(ព្រះសីហនុ)៖ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម សហការជាមួយសាលាខេត្តព្រះសីហនុ បានរៀបចំ ‌‌«វេទិកាជួបវិស័យឯកជន ដើម្បីអប់រំ ផ្សព្វផ្សាយ ក្នុងការអនុវត្តយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់» នាសាលាខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៧ នេះក្រោម​អធិបតីភាព លោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ជាអនុប្រធានគណៈកម្មការ​ទទួលបន្ទុកផ្សព្វផ្សាយ អប់រំ នៃគណៈកម្មការចម្រុះប្រយុទ្ធ ប្រឆាំងគ្រឿងញៀន និងជាប្រធាន គណៈកម្មការអនុវត្តយុទ្ធនា ការប្រយុទ្ធប្រឆាំងគ្រឿងញៀន​ខុសច្បាប់ ក្នុងវិស័យឧស្សាហកម្ម និងសិប្បកម្ម និងមានការចូលរួមពី សំណាក់លោកអភិបាល នៃគណៈអភិបាល​ខេត្តព្រះសីហនុ និងលោក លោកស្រី តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ មន្ទីរជុំវិញខេត្ត ព្រមទាំងអស់លោក លោកស្រីតំណា​ងវិស័យឯកជន ជាច្រើននាក់។

​ក្នុងពិធីបើកវេទិកា លោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានថ្លែងឲ្យដឹងថា នៅក្នុងនីតិកាលទី៥ នៃរដ្ឋសភា រាជរដ្ឋាភិបាល​កម្ពុជា បាននិងកំពុងបន្តខិតខំប្រឹងប្រែង ការងាររបស់ខ្លួនក្នុងគោលដៅពង្រឹងថែមទៀត នូវកិច្ចការពារ អធិបតេយ្យភាពជាតិ បូរណភាពទឹកដី ឯកភាពជាតិ និងឯកភាពទឹកដី សន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការគោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់មនុស្ស និងភាពសុខុដុមក្នុងសង្គម។ លោកបានបន្តថា សត្រូវធំមួយក្នុងការអភិវឌ្ឍន៍​ប្រទេស គឺគ្រឿងញៀន! ដែលជាហេតុ ទាំងនាពេលកន្លងមក បច្ចុប្បន្ន ក៏ដូចជាទៅអនាគត រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងខិតខំយកចិត្តទុកដាក់ ជាទីបំផុត ដែលជាគោលដៅអាទិភាពមួយ ក្នុងគោលដៅអាទិភាព ជាច្រើន ដើម្បីសម្រេចបាននូវគោលនយោបាយ​ខាងលើ គឺការទប់ស្កាត់ និងការបង្រ្កាបបទល្មើសគ្រប់ប្រភេទ ជាពិសេសការប្រឆាំង នឹងសកម្មភាពខុសច្បាប់ ពាក់ព័ន្ធនឹងគ្រឿងញៀន រួមមាន (១)ការកាត់បន្ថយតម្រូវការគ្រឿងញៀន, (២) ការកាត់បន្ថយការ ផ្គត់ផ្គង់គ្រឿងញៀន, (៣)ការព្យាបាល ស្តារនីតិសម្បទា និងធ្វើសមាហរណកម្ម, (៤)ការពង្រឹងសម្ថភាពអនុវត្តច្បាប់ និង (៥)កិច្ចសហប្រតិបត្តិការអន្តរជាតិ។

ជាងនេះទៅទៀត រាជរដ្ឋាភិបាលបានដាក់ឲ្យអនុវត្តវិធានការយុទ្ធសាស្រ្ត មួយចំនួនដូចជា៖
ការអប់រំ ផ្សព្វផ្សាយ បង្ការទប់ស្កាត់ បដិសេធគ្រឿងញៀន
ការព្យាបាល ស្តារនីតិសម្បទា បណ្តុះបណ្តាលវិជ្ជាជីវៈ បំណិនជីវិត ការធ្វើសមាហរណកម្ម និងការចាកចេញពីគ្រឿងញៀន
ការពង្រឹងប្រសិទ្ធភាព ស្ថាប័នអនុវត្តច្បាប់
ការត្រួតពិនិត្យសារធាតុគីមីផ្សំ
ការបន្តកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាមួយប្រទេសជាប់ព្រំដែន
ការបន្តកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាមួយប្រទេសក្នុងតំបន់ និងដៃគូអភិវឌ្ឍនានា
ការពង្រឹងយន្តការត្រួតពិនិត្យគ្រឿងញៀន នៅថ្នាក់ជាតិ និងក្រោមជាតិ។

