(កំពង់ធំ)៖ ក្នុងគោលបំណងការពារផលប្រយោជន៍អ្នកប្រើប្រាស់ និងចូលរួមទប់ស្កាត់ផលប៉ះពាល់ដល់សុខភាពអ្នកប្រើតាមរយៈចំណីអាហារ នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០១៧នេះ សាខាកាំកុងត្រូលខេត្តកំពង់ធំ សហការជាមួយមន្ទីរពាណិជ្ជកម្ម និងគណៈកម្មការផ្សារ បានបន្តចុះពិនិត្យ ផ្សព្វផ្សាយអំពីគុណភាព និងសុវត្ថិភាពម្ហូបអាហារ នៅផ្សារសណ្តាន់ ស្ថិតក្នុងឃុំសណ្តាន់ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។

មន្រ្តីសាខាកាំកុងត្រូលខេត្តកំពង់ធំ បានថ្លែងថា បន្ទាប់ពីបានពិនិត្យដោយប្រើតេស្តឃីត Test Kit ទៅលើម្ហូបអាហារមួយចំនួនដែលកំពុងដាក់តាំង លក់នៅក្នុងផ្សារសណ្តាន់រួចមក ជាលទ្ធផល គឺទទួលបានលទ្ធផលល្អ ដោយពុំបានរកឃើញវត្តមានសារធាតុគីមីហាមឃាត់នៅក្នុងផលិតផល ម្ហូបអាហារ ទាំងនោះឡើយ។ ចំពោះការពិនិត្យមើលលើ ផលិតផលម្ហូបអាហារកំប៉ុង ដប និងផលិតផលវិចខ្ចប់រួចក្រុមការងារបានរកឃើញ មានផលិតផលខូចគុណភាពដូចជា៖ មីម៉ាម៉ាតុងយ៉ាំ ចំនួន៦៩កំប៉ុង ផលិតនៅប្រទេសកម្ពុជា ទឹកក្រូច ម៉ាកកូកាកូឡា ចំនួន២ដប ផលិតនៅប្រទេសកម្ពុជា ទឹកក្រូច ម៉ាក Big ចំណុះ៣លីត្រ ចំនួន៣ដប ផលិតនៅ ប្រទេសថៃ ទឹកដោះគោ ម៉ាក AD ចំណុះ២៨០ml ចំនួន២៦ដប និងប័រចំនួន១០កំប៉ុងផងដែរ។

ទន្ទឹមនឹងការចុះត្រួតពិនិត្យគុណភាពទំនិញ ក្រុមកាងារក៏បានចែកផ្សាយនូវ រូបភាព Poster និងណែនាំដល់ អាជីវករ អ្នកលក់ដូរ និងអ្នកប្រើប្រាស់ ឲ្យបានយល់ដឹងអំពីរបៀប នៃការដាក់តាំងលក់ផលិតផល ចំណីអាហារ ឲ្យនៅដាច់ពីគ្នាពីថ្នាំសម្លាប់សត្វល្អិត និងកសិកម្មនិងរបៀប នៃការជ្រើសរើសផលិតផលម្ហូប អាហារមាន សុវត្ថិភាព ដល់ការបរិភោគជាដើម។

មន្ត្រីកាំកុងត្រូលក៏បានអំពាវនាវដល់អាជីវករ អ្នកចែកចាយ លក់ដុំ លក់រាយ អ្នកផលិត នាំចូលចែកចាយ ត្រូវតែមានប្រភពច្បាស់លាស់សិនមុន នឹងទទួលលក់ហើយបញ្ជប់ការលាយបន្ថែមនូវសារធាតុគីមីហាត់ទៅលើ ផលិតផលម្ហូបអាហារដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់៕