(ភ្នំពេញ)៖ ការប្រកួតកីឡាវាយកូនគោល (Golf) ដណ្ដើមពានរង្វាន់ The CGA Tournament លើកទី១០ ឆ្នាំ២០១៧ ដែលរៀបចំដោយក្លឹបវាយកូនគោល CGA នៅលើទីលានស្ដង់ដា Grand Phnom Penh កាលពីចុងសប្ដាហ៍កន្លងទៅ បានបញ្ចប់ដោយជោគជ័យ ក្រោយទាក់ទាញបានកីឡាករ-កីឡាការិនីអាជីព និងមិនអាជីបចូលរួមលើសពីការរំពឹងទុក។
ព្រឹត្តិការណ៍កម្រិតអន្ដរជាតិនេះ គឺមានកីឡាករ-កីឡាការិនីចូលរួមសរុប ៩៣នាក់ ដែលមានការកើនឡើងច្រើនបើធៀបនឹងឆ្នាំមុនៗ។ មិនតែប៉ុណ្ណោះ ក៏ទទួលបានការផ្ដល់កិត្តិយសដ៏ខ្ពង់ខ្ពស់ចូលរួមប្រកួត និងប្រគល់ពានរង្វាន់ជយលាភីពីសំណាក់សម្ដេចពិជ័យសេនា ទៀ បាញ់ ប្រធានសហព័ន្ធកីឡាវាយកូនគោលកម្ពុជា រួមទាំងមន្ដ្រីថ្នាក់ដឹកនាំ អ្នកជំនួញ និងកីឡាករបរទេសច្រើននាក់ផងដែរ។
ជាលទ្ធផលក្រោយឆ្លងកាត់ការប្រកួតជាងពាក់កណ្ដាលថ្ងៃ ពានរង្វាន់ធំ ឬ Gross Score Winner គឺគ្រងតំណែងជើងឯកដោយកីឡាករ កិម សំរេច និងពានបន្ទាប់ គឺពាន Flight Premier Winner បានទៅកីឡាករ ឈិន ច័ន្ទសង្ហា។ ចំណែកពាន Flight A Winner បានទៅកីឡាករ សៀវ ខៃ, ពាន Flight B Winner បានទៅកីឡាករ ឈួ វិចិត្រ, ពាន Flight Senior Winner បានទៅកីឡាករ សោម បុរីរក្ស និងពាន Non-Handicap បានទៅកីឡាករ គីម វឌ្ឍសោភ័ណ ។
ក្រោយបញ្ចប់ការប្រកួត លោក ឯក វណ្ណឌី ប្រធានក្លឹបវាយកូនគោល CGA អាណត្តិថ្មី បានបង្ហាញពីមោនភាពយ៉ាងខ្លាំង ក្រោយទទួលបានកំណើនកីឡាករ-កីឡាការិនីចូលរួមច្រើនជាងមុន ហើយលោកក៏បានប្រកាសពីផែនការបន្ដរៀបចំព្រឹត្តិការណ៍នេះបន្ថែមទៀតផង ពោលគឺលោកនឹងរៀបចំជារៀងរាល់ ៣ខែម្ដង ហើយយ៉ាងហោចណាស់ក៏ ៤លើកក្នុង១ឆ្នាំដែរ ដើម្បីផ្ដល់ឱកាសឲ្យកីឡាករបញ្ចេញសមត្ថភាព និងចម្រាញ់រកធនធានកីឡាករ-កីឡាការិនីឆ្នើម ឆ្ពោះទៅរកការប្រកួតលើឆាកអន្ដរជាតិនាពេលអនាគត៕