(កណ្តាល)៖ ភាពចម្រូងចម្រាស់នោះបានកើតឡើង ដោយសារមានអាជីវករខ្លះ ហាក់មានការជំទាស់នឹងអាជ្ញាធរ គ្រោងនឹងធ្វើដំបូលគ្របលើផ្លូវបេតុង ដែលអាជីវករយកធ្វើជាកន្លែងលក់ដូរ យ៉ាងអនាធិបតេយ្យ បើទោះបីអាជ្ញាធរ និងម្ចាស់វិនិយោគរៀបចំឲ្យពួកគាត់ ទៅលក់កន្លែងផ្សេង ក៏ពួកគាត់មិនព្រមទៅលក់ដែរ ដោយពួកគាត់លើកឡើងថា កន្លែងថ្មីនោះលក់មិនដាច់។
ការជំទាស់នោះ គឺបានធ្វើឡើងពីសំណាក់អាជីវករ និងប្រជាពលរដ្ឋដែលមានផ្ទះ នៅជាប់និងផ្លូវបេតុងខាងជើង និងខាងលិចផ្សារ។ អាជីវករ និងប្រជាពលរដ្ឋខ្លះ បានលើកឡើងថា ចំពោះការធ្វើដំបូលលើផ្លូវបេតុងនេះ វាជាតួនាទីរបស់ពួកគាត់ជាម្ចាស់ផ្ទះ ដែលបានជួលទីតាំងឲ្យអាជីវករលក់ដូរ។ ពួកគាត់ជួលឲ្យអាជីវករយកលុយ ហើយបែរជាស្នើសុំឲ្យ រដ្ឋធ្វើដំបូល វាដូចជាអយុត្តិធម៌ណាស់ សម្រាប់អាជ្ញាធរ។ ផ្ទុយទៅវិញ ចំពោះដំបូលនេះ បើអាជ្ញាធរមានវិធានការថា ដាច់ខាតត្រូវតែធ្វើតាមការស្នើសុំ របស់អាជីវករនោះ ពួកគាត់សុខចិត្តធ្វើដោយខ្លួនឯង តាមការបង្គាប់ពីអាជ្ញាធរថា ធ្វើឲ្យត្រូវតាមស្តង់ដាបែបណានោះ។ ចំណែកប្រជាពលរដ្ឋខ្លះទៀត ក៏បានលើកឡើងដែរថា បើធ្វើដំបូលការរស់នៅរបស់ពួកគាត់ មានការលំបាកខ្លាចមិនមានខ្យល់ធម្មជាតិ បក់ចូលដល់ក្នុងផ្ទះ។
ម្យ៉ាងទៀតពួកគាត់ មានការព្រួយបារម្ភខ្លាចនៅពេល ដែលអាជ្ញាធរធ្វើដំបូលហើយ ខ្លាចអាជីវករនាំគ្នាលក់ពេញផ្លូវ គ្មានផ្លូវចេញចូលផ្ទះ បើមានគ្រោះអគ្គីភ័យបានកើតឡើង ដោយចៃដន្យ គឺឡានទឹកមិនអាចចូល ទៅពន្លត់ភ្លើងបាន។ ប៉ុន្តែបើទោះបីមានជំទាស់យ៉ាងណាក៌ដោយ ក៏នៅមានអាជីវករ ដែលលក់នៅលើផ្លូវបេតុងនោះ នៅស្នើសុំយ៉ាងទទូច ឲ្យអាជ្ញាធរធ្វើដំបូលឲ្យខាងតែបាន។ ពួកគាត់ថា ការលក់ដូរសព្វថ្ងៃមានការលំបាក នៅពេលដែលថ្ងៃក្តៅខ្លាំង និង ពេលភ្លៀងខ្លាំង។ ប៉ុន្តែសព្វថ្ងៃបើទោះបីក្តៅ និង រងាយ៉ាងណាក៏ដោយ ក៏ពួកគាត់សុខចិត្តទ្រាំដែរ ព្រោះលក់នៅលើផ្លូវបេតុង លក់ដាច់ជាងលក់នៅក្នុងរោង ដែលគេធ្វើសម្រាប់ជួលឲ្យអាជីវករជួលលក់ នៅក្បែផ្សារយ៉ាងណាក្តី។
ពាក់ព័ន្ធនឹងភាពចម្រូងចម្រាស់នេះ លោក ជី គឹមហៃ អភិបាលរងស្រុកស្អាង និងជាប្រធានគណៈកម្មការផ្សារស្រុកស្អាង បានប្រាប់ Fresh News តាមទូរស័ព្ទ កាលពីល្ងាចថ្ងៃទី០១ ខែ តុលា ឆ្នាំ ២០១៧ ម្សិលមិញនេះថា លោកនឹងនាំយកដំណឹងនេះ ទៅរាយការណ៍ជូនលោកអភិបាលស្រុក ដើម្បីរាយការណ៍បន្តជូនលោកអភិបាល នៃគណៈអភិបាលខេត្តកណ្តាល ដើម្បីដោះស្រាយ។
ពាក់ព័ន្ធនឹងដំបូលផ្សារស្អាងខាងជើងនេះដែរ កន្លងមកទាំងបណ្តាញ សង្គមហ្វេសប៊ុក ទាំងសារព័ត៌មានក្នុងស្រុកមួយចំនួន តែងតែចុះផ្សាយវាយប្រហារ លើអាជ្ញាធរ និងម្ចាស់វិនិយោគផ្សារថា មិនបានគិតគូពីការលំបាករបស់អាជីវករ មិនធ្វើដំបូលតាមការស្នើសុំរបស់ពួកគាត់ ដោយពន្យាពេលការសាងសង់ ហើយសុខចិត្តទុកឲ្យប្រជាពលរដ្ឋ របស់ខ្លួនមានការលំបាកវេទនា លក់ដូរហាលភ្លៀងហាលខ្យល់ និងហាលពន្លឺថ្ងៃក្តៅ។
ប៉ុន្តែការលើកឡើង តាមបណ្តាញសង្គមហ្វេសប៊ុក និង សារព័ត៌មានបានចុះផ្សាយនោះ គឺមិនគ្រប់ជ្រុងជ្រោយទេ ដោយលើកយកតែភាគីស្នើសុំ តែមិនបានលើកយកភាគីខាងជំទាស់ និង ផលប៉ះពាល់ឡើយ។ ការលើកឡើង និងចុះផ្សាយបែបនេះ ធ្វើឲ្យប៉ះពាល់ដល់អាជ្ញាធរ និងម្ចាស់វិនិយោគយ៉ាងខ្លាំង ដែលកំពុងសិក្សាគម្រោង និង ផលប៉ះពាល់អ្វីខ្លះ ដល់ការរស់នៅ របស់ប្រជាពលរដ្ឋទូទៅ៕