(ភ្នំពេញ)៖ សន្តិសុខក្រុមហ៊ុនឯកជន៦នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយពីមានការសង្ស័យពាក់ព័ន្ធ អំពើឃាតកម្មលើស្រ្តីម្នាក់ កាលពីព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅផ្ទះលេខ៣១ ក្រុម១២ ផ្លូវលេខ៦បេតេ ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។
មន្ដ្រីនគរបាលមូលដ្ឋាន បានឲ្យដឹងនៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៧នេះថា ស្ត្រីរងគ្រោះឈ្មោះ គឹម សុផុនវឌ្ឍនា អាយុ៣៦ឆ្នាំ មុខរបរជាពាណិជ្ជករ ស្នាក់នៅផ្ទះខាងលើ និងមានប្តីឈ្មោះ ត្រាង ទី អាយុ៤៨ឆ្នាំជាពាណិជ្ជករ មានកូន២នាក់ ប្រុសម្នាក់អាយុ៤ឆ្នាំ និងស្រីម្នាក់អាយុ៨ឆ្នាំ រស់នៅក្នុងបន្ទុកគ្រួសារ។
សមត្ថកិច្ចបញ្ជាក់ថា ស្រ្តីរងគ្រោះកំពុងលង់លក់ក្នុងដំណេក ស្រាប់តែជនដៃដល់លបលួចចួល ទៅប៉ុនប៉ងវាយប្រហារសម្លាប់ផ្តាច់ជីវិត តែមិនបានសម្រេច គ្រាន់តែបណ្តាលឲ្យរងរបួសហូរឈាមពេញខ្លួន។
បើតាមបុរសជាប្តីបានឲ្យដឹងថា គ្រួសារគាត់មិនដែលមានទំនាស់ ជាមួយអ្នកណាឡើយ ហើយមុនកើតហេតុ កាលពីវេលាម៉ោង៤ព្រឹកថ្ងៃទី០១ ខែតុលា គាត់បានភ្ញាក់ពីដំណេក ត្រូវធ្វើដំណើរទៅខេត្តសៀមរាប ដើម្បីទំនាក់ទំនងការងារ ដោយឲ្យជំនួយការបើករថយន្តមកទទួលជិះចាកចេញទៅ ដោយមិនបាន ចាក់សោទ្វារ បន្ទប់ ផ្ទះ គ្រាន់តែដាក់គន្លឹះទ្វាររបងមុខហើយ ក៏ជិះរថយន្តចាកចេញទៅ លុះដល់វេលាម៉ោង៤៖៣០នាទី ស្រាប់តែកូនស្រីទូរស័ព្ទប្រាប់ថា ម្តាយមានឈាមប្រឡាក់ពេញមុខ ពេញខ្លួនលើពូក ពេលនោះគាត់ក៏វិលត្រឡប់មកផ្ទះវិញ និងមានការឆោឡោដឹកប្រពន្ធបញ្ជូនទៅគ្លីនិក រួចរាយការណ៍ប្រាប់សមត្ថកិច្ចចុះទៅពិនិត្យ។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញខណ្ឌ ក្រុង ចុះទៅពិនិត្យកោសល្យវិច័្ឆយ រកឃើញសម្ភារបន្សល់ទុក ពិលពាក់ក្បាលសន្តិសុខ ខ្សែក្រវ៉ាត់ ខាងក្បាលប្រឡាក់សុទ្ធតែឈាម មួកសន្តិសុខ១ ស្បែកជើងផ្ទាត់មួយចំហៀង ទើបសមត្ថកិច្ចឈានទៅដល់ឃាត់ខ្លួន សន្តិសុខ៦នាក់ទៅសាកសួរនៅអធិការដ្ឋានខណ្ឌសែនសុខ ហើយក្នុងនោះសន្តិសុខ២នាក់មានផ្ទុកសារធាតុញៀន។ បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត និងកសាងសំណុំរឿងចាត់ការបន្ដ៕