាតុមិនអំណោយផល ដោយសារតែមានភ្លៀងធ្លាក់ នៅថ្ងៃនេះក្តី ក៏ប្រតិបត្តិការរៀបចំសំអាតទីធ្លា នៅតែបន្ដធ្វើដដែលមិនប៉ះពាល់ឡើយ។ តែយ៉ាងណានៅពេលដែលបើកប្រតិបត្តិការធំ គឺការចាប់ផ្ដើម​ចូលវាយ​លុកទីតាំងគ្រាប់បែកនោះ ប្រសិនបើមានភ្លៀងធ្លាក់ខ្លាំងប្រតិបត្តិការ គឺត្រូវពន្យារពេល។

លោកបានឲ្យដឹងទៀតថា ចំពោះផែនការជម្លៀសប្រជាជនចេញ ពីជុំវិញទីតាំងគ្រាប់បែកនឹងត្រូវប្រជុំពិភាក្សា ជាមួយអាជ្ញាធរដែនដី​ជាមុនសិន៕