(ព្រះវិហារ)៖ ក្នុងគោលបំណងរៀបចំសោភ័ណ្ឌភាព បរិស្ថាន អនាម័យ នៅជុំវិញបរិវេណរង្វង់មូលផ្សារស្រអែម ក្នុងស្រុកជាំក្សាន្ត ដើម្បីសំរួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ ក្នុងការទៅទស្សនាប្រាសាទព្រះវិហារ ក៏ដូចជាគិតគូរដល់ការរស់នៅ របស់ប្រជាពលរដ្ឋ និងអាជីវករនៅផ្សារស្រអែម លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ រួមជាមួយថ្នាក់ដឹកនាំមន្ត្រីរាជការ បានចុះពិនិត្យមើលស្ថានភាពនានា នៅរង្វង់មូលផ្សារស្រអែម ក៏ដូចបរិវេណផ្សារស្រអែមផងដែរ។
នៅក្នុងឱកាសនោះ លោកអភិបាលខេត្ត អ៊ុន ចាន់ដា បានថ្លែងជំរុញឲ្យជំនាញមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ត្រូវរៀបចំដាក់លូប្រអប់នៅជុំវិញផ្សារស្រអែម និងពីរង្វង់មូលផ្សារស្រអែម ទៅប្រាសាទព្រះវិហារ និងពីរង្វង់មូលផ្សារស្រអែម មកស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
លោក អ៊ុន ចាន់ដា បានឲ្យដឹងថា ការដែលដាក់លូប្រអប់នេះ គឺដើម្បីបញ្ជៀសការលិចលង់ នៅរដូវវស្សា ចំពោះប្រជាពលរដ្ឋដែលរស់នៅជាប់ផ្លូវជាតិ ត្រូវតែគោរពតាមច្បាប់ភូមិបាល គឺត្រូវសាងសង់លំនៅដ្ឋានឲ្យឃ្លាតពីផ្លូវ ដូចដែលច្បាប់បានកំណត់ និងមិនត្រូវយកចំណីផ្លូវធ្វើអាជីវកម្មនោះទេ។ លោក អ៊ុន ចាន់ដា ក៏បានផ្តាំផ្ញើឲ្យជំនាញមន្ទីរសាធារណការខេត្ត ត្រូវតែអនុវត្តន៍ទៅតាមបទដ្ឋាន តាមស្តង់ដារពិសេស គឺឲ្យមានគុណភាព ប្រយោជន៍ដើម្បីឲ្យការប្រើប្រាស់បានយូរអង្វែង។
លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានថ្លែងប្រាប់ភ្នាក់ងារ Fresh News នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៧នេះថា ផ្អែកតាមការណែនាំរបស់លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ មន្ទីរនិងរៀបការងារនេះ ឲ្យលឿនបំផុតតាមដែលអាចធ្វើទៅបាន។
លោកប្រធានមន្ទីរ បានបញ្ជាក់ថា ការរៀបចំដាក់លូប្រអប់នៅជុំវិញបរិវេណផ្សារស្រអែម ក៏ដូចជាការដាក់លូពីរង្វង់មូលផ្សារស្រអែម ទៅស្រុកត្រពាំងប្រាសាទ និងពីរង្វង់មូលផ្សារស្រអែម ទៅប្រាសាទព្រះវិហារ ពិតជាមានសារៈសំខាន់ណាស់ ព្រោះបានធ្វើឲ្យទឹកមិនលិចលង់នៅរដូវវស្សា រំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ក៏ដូចជាការលក់ដូររបស់អាជីវករ។
លោកបានបន្ថែមទៀតថា ចំពោះលូដែលគំរោងដាក់ពីរង្វង់មូលទៅស្រុកត្រពាំងប្រាសាទ គឺយើងដាក់ប្រវែងជាង៣០០ម៉ែត្រ ហើយទៅប្រាសាទព្រះវិហារ គឺជាង៣០០ម៉ែត្រដូចគ្នា។
លោក សំ លាងទ្រី បានឲ្យដឹងថា ផលប្រយោជន៍ដែលទទួលបានក្រោយ ពីបានដាក់លូនេះរួច គឺយើងបញ្ជៀសបានការលិចលង់ផ្ទះសំបែង និងការលក់ដូររបស់ប្រជាពលរដ្ឋនៅក្នុងផ្សារស្រអែម ហើយម៉្យាងទៀត ធ្វើឲ្យផ្លូវថ្នល់យើង ប្រើប្រាស់បានយូរដោយសារការមិនដក់ទឹក ហើយលោកសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអាជីវករលក់ដូរត្រូវចូលរួមថែរក្សាលូនេះ ដើម្បីឲ្យប្រើប្រាស់បានយូរ ពិសេសកុំបោះចោលកាកសំណល់ផ្សេងៗ ទៅក្នុងលូដែលបង្ករឲ្យលូស្ទះ។
បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអាជីវករលក់ដូរនៅផ្សារស្រអែម មានក្តីរំភើបរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅចំពោះលោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ ដែលបានគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខ និងការរស់នៅរបស់ប្រជាពលរដ្ឋ។
ពួកគាត់បានបន្តថា កាលគ្រោះទឹកជំនន់ទឹកភ្លៀងកន្លងទៅ ក្នុងផ្សារស្រអែម រងការលិចលង់បណ្តាលឲ្យខូចខាតទំនិញផ្សេងៗជាច្រើន ដូច្នេះក្រោយពីបានដាក់លូរួចពួកគាត់លែងមានការព្រួយបារម្ភរឿងលិចលង់ដូចពេលមុនហើយ៕