(ភ្នំពេញ)៖ ក្រុមប្រឹក្សាភិបាលធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានយល់ព្រមផ្តល់ប្រាក់កម្ចីចំនួន៧០លានដុល្លារអាមេរិក ដើម្បីជួយធ្វើឲ្យវិស័យគមនាគមន៍ និងដឹកជញ្ជូនក្នុងប្រទេសកម្ពុជា កាន់តែមានប្រសិទ្ធភាព សុវត្ថិភាព និងធន់នឹងគ្រោះមហន្តរាយ ជាពិសេស ការកែលម្អផ្លូវជាតិ ក្នុងខេត្តព្រៃវែង សៀមរាប និងស្វាយរៀង ដែលជាខេត្តស្ថិតនៅតាមបណ្តោយ​ច្រករបៀងសេដ្ឋកិច្ចភាគ​ខាងត្បូងនៃមហាអនុតំបន់ទន្លេមេគង្គ (GMS)។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ធនាគារអភិវឌ្ឍន៍​អាស៊ី ​ដែលបាន​ចេញផ្សាយ នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៧។

អ្នកស្រី Oyunchimeg Erdene អ្នកឯកទេសជាន់ខ្ពស់ផ្នែកគមនាគមន៍នៃធនាគារអភិវឌ្ឍន៍អាស៊ី បានថ្លែងថា «នៅកម្ពុជា ផ្លូវថ្នល់គឺជាប្រភេទគមនាគមន៍ចម្បងជាងគេ ដែលធ្វើឲ្យការដឹកជញ្ជូនផ្លូវថ្នល់មានសារៈសំខាន់ ដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចរបស់ប្រទេសនេះ។ ប៉ុន្តែ អនុវិស័យផ្លូវថ្នល់ ក្នុងប្រទេសកម្ពុជានៅតែមិនមានប្រសិទ្ធភាព និងនៅមានលក្ខណៈបែកខ្ញែកនៅឡើយ។ ក្រៅពីកែលំអ ផ្លូវថ្នល់ដែលមានស្រាប់នៅក្នុងខេត្តគោលដៅទាំងបី គម្រោងនេះ ក៏នឹងជួយបង្កើនសមត្ថភាពរបស់រដ្ឋាភិបាល ក្នុងការគ្រប់គ្រងទ្រព្យសម្បត្តិផ្លូវថ្នល់ផងដែរ»

សេចក្ដីប្រកាសព័ត៌មានរបស់ ADB បានឲ្យដឹងថា បណ្តាញផ្លូវថ្នល់នៅកម្ពុជាបច្ចុប្បន្នមានកម្រិតនៃការតភ្ជាប់ និងប្រសិទ្ធភាពទាប ដោយសារតែក្របខ័ណ្ឌគតិយុត្តិ នៅមិនទាន់មានពេញលេញ សមត្ថភាពស្ថាប័ននៅមានកម្រិតទាប ការចូលរួមរបស់វិស័យឯកជននៅមានកម្រិត ហើយទ្រព្យសម្បត្តិផ្លូវថ្នល់ទៀតសោតនៅខ្វះនិរន្តរភាព។ មានផ្លូវជាតិ និងផ្លូវខេត្តប្រវែងជាង ១៥.៤០០ គីឡូម៉ែត្រ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងសាធារណការនិងដឹកជញ្ជូន ត្រូវការជួសជុល និងស្តារឡើងវិញ ដើម្បីលើកកម្ពស់ការតភ្ជាប់
ទំនាក់ទំនងរបស់ប្រទេសកម្ពុជា ជាពិសេស ជាមួយបណ្តាប្រទេសជិតខាងរបស់ខ្លួននៅក្នុងមហាអនុតំបន់ទន្លេមេគង្គ។

គម្រោងកែលម្អបណ្តាញផ្លូវថ្នល់នេះ នឹងកែលម្អកំណាត់ផ្លូវជាតិប្រវែង ១៤៧ គីឡូម៉ែត្រ ដែលជាកំណាត់ផ្លូវគ្មានសុវត្ថិភាព និងងាយលិចលង់ដោយសារទឹកជំនន់ ហើយក្នុងពេលជាមួយគ្នា ក៏ជួយឲ្យផ្លូវនេះអាចតភ្ជាប់ទំនាក់ទំនងគ្រប់រដូវកាល និងធន់ទៅនឹងអាកាសធាតុ។

គម្រោងនេះ នឹងបង្កើនសមត្ថភាពរបស់រាជរដ្ឋាភិបាល ដែលមានក្រសួងសាធារណការ និងដឹកជញ្ជូនជាសេនាធិការ ក្នុងការគ្រប់គ្រងទ្រព្យសម្បត្តិផ្លូវថ្នល់របស់ខ្លួនឲ្យបានកាន់តែប្រសើរ តាមរយៈការកែលំអការប្រើប្រាស់ និងការថែទាំ។ លើសពីនេះទៀត គម្រោងនេះក៏នឹងជួយបង្កើនការយល់ដឹងរបស់ប្រជាពលរដ្ឋអំពីសុវត្ថិភាពចរាចរណ៍ និងច្បាប់ចរាចរណ៍ផងដែរ។

លក្ខណៈសំខាន់គួរឲ្យកត់សម្គាល់មួយរបស់គម្រោងនេះ គឺការធ្វើតេស្តសាកល្បងនៃកិច្ចសន្យាអនុវត្តគម្រោងដែលមានលក្ខណៈកូនកាត់ សម្រាប់ការងារផ្លូវថ្នល់ ពាក់ព័ន្ធនឹងការសាងសង់ និងការថែទាំជាប្រចាំ ដែលនឹងជួយបង្កើនការចូលរួមរបស់វិស័យឯកជនក្នុងការងារថែទាំផ្លូវ។ គម្រោងនេះ ត្រូវបានរៀបចំឡើង ដើម្បីបង្កើនប្រសិទ្ធភាព និងប្រសិទ្ធផលនៃការគ្រប់គ្រងទ្រព្យសម្បត្តិផ្លូវថ្នល់ នៅក្នុងប្រទេសកម្ពុជា តាមរយៈការពង្រីកវិសាលភាពនៃក្រុមហ៊ុនម៉ៅការ ពីអ្នកប្រតិបត្តិគម្រោង ទៅជាអ្នកគ្រប់គ្រងផ្លូវ៕