(ភ្នំពេញ)៖ សមត្ថកិច្ចបានបន្តបញ្ជូន ស្ត្រីមេល្បែងស៊ីសងប្រភេទ «ស្ទួចគម្របប្រេងកូឡា» ទាក់ទាញនឹងបន្លំភ្នែកអ្នកលេង ដើម្បីបោកប្រាស់ យកមាសប្រាក់ លុយកាក់ នឹងគ្រឿងអលង្ការ ទៅកាន់តុលាការនៅព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៧នេះ ហើយពេលនេះ កំពុងស្ថិតក្នុងចំណាត់ការលោក កុល បុន ព្រះរាជអាជ្ញាររងអមសាលាដំបូងរាជធានីភ្នំពេញ។

សូមរំលឹកថា សមត្ថកិច្ចចំរុកាលពីចន្លោះម៉ោង១០ ទៅ១២យប់ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧ នៅក្នុងរោងកម្មកសំណង់ បុរីប៉េងហួត ផ្លូវជាតិលេខ១ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ ខណៈពេលស្រ្តីរូបនោះ កំពុងប្រព្រឹត្តបទល្មើសជាក់ស្តែង។ ជនសង្ស័យឃាត់ខ្លួនឈ្មោះ យឹម ច្រឹប ភេទស្រី អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើកល្បែងស៊ីសង ស្នាក់នៅផ្ទះលេខ១១៧ ផ្លូវ៨០ ភូមិ២៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ។

តាមសមត្ថកិច្ចឲ្យដឹងថា នៅយប់ថ្ងៃខាងលើ សមត្ថកិច្ចនគរបាលផ្នែកព្រហ្មទណ្ឌខណ្ឌច្បារអំពៅ បានចុះបង្ក្រាបជាក់ស្តែង ករណីបើកលេងល្បែង ស៊ីសងគ្មានច្បាប់អនុញ្ញាត (ស្ទួចគម្របប្រេងកូឡា) ជាល្បិចបោកបញ្ឆោត ដើម្បីអូសទាញអ្នកលេងឲ្យចាក់ នឹងគៀបយកមាសប្រាក់ គ្រឿងអលង្កា ដែលបទល្មើសនេះ ត្រូវបានបោះបង់ចោលច្រើនឆ្នាំហើយ។

ក្នុងកិច្ចបង្ក្រាបនោះ សមត្ថកិច្ចបានឃាត់ខ្លួនស្ត្រីឈ្មោះ យឹម ច្រឹប ជាមេល្បែងចាស់គំរិល ដ៏គ្រោះថ្នាក់នេះម្នាក់ នឹងដកហូតវត្ថុតាង រួមមាន៖ ធុងសម្រាប់ស្ទួចគម្របប្រេងកូឡាចំនួន៣, ដងស្ទួចគម្របប្រេងកូឡា២ដើម, គ្រាប់ខ្លងប្រេងកូឡា២៤គ្រាប់, ក្រណាត់កៅស៊ូក្រាលសម្រាប់ចាក់លេខ១ផ្ទាំង, ប្រាក់២៦ម៉ឺនរៀល, ខ្សែដៃប្លាកទីន១ខ្សែ, កងដៃប្លាកទីន៤កង, ចិញ្ជៀនមាស៤វង់, ចិញ្ជៀនប្លាកទីន១វង់ មានដាំត្បូងពណ៌ស, ខ្សែជើងកាឡៃ២ខ្សែ និងក្រវិលកាឡៃ១គូ។

សូមបញ្ជាក់ថា ស្ត្រីដែលត្រូវឃាត់ខ្កួនបានសារភាពថា ខ្លួនបានបង់លុយខែ នឹងប្រចាំអាទិត្យ ដល់សមត្ថកិច្ចជាច្រើនកន្លែង ក្នុងនោះក៏មានឈ្មោះ ផាន់ ណារ៉ា ដែលគេស្គាល់ ជាមន្ត្រីផ្នែកព្រហ្មទណ្ឌខណ្ឌច្បារអំពៅ បានទៅយកលុយពីវង់ល្បែងមួយនេះរាប់ខែ ឆ្នាំមកហើយដែរ រឿងនេះទំនងជាលោកអធិការ អេម សារ៉ាវុធ បានដឹងដែរ ប៉ុន្តែបើបែរជាមិនដឹងវិញ មានតែសួរទៅកូនចៅឈ្មោះ ផាន់ ណារ៉ា ព្រោះនេះជាចម្លើយសារភាព គ្មានអ្នកណា បង្ខំស្ត្រីដែលជាមេល្បែងដែលត្រូវបាន ឃាត់ខ្កួននោះអោយឆ្លើយទេ៕