(ភ្នំពេញ)៖ កិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី១ នៃមហាសន្និបាតលើកទី១០ របស់សភាតំបន់អាស៊ី បានប្រារព្ធពិធីបើកជាផ្លូវការនៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០១៧នេះ ក្រោមអធិបតីភាព សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានសភាតំបន់អាស៊ី (APA) នៅឯសណ្ឋាគារសុខាភ្នំពេញ និងរ៉េស៊ីដង់។ គណៈប្រតិភូសមាជិកសភាតំបន់អាស៊ីចំនួន២៦ប្រទេស និងដែលមានចំនួនជាង១៤០នាក់ បានអញ្ជើញចូលរួម នៅក្នុងកិច្ចប្រជុំនេះ។
មានប្រសាសន៍ទៅកាន់អង្គពិធី សម្តេចប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះកិច្ចប្រជុំនេះ ថា «ជាការជួបជុំអ្នកតំណាងពលរដ្ឋក្នុងតំបន់ សម្រាប់ការផ្តល់យោបល់ទស្សនៈ ក្នុងការកសាងសុខសន្តិភាពជូនពលរដ្ឋ។ ព្រឹត្តិការណ៍ជួបជុំ នៃអ្នកតំណាងប្រជាជាតិអាស៊ីនៅពេលនេះ បានជះឥទ្ធិពលជាវិជ្ជមានដល់ការរួមចំណែកប្រកបដោយន័យស្ថាបនា ដល់ការពន្លត់អំពើហិង្សា ជម្លោះ និងភ័យន្តរាយនានា ដែលបាននឹងកំពុងយារយីនៅក្នុងតំបន់ និងសកលលោកឲ្យវិលមករកប្រក្រតីភាព និងបានបន្សាបរាល់ការប៉ុនប៉ងបង្កអរិយភាពណាមួយដល់តំបន់និងពិភពលោក»។
សម្តេចពញាចក្រី ហេង សំរិន ដែលបានធ្វើជាប្រធានសភាតំបន់អាស៊ី តំាងពីឆ្នាំ២០១៥មក បានលើកឡើងបន្តថា ចំពោះជោគជ័យជាបន្តបន្ទាប់ដែល អេ-ភី-អេ សម្រេចបាននាពេលកន្លងមក បានបង្ហាញពិភពលោកឱ្យដឹង និងទទួលស្គាល់ពីសារសំខាន់នៃចក្ខុវិស័យ និងបេសកកម្មរបស់ អេ ភី-អេ ក្នុងការរួមចំណែកកសាងសុខដុមនីយកម្មតំបន់អាស៊ី ឱ្យមានសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ។ សម្តេចបានបញ្ជាក់ថា «ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយក្រៃលែង ចំពោះវិភាគទានដ៏សំខាន់របស់ប្រទេសសមាជិក ដែលបានរួមគ្នាបង្កើតបាននូវសមិទ្ធផលដ៏ថ្លៃថ្លានេះ»។
សូមជម្រាបជូនថា ក្នុងចក្ខុវិស័យកសាងសន្តិភាព និងអភិវឌ្ឍន៍ដោយចីរភាពនៅក្នុងតំបន់និងភិពភលោក តាមយន្តការសភា សភាតំបន់អាស៊ី ដែលមានឈ្មោះពេញថា «Asian Parliamentary Assembly» បានបង្កើតឡើងនៅឆ្នាំ១៩៩៩ ដោយមានឈ្មោះដើម គឺសមាគមសភាអាស៊ីដើម្បីសន្តិភាព ហៅកាត់ថា (AAPP)។ AAPP ប្តូរមក APA នៅឆ្នាំ២០០៦។ បច្ចុប្បន្ន APA មានសមាជិក៤២ ប្រទេស។
សម្តេចប្រធានសភាតំបន់អាស៊ី បានមានប្រសាសន៍ថា «រយៈពេល២ឆ្នាំបន្តបន្ទាប់មកនេះ សភាកម្ពុជាបានខិតខំប្រឹងប្រែង និងលើកកម្ពស់តួនាទី អេ-ភី-អេ កាន់តែមានប្រសិទ្ធភាព ទទួលបានការគាំទ្រ និងការចូលរួមយ៉ាងសកម្មពីបណ្តាប្រទេសជាសមាជិក និងស្ថាប័នជាដៃគូ។ អ្វីៗដែលសភាកម្ពុជាប្រាថ្នាចង់បាន គឺធ្វើយ៉ាងណានាំស្ថាប័នអេ-ភី-អេមួយនេះ ឲ្យមានកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ ប្រកបដោយប្រសិទ្ធភាព និងក្លាយជាស្ថាប័ននីតិប្បញ្ញត្តិក្នុងតំបន់មួយ ដែលអាចរួមចំណែកដោះស្រាយបញ្ហា និងស្វែងរកសន្តិភាព វិបុលភាព ជូនដល់ប្រជាជាតិក្នុងតំបន់»។
លោកបណ្ឌិត ងួន ញ៉ិល អនុប្រធានទី២ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មការៀបចំកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិនេះ បានថ្លែងថា សភានិងរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាទាំងមូលមានកិត្តិយស និងក្តីសោមនស្សរីករាយប្រកបដោយមោទនភាព ដែលបានធ្វើជាម្ចាស់ផ្ទះទទួលរៀបចំ និងធ្វើជាប្រធានមហាសន្និបាតអេ-ភី-អេលើកទី៨ នាឆ្នាំ២០១៥ និងលើកទី៩ នាឆ្នាំ២០១៦ ដែលបានឆ្លុះបញ្ចាំងឱ្យពិភពលោកឃើញកាន់តែច្បាស់ អំពីតួនាទីដ៏សំខាន់របស់កម្ពុជាក្នុងការងារការទូតសភា និងពីការរួមចំណែកយ៉ាងធំធេងរបស់សភាកម្ពុជាក្នុងដំណើរការធ្វើសមាហរណកម្មក្នុងតំបន់ និងនៅលើពិភពលោក។
