(សៀមរាប)៖ សម្ដេចចៅហ្វាងវាំង វរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំ នៅវេលាម៉ោង០៤ល្ងាចថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧នេះ អញ្ជើញផ្ដល់ភ្លើងបូជាសព លោកតាព្រឹទ្ធាចារ្យ វណ្ណ មូលីវណ្ណ ដែលជាស្ថាបត្យករដ៏ល្បាញល្បីរបស់កម្ពុជា។
ពិធីបូជាសពស្ថាបត្យករដ៏ល្បីរបស់កម្ពុជា ក៏មានការចូលរួមពី លោកស្រី ភឿង សកុណា រដ្ឋមន្ដ្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, លោក នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត, លោក ឃឹម ប៊ុនស៊ុង អភិបាលខេត្តសៀមរាប និងព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីរ-អង្គភាព កងកម្លាំងប្រដាប់អាវុធ ចូលរួមដង្ហែរសពទៅបូជានៅវត្តព្រះឥន្ទកោសីយ៍ផងដែរ។
សម្ដេចចៅហ្វាវាំង គង់ សំអុល បានថ្លែងថា មរណៈភាពរបស់លោកព្រឹទ្ធាចារ្យ វណ្ណ មូលីវណ្ណ គឺជាការបាត់បង់យ៉ាងធំធេង មិនត្រឹមតែចំពោះក្រុមគ្រួសារប៉ុណ្ណោះទេ តែជាការបាត់បង់បញ្ញវន្តដ៏សំខាន់ម្នាក់ ដែលជាទ្រទ្រង់វប្បធម៌ដ៏ល្បីល្បាញ និងជាវីរស្ថាបត្យករដ៏ឆ្នើមរបស់ជាតិខ្មែរមួយរូប ព្រមទាំងបានចូលរួមយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍន៍វិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងវប្បធម៌របស់ជាតិ។
សម្ដេចចៅហ្វាវាំង និងអ្នកចូលរួមទាំងអស់ សូមឧទ្ទិសបួងសួងគុណបុណ្យព្រះរតនត្រៃ វត្ថុសក្តិសិទ្ធិក្នុងលោក ទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា បារមីថែរក្សាទឹកដីអង្គរ សូមប្រោសប្រទាន សព្វសាធុការពរ ជូនដួងវិញ្ញាណក្ខន្ធរបស់លោក វណ្ណ មូលីវណ្ណ បានអញ្ជើញទៅកាន់សុគតិភព ជាឋានប្រកបដោយបរមសុខកុំបីឃ្លៀងឃ្លៀតឡើយ។
សូមបញ្ជាក់ថា ស្ថាបត្យករជើងចាស់ដ៏ល្បីល្បាញបំផុតរបស់ប្រទេសកម្ពុជា លោក វណ្ណ មូលីវណ្ណ បានទទួលមរណភាព នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ ក្នុងជន្មាយុ៩១ឆ្នាំ នៅផ្ទះរបស់លោកតាមបណ្ដោយដងស្ទឹងសៀមរាប ភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ដោយសារតែស្ថានភាពជំងឺកាន់តែធ្ងន់ធ្ងរ។
លោក វណ្ណ ម៉ូលីវណ្ណ គឺជាស្ថាបត្យករនាំមុខគេ និងបង្កើតស្នាដៃជាច្រើននៅក្នុងចលនាស្ថាបត្យកម្មខ្មែរថ្មីរបស់ប្រទេសកម្ពុជា។ លោក វណ្ណ ម៉ូលីវណ្ណ កើតក្នុងខេត្តកំពត នៅឆ្នាំ១៩២៦។ ក្នុងឆ្នាំ១៩៤៦ គាត់បានទទួលអាហារូបករណ៍ទៅសិក្សានៅប្រទេសបារាំង។
ស្នាដៃចំបងៗរបស់លោក វណ្ណ មូលីវណ្ណ រួមមាន៖ សាលសន្និសីទចតុមុខ, វិមានឯករាជ្យ, ពហុកីឡដ្ឋានជាតិអូឡាំពិក, សំណង់ «ផ្ទះ១០០» ដែលត្រូវបានសាងសង់ សម្រាប់បុគ្គលិកធនាគារជាតិកម្ពុជា ស្នាក់នៅ (១៩៦៥-១៩៦៧), វិមានរដ្ឋចំការមន, សាលមហោស្រពជាតិសុរាម្រឹត, អនុវិទ្យាល័យបណ្តុះបណ្តាលគ្រូបង្រៀន និងវិទ្យាស្ថានភាសាបរទេស ជាដើម៕