(សៀមរាប)៖ ក្រុមហ៊ុនជេស៊ី (ខេមបូឌា) អ៉ីនធើណេសិនណល អ៊ែរឡាញ បានបើកសម្ពោធជើងហោះហើរត្រង់ដំបូងរបស់ខ្លួន ពីក្រុងសៀមរាប ទៅកាន់ទីក្រុងហួយអាន ខេត្តជាំងអ៊ូ ប្រទេសចិន។

ការបើកជើងហោះហើរត្រង់ថ្មីនេះ ចាប់ផ្តើមពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៧ មានការចូលរួមពី លោកស្រី Huang Dong Yan ក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន «ជេស៊ីអ៊ែរឡាញ» រួមនឹងថ្នាក់ដឹកនាំក្រុមហ៊ុន និងបុគ្គលិកជាច្រើននាក់ទៀតផងដែរ។

លោក ជាវ​ គីរីរម្យ ប្រធានផ្នែកផលិតកម្ម របស់ក្រុមហ៊ុនអាកាសចរជេស៊ី អ៊ែរឡាញ បានថ្លែងបញ្ជាក់ថា «សម្រាប់ការបើកជើងហោះហើរត្រង់នេះ បង្ហាញពីការរីកចំរើនយ៉ាងឆាប់រហ័ស របស់ក្រុមហ៊ុន ជេស៊ី អ៊ែរឡាញ និងការនាំយកនូវភ្ញៀវទេសចរ ពីប្រទេសចិនមកកំសាន្តទីក្រុងអង្គរ ដែលជាបេតិកភ័ណ្ឌជាតិ និងរួមចំនែកលើកស្ទួយកំណើនទេសចរ នៅកម្ពុជាកាន់តែច្រើនជាងមុនទៅទៀត»។

លោកបន្ថែមថា ការហោះហើរត្រង់ពីក្រុងសៀមរាប ទៅកាន់ទីក្រុងហួយអាន មាន៣ជើងក្នុងមួយសប្តាហ៍ គឺថ្ងៃពុធ, សុក្រ និងថ្ងៃអាទិត្យ ហើយចាកចេញពីក្រុងសៀមរាប នៅវេលាម៉ោង៧៖០០ ទៅដល់ទីក្រុង១១៖៣០នាទី និងត្រលប់ពីទីក្រុងហួយអាននៅវេលាម៉ោង១២៖៣០នាទី មកដល់ទឹកដីក្រុងសៀមរាប នៅម៉ោង១៥៖០០នាទី ។

JC Airlines ជាក្រុមហ៊ុនអាកាសចរណ៍ថ្មីមួយផ្តល់ សេវាហោះហើរជាទីគាប់ចិត្ត ចំពោះអ្នកដំណើរ បានធ្វើប្រតិបត្តិការជើងហោះហើរ ក្នុងស្រុករបស់ខ្លួន រវាងទីក្រុងភ្នំពេញ និងទីក្រុងសៀមរាប ហើយពីទីក្រុងសៀមរាប ឆ្ពោះទៅក្រុងព្រះសីហនុ ចាប់តាំងពីថ្ងៃទី១៧ ខែមីនា២០១៧មកម្លេះ។

JC Airlines ក៏បានកំពុងធ្វើការហោះហើរជាអន្តរជាតិ ពីភ្នំពេញទៅកាន់ទីក្រុងតៃប៉ិ, ទីក្រុងកៅស៊ុង ប្រទេសតៃវ៉ាន់, ទៅកាន់ទីក្រុងបាងកក ប្រទេសថៃ, ក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

ក្នុងពេលដ៏ខ្លីខាងមុខនេះ ក្រុមហ៊ុនអាកាសចរ «ជេស៊ី អ៊ែរឡាញ» បានគ្រោងនឹងបើកការហោះហើរជាអន្តរជាតិបន្ថែមទៀតរវាង ទីក្រុងភ្នំពេញ ទៅកាន់ហុងកុង ដែលនឹងក្លាយជាផ្លូវហោះហើរថ្មីបន្ថែមទៀត ដើម្បីប្រែក្លាយអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ជាទីប្រជុំនៃជើងហោះហើររបស់អាស៊ាន។

ចក្ខុវិស័យនៃការពង្រីកវិសាលភាពជើងហោះហើរនេះ និងផែនការសកម្មភាពយ៉ាងច្បាស់លាស់របស់ក្រុមហ៊ុន អាចឲ្យមានការពង្រីកការហោះហើរ គឺក្នុងទិសដៅហោះហើរឆ្ពោះទៅកាន់ បណ្តាប្រទេសជាច្រើនដូចជា៖ កូរ៉េ ជប៉ុន និងបណ្តាខេត្តផ្សេងៗទៀត របស់ប្រទេសចិន ដែលជាទីក្រុងដែលមានតែមានសក្តានុពល ក្នុងនោះរួមមាន៖ ទីក្រុងតៃប៉ិ, សៀងហៃ, ក្វាងទុង, ស៊ិនជីង, ឈីងទូ, សានយ៉ា, ឆុងឆីង និងគួយ៉ាង ។

គួរបញ្ជាក់ថា នាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនជេស៊ី (ខេមបូឌា) អ៉ីនធើណេសិនណល អ៊ែរឡាញ មានយន្តហោះសរុបចំនួន៤គ្រឿង ហើយនិងមានគម្រោងបន្ថែមយន្តហោះជាច្រើនគ្រឿងទៀត សម្រាប់ធ្វើប្រតិបត្តិការ និងពង្រីកជើងហោះហើរបស់ខ្លួន ទៅកាន់ទិសដៅផ្សេងៗទៀតនានៅពេលខ្លីខាងមុខនេះ៕