នៅក្នុងឱកាសនោះលោកបណ្ឌិត បានរាយការណ៍អំពីការងាររបស់សភាតំបន់អាស៊ី នៅក្នុងឆ្នាំ២០១៧ ជូនសម្តេចប្រធាន និងអង្គពិធី ផងដែរ។ នៅឆ្នាំ២០១៧ បន្ទាប់ពីបញ្ចប់មហាសន្និបាតលើកទី៩ សភាតំបន់អាស៊ីបានបន្តការងាររបស់ខ្លួនរួមជាច្រើនដែលមាន កាលពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ នៅទីក្រុងអ៊ីស្លាមម៉ាបាដ សាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន គណៈកម្មាធិការអចិន្ត្រៃយ៍ទទួលបន្ទុកកិច្ចការនយោបាយ បានប្រជុំពិភាក្សាលើសេចក្តីព្រាងសេចក្តីសម្រេចចំនួន០៧។ នៅថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ នាទីក្រុងម៉ាណាម៉ា សភាប្រទេសបារ៉ែន បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ទទួលបន្ទុកកិច្ចការសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព ដែលបានសម្រេចសេចក្តីព្រាងសេចក្តីសម្រេចចំនួន០៦។
នៅថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧ នៅទីក្រុងអាប៊ូដាប៊ី សភាអារ៉ាប់រួម បានប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ស្តីពី បទប្បញ្ញត្តិហិរញ្ញវត្ថុ និងការគ្រប់គ្រងបុគ្គលិក បានសម្រេចសេចក្តីព្រាងសេចក្តីសម្រេចចំនួន០១ ហើយនៅ ថ្ងៃទី១ ដល់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៧ នៅទីក្រុងធីមភូ សភាប៊ូតាន បានរៀបចំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ទទួលបន្ទុកកិច្ចការសង្គម និងវប្បធម៌ និងសម្រេចបានសេចក្តីព្រាងសេចក្តីសម្រេចចំនួន១០។
លោកបណ្ឌិត ងួន ញ៉ិល បានគូសបញ្ជាក់ថា សេចក្តីព្រាងសេចក្តីសម្រេចចំនួន២៤ នៃគណៈកម្មាធិការអចិន្រ្តៃយ៍ទំាងបួន នឹងលើកមកជជែកនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី១ នៃមហាសន្និបាតលើកទី១០ នាឱកាសនេះ ហើយលទ្ធផលនៃកិច្ចប្រជុំនេះ នឹងយកទៅប្រជុំបន្តនៅក្នុងកិច្ចប្រជុំប្រឹក្សាប្រតិបត្តិលើកទី២ និងមហាសន្និបាតលើកទី១០ នៅប្រទេសតួកគី នាចុងឆ្នាំ២០១៧នេះ។ តួកគី ដែលទទួលធ្វើជាប្រធានសភាតំបន់អាស៊ី តពីសភាកម្ពុជា។
លោកបណ្ឌិត ម៉ូហាម៉ាធ រីហ្សា ម៉ាជីឌី អគ្គលេខាធិការសភាតំបន់អាស៊ី បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះសភាកម្ពុជា ដែលបានធ្វើជាប្រធានសភាតំបន់អាស៊ីកន្លងមកនេះ ពិសេសសម្រេចបានជោគជ័យយ៉ាងធំធេងនៅក្នុងការរៀបចំមហាសន្និបាតលើកទី៨ និងលើកទី៩។ លោកបានបង្ហាញសេចក្តីរីករាយយ៉ាងក្រៃលែង ដែលបានមកកាន់រាជធានីភ្នំពេញ ដ៏ស្រស់បំព្រងម្តងទៀតនាឱកាសនេះ ដើម្បីចូលរួមកិច្ចប្រជុំដ៏សំខាន់ គឺកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី១ ដើម្បីជជែកផ្តល់យោបល់ទៅលើសេចក្តីព្រាងសេចក្តីសម្រេចទំាង២៤ ដែលប្រទេសអនុប្រធានសភាតំបន់អាស៊ីទំាង៤ បានសម្រេចនាពេលកន្លងមក។
សម្តេចពញាចក្រី ហេង សំរិន ប្រធានសភាតំបន់អាស៊ី បានស្នើសុំសមាជិកដែលមានវត្តមាននៅពេលនេះ ចូលរួមបញ្ចេញឲ្យអស់ប្រាជ្ញាស្មារតី ផ្តល់មតិយោបល់ និងចែករំលែកបទពិសោធន៍ល្អៗ សម្រាប់ជាមូលដ្ឋានក្នុងការឈានទៅសម្រេចឱ្យបាននូវបំណងប្រាថ្នារួមដ៏ឧត្តុង្គឧត្ដមរបស់ប្រជាជាតិអាស៊ី គឺតំបន់មួយដែលគ្មានហិង្សា គ្មានសង្គ្រាម គ្មានការជិះជាន់កៀបសង្កត់ ជាតំបន់មួយ ដែលពលរដ្ឋគ្រប់រូបរស់នៅក្នុងភាពថ្លៃថ្នូរ វិបុលសុខ សុខដុមរម្យនា និងមានសន្តិភាពទាំងផ្លូវការ និងផ្លូវចិត្ត៕
អត្ថបទនិងរូបភាព ដោយនាយកដ្ឋានព័ត៌មាន