(រតនគិរី)៖ គ្រាដែលសកម្មភាព ដឹកជញ្ជូនឈើប្រណិតទៅវៀតណាម មានភាពស្ងប់ស្ងាត់តែឈើអារ ត្រូវបានឈ្មួញមានឥទ្ធិពលខ្លះ ដែលជាម្ចាស់ដេប៉ូលក់ឈើអារចំនួន៣កន្លែង នៅក្រុងបានលុង បានជួលកម្មករកាប់ និងអារដឹកជញ្ជូនដាក់ដេប៉ូរបស់ខ្លួន នៅពេលយប់ តាមមធ្យោបាយគោយន្តកែច្នៃ ដោយគ្មានការត្រួតពិនិត្យ ពីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធនោះទេ។

មន្រ្តីរដ្ឋបាលព្រៃឈើខេត្តរតនគីរីម្នាក់ បានលួចបង្ហើបថា ម្ចាស់ដេប៉ូលក់ឈើអារទាំង៣កន្លែងខាងលើនេះ រួមមាន៖ ទី១. ឈ្មោះ ចែ រី មានទីតាំងនៅក្បែរសង្កាត់បឹងកន្សែង, ទី២. ឈ្មោះ ងិន អូន មានតួនាទីជាស្នងការរងនគរបាលខេត្តរតនគិរី មានទីតាំងនៅភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង និងទី៣. ឈ្មោះ ប្រាក់ សឿន ហៅស៊ុយ មានតួនាទីជាអនុប្រធានលេខាធិការដ្ឋាន សាលាដំបូងខេត្តរតនគិរី មានទីតាំងនៅភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង។ ឈើអារដែលកាប់ដឹកមកដាក់តាមដេប៉ូខាងលើនេះ ចេញពីតំបន់វាលឆ្កែហត់ ស្រុកកូនមុំ មានប្រភេទដូចជា៖ សុក្រំ ផ្ចឹក ថ្លុង ត្បែង ត្រាច ជាដើម។

បើតាមមន្ត្រីរដ្ឋបាលព្រៃឈើថ្នាក់ខ្ពស់ម្នាក់ សូមមិនបញ្ចេញឈ្មោះ បានប្រាប់ឲ្យដឹងថា ដេប៉ូលក់ឈើដែលអនុញ្ញាត (អាជ្ញាប័ណ្ណ) ចេញពីរដ្ឋបាលព្រៃឈើ គឺឲ្យលក់តែផល-អនុផលព្រៃឈើ ចេញពីដីសម្បទានសេដ្ឋកិច្ច ឫព្រៃគុប ដែលមានការបង់ពន្ធជូនរដ្ឋត្រឹមត្រូវ តែបើទិញត្រង់ស៊ីន័រជួលកម្មករកាប់ និងអារតាមព្រៃសហគមន៍ ព្រៃឈើបំរុងរដ្ឋ គឺជារឿងខុសច្បាប់។

ទាក់ទិនទៅនឹងសកម្មភាពដឹកជញ្ជូនឈើអារ តាមមធ្យោបាយគោយន្ត នៅពេលយប់ដាក់តាមដេប៉ូខាងលើនេះ ដោយគ្មានការត្រួតពិនិត្យក្នុង១ឆ្នាំៗ រាប់ពាន់ម៉ែត្រគូបដោយគ្មានបង់ពន្ធជូនរដ្ឋនេះដែរ អង្គភាពព័ត៌មាន Fresh News មិនអាចសុំការបំភ្លឺពីលោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើរតនគិរីបានទេ នៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០១៧នេះ៕