(សៀមរាប)៖ លោកស្រី គួយ ណាលីន ឃឹមប៊ុនសុង អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប និងសហការី នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧នេះ បានអញ្ជើញទទួលទេយ្យទាន ជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ពីព្រះធម្មធរគណ តង់ តន ព្រះចៅអធិការវត្តព្រះព្រហ្មរ័ត្ន និងពុទ្ធបរិស័ទ ចំណុះជើងវត្តព្រះព្រហ្មរ័ត្ន។
មានសង្ឃដីកានាឱកាសនោះ ព្រះធម្មធរគណ តង់ តន មានការគាំទ្រ និងមានទឹកព្រះទ័យរីករាយ ចូលរួមចំណែកជាមួយសកម្មភាពមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ក្នុងការជួយសង្គ្រោះ ក៏ដូចជាជួយសម្រាលទុក្ខលំបាក របស់ញោមញាតិទីទ័លក្រនៅគ្រប់ទីកន្លែង។
ជាមួយគ្នានោះ លោកស្រី គួយ ណាលីន ឃឹមប៊ុនសុង ក៏បានថ្លែងអំណរព្រះគុណ ចំពោះព្រះទ័យដ៏សប្បុរសធម៌របស់ ព្រះធម្មធរគណ តង់ តន និងព្រះសង្ឃគ្រប់ព្រះអង្គ ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត ព្រះព្រហ្មរ័ត្ន ក្នុងការយកព្រះទ័យទុកដាក់ប្រទាននូវទេយ្យទាន គ្រឿងឧបភោគបរិភោគ និងថវិកាផង គឺសបញ្ជាក់ពីព្រះទ័យដ៏មនុស្សធម៌ ចំពោះបងប្អូនប្រជាពលរដ្ឋ រងគ្រោះ និងងាយរងគ្រោះ។ ក្នុងកាយវិកាដ៏មនុស្សធម៌នេះ គឺជាការចូលរួមរបស់ព្រះសង្ឃ ក្នុងវិស័យអាណាចក្រ ជាមួយសកម្មភាពមនុស្សធម៌របស់ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន។
គ្រឿងឧបភោគបរិភោគទាំងនេះ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នឹងយកទៅប្រើប្រាស់ឲ្យចំគោលដៅមនុស្សធម៌ នៅពេលដែលប្រជាពលរដ្ឋ ទទួលរងនូវប្រធានសក្ត័ណាមួយ ដោយមិនប្រកាន់ ពូជសាសន៍ ពណ៌សម្បុរ និងនិន្នាការនយោបាយណាមួយឡើយ ស្របតាមគោលការណ៍គ្រឹះទាំង៧ប្រការ របស់ចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម។
ទេយ្យទានដែលបានទទួលមាន៖ អង្ករ៦០០គីឡូក្រាម, មី៥០កេស, ត្រីខ៥០យួរ, តែ៥០០កញ្ចប់, ប្រេងឆា៤ដបធំ, ទឹកបរិសុទ្ធ១០កេស, សាដកធំ២, ធុងជ័រ២, ទឹកដៅគោខាប់២កេស, ទឹកត្រី៧យួរ, ទឹកស៊ីអ៊ីវ១០យួរ, ទឹកក្រូច១២កេស និងថវិកា២លានរៀល៕