(ភ្នំពេញ)៖ លោកស្រី នាង ច័ន្ទថាណា ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានថ្លែងនៅថ្ងៃទី២ ខែតុលានេះបានថ្លែងថា ដើម្បីបន្ដរក្សា ពង្រឹងនិរន្ដភាព នៃការរីកចម្រើនវិស័យធនាគារនោះ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់ ត្រូវតែបន្ដខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់ គោរពបទបញ្ញត្តិ ក្រមសីលធម៌វិជ្ជាជីវៈ លើកកម្ពស់គុណភាពសេវា ជាពិសេសចាំបាច់ត្រូវយល់ឲ្យច្បាស់ពីបទបញ្ញត្តិ គោលនយោបាយ វិធានការ និងឧបករណ៍នានា ដែលបាននិងកំពុងដាក់ឲ្យអនុវត្តនាពេលបច្ចុប្បន្ន និងផែនការអនាគតជាមុនសិន។
ថ្លែងក្នុងកិច្ចប្រជុំស្ដីពីតួនាទី និងគោលនយោបាយ របស់ធនាគារជាតិនៃកម្ពុជា នាថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៧ លោកស្រី នាង ច័ន្ទថាណា បានថ្លែងឲ្យដឹងថា ការអភិវឌ្ឍវិស័យធនាគារត្រូវបានឆ្លុះបញ្ចាំងតាមរយៈការកើនឡើងនៃទំហំ និងវិសាលភាពនៃប្រតិបត្តិការ និងសេវាហិរញ្ញវត្ថុ កាន់តែសម្បូរបែប។
លោកស្រីបន្ដទៀតថា «ជាក់ស្ដែងចាប់ពីឆ្នាំ២០០៥ ទៅឆ្នាំ២០១៧ ចំនួនគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុកើនពី១៩ទៅដល់៥៤ និងពី៣៨ទៅ៧៤រៀងគ្នា បណ្ដាញសាខាកើនពី៤៧៨ទៅ២,១៣៣ កើនឡើង៤.៥ដង ទ្រព្យសកម្មកើនពី៥.៨ទ្រីលានរៀល ទៅ១២៨.៦ទ្រីលានរៀល កើនឡើង២២ដង, ភាពស៊ីជម្រៅផ្នែកហិរញ្ញវត្ថុ កើនពី១៩.៥ភាគរយ ដល់៧៧ភាគរយ កើនឡើង៣.៩ដង»។
លោកស្រីបញ្ជាក់ទៀតថា ដោយសារតែការរីកចម្រើននេះ មូលនិធិរូបិយវត្ថុអន្ដរជាតិបានវាយតម្លៃខ្ពស់ ចំពោះការអភិវឌ្ឍវិស័យធនាគារកម្ពុជា ជាពិសេសការរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ ម្យ៉ាងទៀតភ្នាក់ងារវាយតម្លៃ Moody's កាលពីខែសីហានេះ បានគូបញ្ជាក់ថា នារយៈពេលកន្លងមកធនាគារជាតិនៃកម្ពុជា បានរួមចំណែករក្សាស្ថិរភាពសេដ្ឋកិច្ច និងអត្រាប្ដូរប្រាក់ ដែលគាំទ្រដល់លំហូរចូល នៃការវិនិយោគផ្ទាល់ពីបរទេសជាដើម។
ទោះជាយ៉ាងណា ការរីកចម្រើនយ៉ាងឆាប់រហ័សនេះ ក៏បានភ្ជាប់មកជាមួយនូវបញ្ហាប្រឈម និងហានិភ័យផងដែរ ជាពិសេសក្នុងបរិការណ៍ដែលសេដ្ឋកិច្ចកម្ពុជាបានឈានដល់ដំណាក់កាលនៃការអភិវឌ្ឍន៍ថ្មីជាប្រទេសដែលមានចំណូល មធ្យមកម្រិតទាបជាមួយនឹងភាពបើកទូលាយ និងសមាហរណកម្មកាន់តែស៊ីជម្រៅទៅក្នុងតំបន់។
លោកស្រី ទេសាភិបាលរង ក៏បានលើកយកពីគោលបំណង នៃការកិច្ចប្រជុំស្ដីពីតួនាទី និងគោនយោបាយរបស់ធនាគារជាតិនៃកម្ពុជា គឺដើម្បីបង្កើតវេទិកាសម្រាប់ឲ្យ តំណាងគ្រឹះស្ថានធនគារជាតិ និងហិរញ្ញវត្ថុ និងថ្នាក់ដឹកនាំធនាគារជាតិនៃកម្ពុជា បានជួបពិភាក្សាគ្នាលើវឌ្ឍនភាពថ្មីៗ និងគោនយោបាយដែល ធនាគារជាតិនៃកម្ពុជាបាននិងកំពុងអនុវត្ត ព្រមទាំងកាតព្វកិច្ច និងការរួមចំណែករបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងដំណើរការអភិវឌ្ឍវិស័យធនាគារកម្ពុជា ឲ្យប្រព្រឹត្តិទៅប្រកបដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធភាព ស្របតាមគោលនយោបាយ អភិវឌ្ឍវិស័យហិរញ្ញវត្ថុ២០១៦-២០២៥ និងគោនយោបាយអភិវឌ្ឍវិស័យនានា របស់រាជរដ្ឋាភិបាល។
ការរៀបចំកិច្ចប្រជុំនេះ ក៏ធ្វើឡើងក្នុងស្ថានភាព ដែលវិស័យធនាគារ បានរីកចម្រើនយ៉ាងឆាប់រហ័ស និងដើរតួនាទីស្នូលក្នុងការគាំទ្រ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ ការអភិវឌ្ឍវិស័យធនាគារត្រូវបានឆ្លុះបញ្ចាំងតាមរយៈការកើនឡើងនៃទំហំ និងវិសាលភាពនៃប្រតិបត្តិការ និងសេវាហិរញ្ញវត្ថុកាន់តែសម្បូរបែប៕