(ឈុនបុរី-ថៃ)៖ លោក ព្រុំ សុខា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អមដំណើរដោយអភិបាលរងខេត្តព្រៃវែង ខេត្តបាត់ដំបង ខេត្តកំពត និងខេត្តកែប បានចុះជួបសួរសុខទុក្ខពលករកម្ពុជា ដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសថៃ ដើម្បីស្វែងយល់ពីសុខទុក្ខ និងការរស់នៅប្រចាំថ្ងៃ។
ក្នុងឪកាសជួបជាមួយពលករកម្ពុជាចំនួនជាង៤០០នាក់ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៧ ដែលកំពុងធ្វើការនៅរោងចក្រផលិតនំបុ័ង NSL Food Co.,Ltd ក្នុងខេត្តឈុនបុរី ប្រទេសថៃនោះ លោក ព្រុំ សុខា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានជម្រាបជូនបងប្អូនពលករ ពីគោលនយោបាយក្នុងការយកចិត្តទុកដាក់ ទំនុកបំរុងជាប្រចាំរបស់រាជរដ្ឋាភិបាលនៃកម្ពុជា ចំពោះកម្មករពលករចំណាកស្រុក។
ជាការឆ្លើយតប បងប្អូនពលករដែលបានចូលរួម បានបង្ហាញនូវទឹកចិត្តរំភើប រីករាយក្រៃលែង រហូតដល់អ្នកខ្លះស្រក់ទឹកភ្នែក ហើយពួកគាត់បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅដល់កាយវិការឈឺឆ្អាល រួមសុខ រួមទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន និងរាជរដ្ឋាភិបាល ដែលតែងតែបានយកចិត្តទុកដាក់ ដល់កម្មករពលករចំណាកស្រុកគ្រប់ពេលវេលា ទាំងបងប្អូនកម្មករពលករចំណាកស្រុក ក្នុងប្រទេស ក៏ដូចបងប្អូនចំណាកស្រុកនៅក្រៅប្រទេស ពិសេសនៅប្រទេសថៃ ដែលតាមការប៉ាន់ស្មានមានប្រមាណ១លាននាក់៕