(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ លឹម ឡុង ប្រធាននាយកដ្ឋានសវនកម្មទី១ ត្រូវបានរាជរដ្ឋាភិបាលសម្រេចធ្វើការតែងតាំងជាអគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងមហាផ្ទៃ។
យោងតាមអនុក្រឹត្យលេខ១០៤៧ អនក្រ.តត ចុះថ្ងៃទី០៨ខែកញ្ញា ឆ្នាំ២០១៧ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានសម្រេចធ្វើការតែងតាំង នាយនគរបាលជាតិជាន់ខ្ពស់ នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃចំនួនពីររូប គឺទី១៖ តែងតាំងលោកឧត្តមសេនីយ៍ឯកលឹម ឡុង ពីប្រធាននាយកដ្ឋានសវនកម្មទី១ ទៅជាអគ្គនាយករង នៃអគ្គនាយកដ្ឋានសវកម្មផ្ទៃក្នុង នៃក្រសួងមហាផ្ទៃ និងទី២៖ តែងតាំងលោកឧត្តមសេនីយ៍ទោ សាន ស៊ីណា ពីអនុប្រធាននាយកដ្ឋានសវនកម្មទី១ ទៅជាប្រធាននាយកដ្ឋានសវនកម្មទី១ នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង។
សូមបញ្ជាក់ថាលោកឧត្តមសេនីយ៍ឯក លឹម ឡុង ជានាយនគរបាលជាតិ ដែលបានបំពេញការងារក្នុងវិស័យសវនកម្ម តាំងពីក្រសួងមហាផ្ទៃបានសម្រេចបង្កើតនាយកដ្ឋានសវនកម្មផ្ទៃក្នុង តាំងពីឆ្នាំ២០០៦មកម៉្លេះ។
បច្ចុប្បន្នដោយមានការយកចិត្តទុកដាក់ និងលើកទឹកចិត្តពីថ្នាក់ដឹកនាំតាមឋានានុក្រម ជាពិសេសដើម្បីចូលរួមអនុវត្ត ក្នុងកម្មវិធីកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ និងការដាក់អោយអនុវត្តថវិកាតាមកម្មវិធីសម្រេចបាន ជោគជ័យ រាជរដ្ឋាភិបាល បានដំឡើងនាយកដ្ឋានសវនកម្មផ្ទៃក្នុង ទៅជាអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងតាម អនុក្រឹត្យលេខ១០៩ អនក្រ.បក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ ២០១៥ របស់រាជរដ្ឋាភិបាលស្តីពីការរៀបចំ និងការ ប្រព្រឹត្តទៅនៃក្រសួងមហាផ្ទៃ៕