លោកទេសរដ្ឋមន្រ្តី បានបន្តទៀតថា កន្លងមក រាជរដ្ឋាភិបាលកម្ពុជាបាន​ដាក់ចេញនូវផែនការ ស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់លើកទី១ រយៈពេល០៦ខែ បានចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ ដែលបានចាត់តាំងអនុវត្ត យ៉ាងសកម្មផុលផុស ដោយមានការចូលរួមយ៉ាងសស្រាក់សស្រាំ ពីគ្រប់ស្រទាប់ប្រជាពលរដ្ឋ មន្រ្តីរាជការ និងមហាជនក្នុងសង្គម ដែលបង្កើតបានជាចលនាជាតិ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយទទួលបានលទ្ធផលល្អប្រសើរ ព្រមទាំងមានការគាំទ្រ និងវាយតម្លៃជាវិជ្ជមាន ពីសំណាក់សាធារណៈ​មតិជាតិ អន្តរជាតិ ចំពោះស្មារតីទទួលខុសត្រូវខ្ពស់ របស់រាជរដ្ឋាភិបាលលើជោគវាសនាប្រទេសជាតិ និងប្រជាពលរដ្ឋ។ ជាក់ស្តែង បានលើកកម្ពស់ការយល់ដឹងរបស់ ប្រជាពលរដ្ឋទូទៅមួយកម្រិត​ថែមទៀត ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន, បានចាត់វិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការរីករាលដាល នៃការជួញដូរ ប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ព្រមទាំងបានបង្កើនប្រសិទ្ធភាព ក្នុងការព្យាបាល និងស្តារនីតិសម្បទា អ្នកញៀនគ្រឿងញៀន ជាពិសេសបានបើកប្រតិបត្តិការ យ៉ាងក្តៅគគុក បង្រ្កាបការជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ដោយក្នុងនោះ បានបង្រ្កាបចាប់ខ្លួនមេក្លោងជួញដូរ គ្រឿងញៀនធំៗចំនួន​១៣ករណី ដោយបានកាត់ផ្តាច់ខ្សែ​រយៈបណ្តាញ ធ្វើឲ្យចរន្តនៃការចរាចរ ជួញដូរគ្រឿងញៀនខុសច្បាប់ ថមថយសកម្មភាព គួរឲ្យកត់សម្គាល់។

លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់ឲ្យដឹងផងដែរថា លទ្ធផលខាងលើនេះ បានធ្វើឲ្យបទល្មើសព្រហ្មទណ្ឌ​មានការថយចុះ និងជះទ្ធិពលជាវិជ្ជមានដល់​បរិយាកាសសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងបានជួយកាត់បន្ថយទុក្ខលំបាក និងក្តីបារម្ភរបស់ ប្រជាពលរដ្ឋ រួមចំណែកដល់ការអនុវត្តន៍ កម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល។ ក៏ប៉ុន្តែអាស្រ័យដោយនិន្នាការ នៃការផលិត ការចរាចរ និងការជួញដូរគ្រឿងញៀនខុសច្បាប់ នៅក្នុងតំបន់និងលើពិភពលោក នៅតែមានកំណើន និងនៅតែបន្តជះឥទ្ធិពល ប្រកបដោយគ្រោះថ្នាក់នៅកម្ពុជា រាជរដ្ឋាភិបាលកម្ពុជាក៏សម្រេចដាក់ចេញ នូវផែនការយុទ្ធនាការប្រឆាំងគ្រឿងញៀន ខុសច្បាប់លើកទី២ រយៈពេល ០៦ខែ ដោយគិតចាប់ពីថ្ងៃទី០១ ខែកក្កដា រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ ដោយបន្តពង្រឹងយន្តការ ដែលមានស្រាប់ ក្នុងផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់លើកទី១ ដើម្បីប្រើប្រាស់ជាយន្តការសម្រាប់អនុវត្តផែនការ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់លើកទី២ ឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ដោយប្រមូលផ្តុំយកចិត្តទុកដាក់លើការងារចម្បងៗ ជាអាទិភាពដូចជា៖

១) ត្រូវខិតខំធ្វើឲ្យប្រជាពលរដ្ឋ ទូទៅកាន់តែមានការយល់ដឹងថែមទៀត អំពីគ្រោះថ្នាក់ និងផលអវិជ្ជមានដែលកើតចេញពីគ្រឿងញៀន សំដៅកាត់បន្ថយបទល្មើសគ្រឿងញៀន ការពារសុខមាលភាពសង្គម ដោយត្រូវយកចិត្តទុកដាក់ផ្តោត ការអប់រំឲ្យចំគោលដៅ និងមុខសញ្ញាងាយរងគ្រោះ។

