(ភ្នំពេញ)៖ ជនសង្ស័យចំនួន២នាក់ ដែលបានកាប់ទៅលើបុរសជនជាតិជប៉ុនម្នាក់ ដើម្បីប្លន់យកលុយ និងសម្ភារ នៅខណ្ឌដូនពេញ កាលពីពាក់កណ្តាលខែកញ្ញា មកនោះ ត្រូវបានកម្លាំងនគរបាល ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលខណ្ឌដូនពេញ ធ្វើការស្រាវជ្រាវរហូតឈានទៅដល់ការចាប់ខ្លួនបានហើយ។
លោក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានបញ្ជាក់ថា ការចាប់ខ្លួនជនសង្ស័យទាំង២នាក់ បានធ្វើឡើងនៅចំណុច ផ្ទះសំណាក់ «ហេងហួរ» សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក បន្ទាប់ពីពួកគេបានកាប់ជនជាតិជប៉ុនប្លន់យកលុយ និងសម្ភារកាលពីយប់ថ្ងៃទី១៥ ខែកញ្ញា ស្ថិតនៅចំណុចកាំជណ្តើរឡើងជាន់ទី១ ប្លុកតាន់ប៉ា ផ្លូវលេខ១៥៤ កែងផ្លូវលេខ៤៩ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
លោក ប៊ុន សត្យា បានបញ្ជាក់ទៀតថា ជនសង្ស័យទាំង២នាក់ ទី១-ឈ្មោះ រ៉ុង រស្មី អាយុ២២ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ៣០៦អឺ៣ ផ្លូវលេខ៥១ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ
និងទី២-ឈ្មោះ ទក ពិសិដ្ឋ អាយុ២៤ឆ្នាំ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានការិយាល័យបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសុំណុំរឿងបញ្ជូនទៅតុលាការតាមនិតិវិធី៕