(សៀមរាប)៖ ក្នុងរយៈពេល៩ខែ ឆ្នាំ២០១៧នេះ ភ្ញៀវទេសចរអន្តរជាតិជិត២លាននាក់ បានទិញប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ទទួលបានចំណូលជាង៧៥លានដុល្លារ ដែលក្នុងនោះ ថវិកាជិត៣លានដុល្លារ ត្រូវបានផ្តល់ជូនមន្ទីរពេទ្យគន្ធបុប្ផា នេះបើតាមការបញ្ជាក់របស់គ្រឹះស្ថានអង្គរ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៧នេះ។

តាមសេចក្ដីប្រកាស​ព័ត៌មាន ដែលគ្រឹះស្ថានអង្គរ បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០១៧នេះ បានឲ្យដឹងថា រយៈពេល៩ខែ ដើមឆ្នាំ​២០១៧នេះ គឺមានភ្ញៀវទេសចរអន្តរជាតិចំនួន ១,៧៥៣,០១៣នាក់ បានទិញប័ណ្ណចូលទស្សនា រមណីយដ្ឋានអង្គរ ចាប់ពីខែមករា ដល់ ខែកញ្ញា បើធៀបនឹងរយ:ពេល៩ខែដូចគ្នា កាលពីឆ្នាំ២០១៦ គឺមានការកើនឡើង១២.១៤%។ ហើយដែលរកចំណូលសរុបបានចំនួន ៧៥,៦៩៩,៤៩៤ដុល្លារអាមេរិក​ មានការកើនឡើង៧០.៤៦℅ ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៦។

សម្រាប់ខែកញ្ញា ឆ្នាំ២០១៧ ភ្ញៀវទេសចរអន្តរជាតិ គឺមានចំនួន ១៤៤, ៨៤១នាក់ បានទិញប័ណ្ណចូលទស្សនារមណីយដ្ឋាន​អង្គរបើធៀបនឹងរយ:ពេលដូចគ្នា ខែកញ្ញា ឆ្នាំ២០១៦ គឺមានការកើនឡើង១១.៦៩% និងបានចំណូល៦,៤៦៧,០៨២ដុល្លារ មានការកើនឡើង៧៧.៦៥℅ ធៀបនឹងខែកញ្ញា ឆ្នាំ២០១៦កន្លងទៅ។

សម្រាប់ការអនុវត្តតម្លៃលក់ប័ណ្ណថ្មី ចូលទស្សនារមណីយដ្ឋានអង្គរ ដែលត្រូវបានចាប់អនុវត្តពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧។ សម្រាប់ការអនុវត្តតម្លៃលក់ប័ណ្ណថ្មីនេះ ក្នុងរយៈពេល៧ខែ (កុម្ភៈ ដល់សីហា) រាជរដ្ឋាភិបាលកម្ពុជា បានបដិភាគនូវចំណូលចំនួន២,៦៤២,២៦២ដុល្លារអាមេរិក ចូលមូលនិធិមន្ទីរពេទ្យគន្ធបុប្ផា សម្រាប់ការពិនិត្យ ព្យាបាល និងសង្រ្គោះអាយុជីវិតកុមារកម្ពុជា។ ការផ្ដល់ជូនថវិកានេះ ជាការឆ្លុះបញ្ចាំងឱ្យឃើញនូវការយកចិត្តទុកដាក់ និងការគិតគូរបន្ថែមទៀតរបស់រាជរដ្ឋាភិបាល ក្នុងការជួយសម្រួលនូវបញ្ហាហិរញ្ញវត្ថុ និងនិរន្តរភាពរបស់មន្ទីរពេទ្យគន្ធបុប្ផា។

ជាមួយគ្នានេះ ចាប់ពីខែមុន ពោលគឺ ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៧ គ្រឹះស្ថានអង្គរ បានដាក់ឱ្យដំណើរការប្រើប្រាស់ ប្រព័ន្ធស្វ័យប្រវត្តិសម្រាប់ការទិញប័ណ្ណ ចូលទស្សនារមណីយដ្ឋានអង្គរ ដោយម៉ាស៊ីនឆូតកាតដើម្បីមានភាពងាយស្រួល ដល់ប្រតិបត្តិករទេសចរ និងភ្ញៀវទេសចរអន្តរជាតិ ក្នុងការទិញប័ណ្ណ ចូលទស្សនារមណីយដ្ឋានអង្គរ៕