(ភ្នំពេញ)៖ អភិបាលខណ្ឌឫស្សីកែវ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជាខណ្ឌ លោក ជា ពិសី នៅតែបន្តប្រាប់ទៅកម្មករ-កម្មការិនីរោងចក្រ តាមបន្ទប់ជួលជាច្រើននាក់ កុំឲ្យបារម្មណ៍តទៀត ដោយចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨តទៅ ប្រាក់ខែគោលរបស់កម្មករ-កម្មការិនីទាំងអស់ និងត្រូវដំឡើងដល់ទៅជាង១៦០ដុល្លារ ក្នុង១ខែ និងបូករួមទាំងប្រាក់អថប្រយោជន៍ផ្សេងៗទៀតយ៉ាងច្រើន ពីព្រោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្រ ជួយដល់ជី​វភាពប្រចាំរបស់បងប្អូនកម្មករ។

ជាមួយគ្នានេះលោកអភិបាល បានលើកឡើងនូវយុទ្ធសាស្ត្រចុងខ្សែ៥ នៃចំណង២របស់ប្រមុខរាជរដ្ឋាភិបាលយ៉ាងដូច្នេះថា ទី១-សន្តិភាព ទី២-អភិវឌ្ឍន៍។ ដោយចុងខ្សែទី១-គឺរួមគ្នាថែរក្សាសន្តិភាព ស្ថេរភាពនយោបាយ ចុងខ្សែទី២-គឺរួមគ្នាថែរក្សាការងារដែលកំពុងមាន និងបង្កើតការងារថែមទៀត ដើម្បីកូនចៅរបស់យើង ចុងខ្សែទី៣-គឺបង្កើនចំណូល បន្ថយចំណាយ មិនយកពន្ធលើប្រាក់ឈ្នួល ក្រោម១លានរៀល និងយកចិត្តទុកដាក់កំណត់ថ្លៃឋាមពលអគ្គីសនី និងទឹក ចុងខ្សែទី៤-គឺខិតខំកសាងច្បាប់ ស្ដីពីប្រាក់ឈ្នួលអប្បរមាជូនកម្មករនិយជិត និយោជក ត្រូវទទួលបង់ប្រាក់របបថែរក្សា សុខភាព១០០% ចាប់ពីខែមករា ឆ្នាំ២០១៨តទៅ និងផ្ដល់ប្រាក់របបមាតុភាព១២០% រយៈពេល៣ខែ ហើយនិងខិតខំកសាងមន្ទីរពេទ្យបង្អែកនៅជិតរោងចក្រ សហគ្រាស និងបំពាក់សម្ភារបរិក្ខាគ្រប់គ្រាន់។

រោងចក្រសហគ្រាសនីមួយៗ ត្រូវគិតគូររៀបចំគិលានដ្ឋានផ្ទាល់ ដើម្បីពិនិត្យព្យាបាលជម្ងឺកម្មករនិយោជិត ចាប់តាំងពីខែសីហា ឆ្នាំ២០១៧នេះ។ រយៈពេល២ឆ្នាំ កម្មករនិយោជិត មានសិទ្ធិជិះឡានរដ្ឋ ដោយមិនចាំបាច់បង់ថ្លៃ ពិសេសចាប់ពីឆ្នាំ២០១៩ទៅ នឹងដាក់ឲ្យអនុវត្តរបបសោធននិវត្តន៍ កម្មករ និងយោជិត និងចុងខ្សែទី៥-គឺយកចិត្តទុកដាក់ចំពោះពលករ ចំណាកស្រុកធ្វើការនៅបរទេស។

លើសពីនេះលោក ជា ពិសី បានប្រាប់ទៅម្ចាស់ផ្ទះ ដែលមានបន្ទប់ជួលដាច់ខាត សូមកុំដំឡើងថ្លៃផ្ទះ ទឹក ភ្លើង ពិសេសសម្រាប់កម្មការិនី ដែលឆ្លងទន្លេ «សម្រាលបានកូន១» និងទទួលបានថវិកា៤០ម៉ឺនរៀល «សម្រាលកូនភ្លោះ២» និងទទួលបានថវិកា៨០ម៉ឺនរៀល «តែបើសម្រាលបានកូនភ្លោះ៣» និងទទួលបានថវិកា១លាន២០ម៉ឺនរៀល ពីសម្ដេចតេជោ ហ៊ុន សែន ពីព្រោះក្មេងៗទាំងនោះ ជាកូនរបស់សម្ដេច ហើយអាចសម្រាកបានរយៈពេល៣ខែ និងទទួលបានប្រាក់ខែដល់ទៅ១២០ភាគរយ សម្រាប់ទ្រទ្រង់សុខភាពប្រចាំថ្ងៃថែមទៀត។

