(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៧នេះ គណបក្សហ្វ៊ុនស៊ិនប៉ិចរបស់សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានចេញសេចក្ដីថ្លែងការណ៍ ដ៏ពិសេសមួយ ដោយគាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា ទៅលើទង្វើក្បត់ជាតិរបស់លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ និងប្រកាសតាមរយៈសេចក្តីថ្លែងការណ៍នេះអះអាងថា នឹងដាក់ពាក្យបណ្តឹងទៅកាន់តុលាការកំពូល ដើម្បីសុំឲ្យរំលាយគណបក្សសង្រ្គោះជាតិ ព្រោះតែអំពើក្បត់ជាតិ។

សេចក្ដីថ្លែងការណ៍របស់គណបក្សហ្វ៊ុនស៊ិនប៉ិច ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៧នេះ បានគូសបញ្ជាក់ថា «ដោយគោរពតាមស្មារតីនៃច្បាប់ស្ដីពី គណបក្សនយោបាយ និងវិសោធនកម្មបានចូលជាធរមានរួចហើយនោះ គណបក្សហ្វ៊ុនស៊ិនប៉ិច គាំទ្រវិធានការដែលរាជរដ្ឋាភិបាល បានចាត់ការ ចំពោះបទល្មើសដែលលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ បានប្រព្រឹត្ត។ បទល្មើសដែលឯកឧត្តម កឹម សុខា បានប្រព្រឹត្តនោះ គឺផ្ទុយពីស្មារតីមាត្រា៦ថ្មី និងមាត្រា៧»។

សេចក្ដីថ្លែងការណ៍បានគូសបញ្ជាក់ទៀតថា «បទល្មើសរបស់លោក កឹម សុខា មិនអាចកាត់ផ្ដាច់ពីគណបក្សសង្គ្រោះជាតិទាំងមូលបាននោះទេ ពីព្រោះសម្ដីសារភាព និងរៀបរាប់អំពីទង្វើក្បត់ជាតិ ឃុបឃិតជាមួយសហរដ្ឋអាមេរិកផ្ដួលរំលំរាជរដ្ឋាភិបាលកម្ពុជា គឺបានថ្លែងក្នុងនាមជាមេដឹកនាំរបស់គណបក្សសង្គ្រោះជាតិ។ ដូច្នេះគណបក្សហ្វ៊ុនស៊ិនប៉ិចសម្រេចនឹងដាក់ពាក្យបណ្តឹងទៅតុលាការកំពូលដើម្បីសុំឲ្យរំលាយគណបក្សសង្រ្គោះជាតិ ដោយយោងតាមច្បាប់ស្តីពីគណបក្សនយោបាយ»។

សូមជំរាបថា មិនមែនតែគណបក្សហ្វ៊ុនស៊ុនប៉ិចនោះទេ ដែលបានបង្ហាញជំហរសូមឲ្យរំលាយគណបក្សសង្គ្រោះជាតិចោល គណបក្សក្មេងខ្ចីនៅកម្ពុជា របស់លោក ពេជ្រ ស្រស់ គឺគណបក្សយុវជនកម្ពុជា ក៏នឹងដាក់ពាក្យប្ដឹងសុំរំលាយគណបក្សសង្គ្រោះជាតិផងដែរ៕