២) ជំរុញសកម្មភាពរៀបចំវេទិកាជួប ជាមួយវិស័យឯកជន និងសប្បុរសជន ជាពិសេសម្ចាស់ ឬអ្នកគ្រប់គ្រង អាជីវកម្មដែលងាយ កើតមានបទល្មើសគ្រឿងញៀន និងសិល្បៈករ សិល្បៈការនី បណ្តាញព័ត៌មាន អ្នកដឹកនាំសាសនា ព្រមទាំងអង្គការ សង្គមស៊ីវិល ឲ្យបានគ្រប់រាជធានី ខេត្ត រហូតដល់មូលដ្ឋាន សំដៅប្រមូលផ្តុំឲ្យមានការចូលរួម សហការគាំទ្រទាំងសកម្មភាព និងមូលនិធិ ក្នុងចលនាជាតិប្រយុទ្ធ ប្រឆំាងគ្រឿងញៀន។

៣) ពង្រឹងចំណាត់ការវិធានការរដ្ឋបាល និងការអនុវត្តវិធានការច្បាប់ ឲ្យបានហ្មឺងម៉ាត់ ចំពោះគោលដៅដែលងាយបង្កឬកើតមានការជួញដូរ និងប្រើប្រាស់គ្រឿងញៀន តាមរយៈការជំរុញឲ្យមានការ កំណត់ភូមិសាស្រ្ត និងគោលដៅអាទិភាពជាក់លាក់ ព្រមទាំងមានកម្មវិធីការងារសម្រាប់កិច្ចការ នេះច្បាស់លាស់ជាប្រចាំ។

៤) ជំរុញការរិះរកនីតិវិធីក្នុងការចាត់ចែងវត្ថុតាង និងទ្រព្យសម្បត្តិនានា ដែលត្រូវបានរឹបអូស និង​បង្កក ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន ឲ្យបានឆាប់រហ័ស ដើម្បីប្រសិទ្ធភាពក្នុងសកម្មភាព ប្រយុទ្ធប្រឆាំងគ្រឿងញៀន។

៥) ជំរុញការទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រឿងញៀន ជាពិសេសបន្តខិតខំទប់ស្កាត់ការនាំចូលពីក្រៅប្រទេស និងស្រាវជ្រាវបង្ក្រាបឲ្យបាន នូវបណ្តាញខ្សែរយៈឧក្រិដ្ឋជនជួញដូរគ្រឿងញៀនធំៗ ព្រមជាមួយនឹងការយកចិត្តទុកដាក់ក្នុងការ ថែបំប៉ន និងលើកកម្ពស់សមត្ថភាពមន្ត្រីអនុវត្តច្បាប់ លើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិ សំដៅធ្វើឲ្យប្រតិបត្តិការបង្រ្កាប គ្រឿងញៀនខុសច្បាប់ កាន់តែមានប្រសិទ្ធភាពខ្ពស់។

៦) ជំរុញឲ្យបានសម្រេច ការកសាងមជ្ឈមណ្ឌលស្តារនីតិសម្បទា និងបណ្តុះបណ្តាលវិជ្ជាជីវៈថ្នាក់ជាតិ និងមណ្ឌលបណ្តោះអាសន្នសម្រាប់​ព្យាបាល និងស្តារនីតិសម្បទាតាមរាជធានី ខេត្ត ដែលមានអំណោយផល ស្របជាមួយនឹងការលើកកម្ពស់​សមត្ថភាព គុណភាព និងពង្រីកសេវាព្យាបាលដោយផ្អែក លើសហគមន៍។

បន្ទាប់មក លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា ជាមូលដ្ឋានក្នុងការអនុវត្តការវិធានការទី២ ខាងលើ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានរៀបចំវេទិកានេះ ដើម្បីជួបជាមួយវិស័យឯកជន សំដៅប្រមូលផ្តុំឲ្យមានការចូលរួមសហការគាំទ្រ ទាំងសកម្មភាពក្នុងចលនាជាតិប្រយុទ្ធ​ប្រឆំាងគ្រឿងញៀន និងពង្រឹងការស្វែងយល់បន្ថែម និងផ្សព្វផ្សាយបន្ត ក្នុងការអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់ ក្រោមប្រធានបទ ស្តីពីប្រភេទគ្រឿងញៀន បញ្ហាគ្រឿងញៀន និងសារសម្រាប់អប់រំនិងបង្ការ គ្រឿងញៀន ក្នុងគោលបំណងរួមគ្នាកាត់បន្ថយ​ជាបណ្តើរៗ ទប់ស្កាត់ និងឈានទៅរកការលុបបំបាត់ វរាល់ការផលិត ការចែកចាយលក់ឬការចែកចាយប្រើប្រាស់ នូវគ្រឿងញៀនខុសច្បាប់ក្នុងវិស័យឧស្សាហកម្ម និងសិប្បកម្ម។

លោកទេសរដ្ឋមន្រ្តី សង្ឃឹម និងជឿជាក់ថា វេទិកា នឹងពិតជាមានសារសំខាន់ រួមចំណែកក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់នៅកម្ពុជា និយាយជារួម និងក្នុងវិស័យឧស្សាហកម្ម និងសិប្បកម្ម និយាយដោយឡែក៕