ការផ្ដល់អនុសាសន៍របស់សម្ដេចតេជោ ត្រូវបានលលក ជា ពិសី លើកឡើងនៅក្នុងដំណើរដឹកនាំមន្ត្រី ជាសមាជិក សមាជិកា មកពីគណបក្សប្រជាជនកម្ពុជា ថ្នាក់ខណ្ឌ-សង្កាត់ជាច្រើននាក់ ដើម្បីចុះសួរសុខទុក្ខ សំណេះសំណាល និងពាំនាំយកនូវគ្រឿងឧបភោគ បរិភោគ មានជាមី ត្រីខ តែ ស្កសរ ទឹកត្រី ទឹកស៊ីវអ៊ីវ ទឹកក្រូច ទឹកសុទ្ធ ក្នុងម្នាក់ៗ១កញ្ចប់ធំ មកចែកជូនប្រជាពលរដ្ឋក្រីក្រ ជាកម្មករ-កម្មការិនីរោងចក្រ តាមបន្ទប់ជួលចំនួន១៧០គ្រួសារ នាថ្ងៃទី១ ខែតុលា ឆ្នាំ២០១៧ ស្ថិតក្នុងក្រុម១៤ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ក្នុងសកម្មភាពមនុស្សធម៌របស់ថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជា ខណ្ឌឫស្សីកែវខាងលើនេះដែរលោក ជា ពិសី បានថ្លែងថា សូមកម្មករ-កម្មការិនីទាំងអស់ ដាច់ខាត សូមកុំជឿតាមការបោកប្រាស់ ការញុះញង់របស់គណបក្សប្រឆាំង ដែលបានប្រើគោលនយោបាយ «កុំ៣» ដោយបានប្រាប់ទៅបរទេសថា កុំទី១-កុំផ្ដល់ជំនួយមកឲ្យកម្ពុជា កុំទី២-កុំមកវិនិយោគនៅកម្ពុជា និងកុំទី៣-កុំឲ្យទិញទំនិញពីកម្ពុជា ដែលជាគោលនយោបាយបដិវត្តន៌ពណ៌យ៉ាងពិតប្រាក ដោយខុសគ្នាពីគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រធាន បានដាក់ចេញឲ្យមាន «សុំ៣» ដោយសុំទី១-សុំឲ្យមានការវិនិយោគនៅកម្ពុជា សុំទី២-សុំឲ្យផ្ដល់ជំនួយមកឲ្យកម្ពុជា និងសុំទី៣-សុំឲ្យជួយទិញទំនិញពីកម្ពុជា។

លោក ជា ពិសី បានថ្លែងបន្តថា គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន តែងតែខ្វល់ខ្វាយ គិតគូរ ពីសុខទុក្ខ រាល់ការខ្វះខាតរបស់ ប្រជាពលរដ្ឋងាយរងគ្រោះគ្រប់រូប ពិសេសសម្ដេចតេជោ បានប្រើអស់កម្លាំងកាយចិត្ត ក្នុងការទាក់ទាញយកវិនិយោគទុន ពីក្រៅប្រទេស ចូលមកក្នុងប្រទេស បង្កើតបានជារោងចក្រ សហគ្រាសតូច-ធំ ដើម្បីឲ្យប្រជាពលរដ្ឋមានការងារធ្វើ និងមានប្រាក់ខែល្អប្រសើរ ហើយក៏មានការដំឡើងប្រាក់ខែជាបន្តបន្ទាប់ ដោយខុសគ្នា ពីគណបក្សសង្គ្រោះជាតិ ដែលចេះតែញុះញង់បោកប្រាស់ និងបានព្យាយាមប្រាប់ទៅបរទេស​ ឲ្យផ្ដាច់ជុំនួយពីកម្ពុជាទៅវិញ ដូច្នេះដាច់ខាត សូមប្រជាពលរដ្ឋ ជាកម្មករ កម្មការិនីទាំងអស់ កុំជឿតាមការ គណបក្សសង្គ្រោះជាតិ តទៅទៀត ពីព្រោះសព្វថ្ងៃយើងទទួលបាននូវសុខសន្តិភាព ពេញបរិបូរហើយ ទើបយើងមានការវិនិយោគ ហើយក៏មានការអភិវឌ្ឍន៍ឥតឈប់ឈរ លើគ្រប់វិស្ស័យដូចសព្វថ្ងៃបែបនេះបាន៕