(សៀមរាប)៖ ថ្លែងចេញពីទឹកដីនៃខេត្តសៀមរាប ជាទីដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ត្រូវបានគេលបវាយប្រហារប៉ុនប៉ងបញ្ចប់ជីវិត កាលពីឆ្នាំ១៩៩៨នោះ, សម្ដេចតេជោ ហ៊ុន សែន បានបញ្ចេញនូវប្រតិកម្មយ៉ាងខ្លាំងថា គេហ៊ានលើកដៃបាញ់ប្រហារប៉ង់សម្លាប់សម្ដេច គេធ្វើទៅបាន ចុះហេតុអ្វីសម្ដេចគ្រាន់តែកម្ចាត់ជនក្បត់ជាតិ ដើម្បីការពារប្រទេស និងប្រជាជន សម្ដេចធ្វើមិនបានបែបនេះ។

ក្រៅពីប្រតិកម្មបែបនេះ នាយករដ្ឋមន្ដ្រីដ៏មានឥទ្ធិពលរបស់កម្ពុជា ដែលបានយកជីវិតទៅប្ដូរដើម្បីរំដោះប្រទេសឲ្យផុតពីភ្លើងសង្គ្រាមនោះ បានចោទជាសំណួរថា អាមេរិកទម្លាក់គ្រាប់បែកសម្លាប់ខ្មែរ អង្គការសហប្រជាជាតិទទួលស្គាល់ខ្មែរក្រហម ដែលជារបបប្រល័យពូជសាសន៍ខ្មែរ ហេតុអីក៏គេអាចធ្វើទៅរីឯសម្តេចត្រឹមតែ អនុវត្តន៍ច្បាប់ ដើម្បីការជាតិ និងប្រជាជនហេតុអ្វីក៏ធ្វើមិនបាន។

ក្នុងឱកាសអញ្ជើញសម្ពោធដាក់​ឲ្យប្រើប្រាស់​ជាផ្លូវការនូវសណ្ឋាគារ និងរមណីយដ្ឋានរបស់ក្រុមហ៊ុនសុខា នៅខេត្តសៀមរាប នៅព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៧នេះ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះថា ​«គេលើកដៃប្រហារជីវិតខ្ញុំ តាមរយៈការដាក់បង្កៃគ្រាប់បែក៤គ្រាប់ ដែលអាចថាគ្មានឆ្អឹងគ្មានឆ្អែងទេ​ បើសិនជាវាផ្ទុះទាំង៤គ្រាប់ មិនចាំបាច់ត្រូវទេ គ្រាន់តែវាផ្ទុះនៅកន្លែងហ្នឹង គឺវាគ្រប់គ្រាន់ដើម្បីការស្លាប់ហើយ មិចក៏គេធ្វើបាន ឯខ្ញុំគ្រាន់តែអនុវត្តច្បាប់ ដែលច្បាប់បានចែងថា អំពើក្បត់ជាតិ វាត្រូវមានទោសបែបណា មិចក៏ខ្ញុំធ្វើមិនបាន ហើយខ្ញុំធ្វើមិនមែនដើម្បីជីវិតខ្ញុំម្នាក់ទេ ដើម្បីសេចក្ដីសុខរបស់ប្រទេសមួយ ​ប្រជាជាតិមួយ ហើយក៏ដើម្បីឯករាជ្យ អធិបតេយ្យរបស់ប្រទេសមួយដែរ»

ប្រមុខនៃរាជរដ្ឋាភិបាល បានបន្ដដោយសំដីធ្ងន់ៗ និងខ្លាំងៗទៀតថា​ «គេ (សហរដ្ឋអាមេរិក) ទម្លាក់គ្រាប់បែកលើប្រទេសរបស់យើង សម្លាប់ប្រជាជនរាប់សែន រាប់លាននាក់ មិចក៏គេធ្វើបាន អង្គការសហប្រជាជាតិទទួលស្គាល់ខ្មែរក្រហម ឲ្យអង្គុយនៅអង្គការសហប្រជាជាតិមិចក៏គេធ្វើបាន ឯខ្ញុំគ្រានតែដឹកនាំ ដើម្បីអនុវត្តច្បាប់ ការពារនូវសន្ដិសុខជាតិ ការពារឯករាជ្យអធិបតេយ្យរបស់ប្រទេស មិចក៏ធ្វើមិនបាន នេះជាចំណុចដែលត្រូវចោទសួរ»

នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលឆ្លងកាត់ភ្លើងសង្គ្រាមរំដោះប្រទេសឲ្យមានសុខសន្ដិភាពរហូតដល់សព្វថ្ងៃនេះបានប្រកាសថា ​សម្ដេចនឹងបន្ដដឹកនាំប្រទេស និងកម្ចាត់ ជនក្បត់ជាតិ ដោយគ្មានការរុញរា គ្មានញញើតជាមួយអ្វីទាំងអស់ ដើម្បីការរស់រានមានជីវិត ការគង់រង្សនូវសមិទ្ធផលដែល​បានរកបាន ដោយលំបាកមិនមែនជាការ ងាយស្រួលទម្រាំបានមកដល់សព្វថ្ងៃនេះ។

ដូច្នេះហើយសម្ដេចតេជោ ហ៊ុន សែន ​បានប្រាប់ទៅកាន់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ថា ​ត្រូវរួមគ្នា ថែរក្សាគ្នា ចង់ការពារនូវសមិទ្ធផល ចង់ការពារនូវមុខរបរ ចង់ការពារនូវការងារ ដែលយើងបាននិងកំពុងមាន ចាំបាច់ណាស់ត្រូវរួមគ្នារក្សាសន្ដិភាព​ ស្ថេរភាពឲ្យខាងតែបាន បើមិនដូច្នេះទេរឿងរ៉ាវវានឹងកើត ព្រោះបច្ចុប្បន្នបញ្ហានូវលើពិភពលោកកាន់តែកើតឡើង។

​បើទោះបីថ្លែងមិនបញ្ចេញឈ្មោះ ចំពោះបុគ្គលដែលត្រូវបានចាប់ខ្លួន ដោយទង្វើក្បត់ជាតិនោះ​ ក៏មហាជនអាចសន្និដ្ឋានបានថា បុគ្គលនោះ គឺជា លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅរំលងអាធ្រាត្រឈានចូលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ នៅផ្ទះរបស់​លោកស្ថិតក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ការចាប់ខ្លួនបន្ទាប់ពីលោក កឹម សុខា តាមរយៈវីដេអូដែលបង្ហោះលើបណ្តាញព័ត៌មាន CBN បានរៀបរាប់ពីការរៀបចំផែនការមួយចំនួន ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការជួយជ្រោមជ្រែងពីសហរដ្ឋអាមេរិក។

លោក កឹម សុខា ត្រូវបានលោក​ គី​ ឫទ្ធី​ ចៅក្រម​ស៊ើបសួរ​ និង​ជា​អនុ​ប្រធាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​០៦​ ខែ​កញ្ញា​ ឆ្នាំ​២០១៧​ សម្រេច​ចេញ​ដីកា​ឃុំ​ខ្លួន​​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ ដោយ​​ចោទ​ប្រកាន់​ពី​​បទ​ល្មើស «ក្បត់​ជាតិ​» ដែល​អាច​ប្រឈម​មុខ​នឹង​ការ​ជាប់​ពន្ធនាគារ​ពី​១៥ឆ្នាំ​ទៅ​៣០ឆ្នាំ​៕