(ភ្នំពេញ)៖ អភិបាលខណ្ឌឫស្សីកែវ លោក ជា ពិសី និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខណ្ឌ បានដឹកនាំលោកស្រី អាន ផល្លា ប្រធានអនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌប្ញស្សីកែវ ចុះសួរសុខទុក្ខ សំណេះសំណាល ដោយពាំនាំយកនូវសម្ភារ ក៏ដូចជាថវិកាផ្ទាល់ខ្លួន មកភ្ជាប់ចំណងដៃអនុស្សាវរីយ៍ លើកទឹកចិត្ត និងឧបត្ថម្ភគាំទ្រជូនចំពោះក្បាលម៉ាស៊ីន ជាសមាជិក សមាជិកា ក្រុមយុវជនទាំង៧សង្កាត់ និងសិស្សានុសិស្សប្រលងថ្នាក់ទី១២ ជាប់-ធ្លាក់ រួមជាមួយប្អូនៗកុមារា កុមារីសិស្សានុសិស្សតូចៗ ប្រមាណ៤០នាក់ នារសៀលថ្ងៃទី១ ខែតុលា ឆ្នាំ២០១៧ ស្ថិតក្នុងសាលាសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ក្នុងពិធីសួរសុខទុក្ខ សំណេះសំណាល និងលើកទឹកចិត្ត ក៏ដូចភ្ជាប់ចំណងដៃអនុស្សាវរីយ៍ជាមួយសមាជិក សមាជិកា នៃក្បាលក្រុមយុវជនសង្កាត់ទាំង៧ និងសិស្សានុសិស្សប្រលងជាប់ និងប្រលងធ្លាក់ថ្នាក់ទី១២ ហើយនិងប្អូនៗកុមារា កុមារីតូចៗ ប្រមាណ៤០នាក់ ខាងលើនេះ លោក ជា ពិសី និងលោកស្រី អាន ផល្លា បានចូលរួមឧបត្ថម្ភ ចំពោះសិស្សប្រលងជាប់ថ្នាក់ទី១២ ចំនួន៦នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ១០០០,០០០រៀល កាដូ១ និងអាវយុវជន១ និងសិស្សប្រលងធ្លាក់ថ្នាក់ទី១២ ចំនួន១២នាក់ ក្នុងម្នាក់ៗទទួលបាន
ថវិកា៥០,០០០រៀល កាដូ១ និងអាវយុវជន១។

ជាមួយគ្នានោះ លោក ជា ពិសី និងលោកស្រី អាន ផល្លា បានឧបត្ថម្ភដល់ប្រធាន-អនុប្រធានយុវជនសង្កាត់ទាំង៧ ចំនួន៣រូប ដោយក្នុងម្នាក់ៗទទួលបានថវិកា ៥០,០០០រៀលជារៀងរាល់ខែ និងសម្រាប់សិស្សានុសិស្សតូចៗ ចំនួន១០នាក់ ក្នុងម្នាក់ៗទទួលបានសំលៀកបំពាក់សិស្ស១សម្រាប់ កាតាបសិស្ស១ និងសម្ភារសិក្សា១ឈុត។

បន្ថែមពីនេះ លោក ជា ពិសី និងលោកស្រី អាន ផល្លា បានឧបត្ថម្ភយុវជនសង្កាត់ ដែលទើបចូលជាសមាជិកថ្មី ចំនួន១០នាក់ ក្នុងម្នាក់ៗទទួលបាន អាវយុវជន១ និងឆ្លៀតឱកាសជួបសួរសុខទុក្ខ និងឧបត្ថម្ភថវិកា ៨០,០០០០រៀល ជូនដល់ឪពុក លោក អ៊ឹម ដែត ដែលជាប្រធានយុវជនសង្កាត់គីឡូម៉ែត្រលេខ៦ ដោយចំណាយសរុបរួមជាថវិកា ៤,៤០០០,០០០រៀល៕