(បន្ទាយមានជ័យ)៖​ នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០១៧នេះ ប្រជាពលរដ្ឋប្រមាណជា៥០នាក់ មកពី៦ភូមិ នៅក្រុងប៉ោយប៉ែត បាននាំគ្នាឈរតវ៉ាប្រឆាំងដាច់ខាត់ ជាមួយក្រុមហ៊ុន «ស្តារវិហ្កាស» ហៅផ្កាយ៥ បានសាងសង់អគារ និងស្ថាបនាផ្លូវបេតុងត្រង់ចំណុចផ្លូវចាស់របស់ប្រជាពលរដ្ឋធ្វើចរាចរណ៍ ប្រមាណជាង៣០ឆ្នាំ ហើយបែរជាក្រុមហ៊ុនបានរំលោភយកដីផ្លូវជាកម្មសិទ្ធិផ្ទាល់ខ្លួនរបស់ក្រុមហ៊ុន។

ប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានថ្លែងថា ផ្លូវនេះពីមុខជាផ្លូវដី និងមានការពិបាកបន្តិចពេលមានទឹកភ្លៀវ ហើយផ្លូវនេះជាផ្លូវពួកខ្ញុំតែងតែធ្វើចរាចរណ៍ ចេញចូលជាច្រើនឆ្នាំហើយ ពេលក្រុមហ៊ុនខាងលើបានស្ថាបនានូវ សំណង់អគារ និងផ្លូវបេតុង ពួកគាត់បានសម្តែងការសប្បាយចិត្តបែរស្ថាបនា មិនបានប៉ុន្មានផង ស្រាប់តែក្រុមហ៊ុនសាងសង់ទ្វារដែក និងធ្វើរបងដែកបិតតែម្តង។

ប្រជាពលរដ្ឋដដែល បានបន្តថា ក្រុមហ៊ុនបានសាងសង់ផ្លូវវាងផ្សេង ដែលមានចំណុចក្បែរគ្នា តែផ្លូវវាងនោះកោង ហើយជួបហានិភ័យ ករណីគ្រោះថ្នាក់ ចរាចរណ៍ជាប្រចាំដូច្នេះហើយ ពួកខ្ញុំបានសំណូមពរអោយក្រុមហ៊ុនខាងលើនេះ បើកផ្លូវដើមវិញមិនដូច្នេះពួកគាត់មិនសុខចិត្តឡើយ ដូច្នេះពួកខ្ញុំស្នើរសុំឲ្យអាជ្ញាធរមូលដ្ឋាន រាជរដ្ឋាភិបាល ជាពិសេសសម្តេចតេជោហ៊ុន សែន តែម្នាក់គត់តែងតែគិតគូរនូវសុខទុក្ខរបស់ពួកខ្ញុំ។

ជុំវិញការតវ៉ារបស់ប្រជាពលរដ្ឋខាងលើនេះ លោក ង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែត បានថ្លែងតាមទូរស័ព្ទប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តបន្ទាយមានជ័យ ឲ្យដឹងថា លោកបានសម្តែងនូវការមិនពេញចិត្ត ជាមួយប្រជាពលរដ្ឋដោយនាំគ្នាតវ៉ា ដោយខាងក្រុមហ៊ុនបានស្ថាបនានូវផ្លូវបេតុងហើយ ចុះហេតុអីបានជានាំ គ្នាធ្វើបែបនេះ ពីមុនផ្លូវនោះមានសភាពពិបាកខ្លាំងណាស់ តែយ៉ាងណាលោកនឹងព្យាយាមចចាជាមួយក្រុមហ៊ុនសិន។

លោក ប្រាក់ ប៉ូលី ប្រធានមន្ទីរគរូបនីយកម្ម និងសំណង ខេត្តបន្ទាយមានជ័យ បានថ្លែងថា ទីតាំងខាងលើនេះ ជាដីកម្មសិទ្ធក្រុមហ៊ុនស្របច្បាប់ តាំងពីបង្កបង្កើតស្រុកអូរជ្រៅ​មកម៉្លេះ ដូច្នេះហើយក្រុមហ៊ុនចង់បិតចង់បើកជាសិទ្ធិក្រុមហ៊ុនប៉ុណ្ណោះ។ តែយ៉ាងណាមិញភ្នាក់ងារ Fresh News មិនអាចសុំការបំភ្លឺជាមួយក្រុមហ៊ុនខាងលើនេះបានទេ៕